ពី​ជិះ​ឡាន​ខូច​មិន​ស្វាង ឥឡូវ​នាយ គ្រឿន ឡើង​ស៊េរី​រថយន្ត​រាប់​ម៉ឺន​ដុល្លារ

  • 2020-02-20 02:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ គ្រឿន បាន​ផ្លាស់​ប្ដូរ​ជីវភាព​កាន់​តែ​ហ៊ឺហា​មួយ​កម្រិត​ទៀត​តាម​រយៈ​អាជីព​សិល្បៈ ក្នុង​នោះ​មិន​ត្រឹម​តែ​អាច​មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ឲ្យ​ក្រុម​គ្រួសារ​ជ្រក​កោន​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ មាន​ព័ត៌មាន​ថា នាយ​ក៏​បាន​ប្ដូរ​រថយន្ត​ចាស់​យក​រថយន្ត​ថ្មី​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ហើយ​ដែរ។

តារា​កំប្លែង​មក​ពី​ខេត្ត​ស្វាយរៀង បាន​ប្ដូរ​រថយន្ត​ចាស់​ម៉ាក​កាមេរី​បាឡែន ដែល​នាយ​បាន​ប្រើ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​សម្រួល​ដល់​ការងារ ដោយ​ហេតុ​ថា រថយន្ត​ចាស់​របស់​នាយ​នេះ ឧស្សាហ៍​ខូច​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពេល​ខ្លះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការងារ។ "រថយន្ត​ចាស់​នេះ និយាយ​ពី​ខូច​នោះ​គឺ​ខូច​ដល់​ហើយ​បង ខូច​នេះ ខូច​នោះ​មិន​ស្វាង អីចឹង​ហើយ​បាន​សម្រេច​ចិត្ត​ដូរ ព្រោះ​កុំ​ប៉ះពាល់​ដល់​ការងារ​គេ ព្រោះ​ពេល​ខ្លះ​ខូច​ចំ​ពេល​យើង​ទៅ​ថត​ទៅ​អី​ចឹង​ណា​បង!”។

នាយ គ្រឿន បាន​សម្រេច​ចិត្ត​លក់​រថយន្ត​ខាង​លើ បន្ទាប់​ពី​រួម​រស់​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ ក្នុង​តម្លៃ​មួយ​ដែល​នាយពុំ​បាន​បញ្ចេញ។ ដោយ​ឡែក​រថយន្ត​ក្រោយ គឺ​ម៉ាក Ford ស៊េរី​ឆ្នាំ ២០១៩ ទិញ​បាន​ប្រមាណ​កន្លះ​ឆ្នាំ​ហើយ ក្នុង​តម្លៃ​ជាង ៥ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ជា​មួយ​លុយ​សល់​ពី​ការ​លក់​ឡាន​ចាស់ និង​ថវិកាផ្ទាល់​ខ្លួន​ខ្លះ។

តារា​កំប្លែង​មក​ពី​ខេត្ត​ស្វាយរៀង​បញ្ជាក់​ថា លោក​មិន​មែន​ជា​មនុស្ស​សម្ភារ​និយម​អី​ទេ ប៉ុន្តែ​ការ​ដែល​ទិញ ទី​១​ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​ប្រកប​កិច្ច​ការងារ។ ដោយ​ឡែក​ហេតុផល​ទី២ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​ឯង​ក្រោយ​ពី​បាន​តស៊ូ​ក្នុង​សិល្បៈ​រយៈ​ពេល​ប្រមាណ​ជិត ១០​ឆ្នាំ។ និង​មួយ​ទៀត គឺ​ដើម្បី​ចៀស​ពី​ពាក្យ​ដំនៀល​មួយ​ចំនួន​មក​លើ​សិល្បករ ដែល​ថា ធ្វើ​ជា​អ្នក​សិល្បៈ​ច្រើន​ឆ្នាំ​ហើយ គ្មាន​ដល់​ទ្រព្យ​អ្វី​ដុំ​កំភួន​នោះ។

