អស្ចារ្យ! ចាន់ រតនា ផ្ដួល Balart យក​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​លើ​សង្វៀន ONE

  • 2019-08-16 12:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា​​បាន​យក​ឈ្នះ​ពិន្ទុលើជើង​ខ្លាំង​សញ្ជាតិ​គុយបា Gustavo Balart មុន​នេះ​ក្នុងសង្វៀន​ធំលំដាប់​អន្តរជាតិ ONE Championship ដែល​រៀបចំ​នៅ​ប្រទេស​ថៃ។

កីឡាករ ចាន់ រតនា

អ្នក​ប្រដាល់កម្ពុជា ចាន់ រតនា​ និង​កីឡាករ​គុយបា​ Balart​ ប្រកួតជក់ចិត្តតែ​ម្ដង​ ពោល​បើក​ការ​វាយ​លុក​គ្នា​ភ្លាមៗ​មិន​ចាំស្ទាប់ស្ទង់អ្វី​ច្រើន​នោះទេ។​ កីឡាករ​មាឌល្អិតចិត្តធំ​ Balart ហាក់​ស្រេកឃ្លាន និង​ជ័យជម្នះលើ​ ចាន់ រតនា ខ្លាំងណាស់ ដោយ​ព្យាយាម​ដើរចូល​វ៉ៃខាវឆ្វេងស្ដាំមិន​ឈប់​នោះទេ បំណង់ចង់បញ្ចប់ការប្រកួតមុនចប់ទឹក។ អ្នកលេង​គុន​ខ្មែរ​ រតនា វិញ​ហាក់​បាន​ប្រុងប្រៀបរួចរាល់ និង​ត្រៀម​ស្នៀតជា​ស្រេច ពោល​បើ​ទោះជា​ដៃគូខំដើរបុក និង​ចាប់ផ្ដួលើកម្រាលក៏​ដោយ នៅតែអាចដោះស្រាយរួចដដែល។

ចាន់ រតនា និង Balart

ជើង​ខ្លាំង​របស់​កម្ពុជាខាង​លើ​ តែងតែ​ឆ្លៀតពេល​ដែល រើខ្លួនរួច​ពី​ការ​ចាប់​របស់​ Balart​ វិញនោះ​ គឺ​ដើរ​បុក​វ៉ៃយក​ពិន្ទុវិញ​ និង​ចង់​វ៉ៃ​ផ្ដាច់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​អី​ដឹង​កីឡាករ​គុយបា​ក្រោយ​ចាប់​រួច​គឺ​អស់​ស៊ុហ្វ​ហើយ។ កាន់​តែ​ល្អ​មើល​ទៅ​ទៀត​នោះ​ គឺ​ចុង​ទឹក​ទី៣​ Balart​ ប្រើ​កម្លាំង​ច្រើន​ពេល​នៅ​ទឹក​មុនៗ​នោះ​ ជា​ហេតុ​អស់​ស៊ុហ្វ​ស្ទើរ​តែ​ទប់​ខ្លួន​មិនរួច​ទៅ​ហើយ ខណៈ​ ចាន់ រតនា​ នៅ​កម្លាំង​ជាង​អាច​ទាត់​ និង​ម៉ាត់​យក​ពិន្ទុ​ងាយៗ។​ ចប់​ការ​ប្រកួត​ពេញ​៣ទឹក​ អាជ្ញាកណ្ដាល​ផ្ដល់​ពិន្ទុ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ ចាន់ រតនា​ ឈ្នះ​ពិន្ទុកីឡាករ​គុយបា​ Balart។​

កីឡាករ ចាន់ រតនា​

នេះ​គឺ​ជា​ការ​ឈ្នះ​លើក​ទី​៣​ ជាប់​គ្នា​របស់ ​រតនា ​ហើយ ដោយ​កាល​ពី​ពីរ​ប្រកួត​កន្លង​ទៅ​គេ​បាន​យក​ឈ្នះ​ឥណ្ឌូណេស៊ី​​ទាំង​ពីរ​រូប​គឺ Abrou Fernandes និង Rudy Agustian នៅ​ប្រទេស​​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