យ៉ាង​ណា​ក៏​ដោយ ប្អូន​ប្រុស​នាយ ពែកមី បញ្ជាក់​ថា រថយន្ត​ខាង​លើ​លោក​មិន​បាន​ទិញ​ដាច់​នោះ​ទេ គឺ​ទិញ​បង់​រំលស់ ប៉ុន្តែ​គ្រាន់​តែ​ថា លោក​បាន​បង់​ដើម​ច្រើន​ហើយ។ "អត់​ទិញ​ដាច់​ទេ គឹ​បង់​រំលួស​តើ​បង តែ​ខ្ញុំ​បង់​តិច​ទេ ព្រោះ​យើង​បាន​ឲ្យ​ដើម​គេ​ច្រើន​ហើយ នៅ​សល់​តែ​តិចតួច​ទេ"។ នាយ គ្រឿន ថ្លែង។

នាយ គ្រឿន មាន​ការ​ចាប់​ផ្ដើម​ជីវិត​នៅ​លើ​ដី​រាជធានី​ជា​កម្មករ​សំណង់​ជាមួយ​បង​ប្រុស គឺ​លោក ចែម ចាន់​តារា ហៅ​នាយ ពែក​មី។ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៩ ពួក​គេ​បាន​ប្រឡង​ជាប់​ក្នុង​កម្មវិធី  "មហា​កំប្លែង" របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន និង​បាន​ក្លាយ​ជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​នេះ​រហូត​មក។ នាយ​ក៏​បាន​វិវត្ត​ខ្លួន​ទៅ​ជា​តារា​ចម្រៀង សម្ដែង​ភាពយន្ត ព្រម​ទាំង​និពន្ធ និង​ដឹកនាំ​រឿង​ផង។ អាជីព​តារា​សម្ដែង នាយ​អាច​រក​បាន​ប្រមាណ ៤០០០​ដុល្លារ​សម្រាប់​រឿង​ដុំ​មួយ​រឿង។

ក្រៅ​ពី​នេះ នាយ​ក៏​អាច​រក​ចំណូល​បាន​មួយ​ផ្នែក​ទៀត​លើ​អាជីព​កាត់​សក់​មង្គលការ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផង។ នាយ​គ្រឿន​មិន​បាន​បង្ហើប​ពី​ចំណូល​ប្រចាំ​ខែ​ពី​ការងារ​សិល្បៈ​ទាំង​អស់​នេះ​ទេ។ ប៉ុន្តែ​ភស្តុតាង​ជាក់​ស្ដែង ដែល​ថា​នាយ​អាច​រក​បាន​រាប់​ពាន់​ក្នុង​១ខែ​ៗ​នោះ គឺ​ថា លោក​មិន​ត្រឹម​តែ​ប្ដូរ​ឡាន​ថ្មី​ទេ...ប៉ុន្តែ​មុន​នេះ នាយ​ក៏​បាន​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​សម្រាប់​ស្នាក់​នៅ​ផង​ដែរ ដែល​មាន​តម្លៃ​ជិត ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

បែប​នេះ​ក្ដី នាយ​បញ្ជាក់​ថា ទាំង​ផ្ទះ ទាំង​រថយន្ត គឺ​នាយ​ទិញ​បង់​រំលួស​ទេ គ្រាន់​តែ​រថយន្ត​នៅ​សល់​បន្តិចបន្តួច​ទេ ប៉ុន្តែ​ផ្ទះ​សល់​ច្រើន​ទៀត។ យ៉ាង​ណា​នាយ​ថា ក្រៅ​ពី​ផ្ទះ និង​ឡាន នាយ​ក៏​បាន​ទិញ​ដី​២-៣​កន្លែង​ទុក​សម្រាប់​អាស្រ័យ​ផង​ដែរ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​អាជីព​សិល្បៈ​ថមថយ ឬ​លែង​សូវ​មាន​ទីផ្សារ​នោះ៕

អត្ថបទ៖ ទារិកា