ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំនេះ ប្រើបច្ចេកទេសកាន់តែទំនើបជាងមុន
- 2015-12-08 22:54:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំនេះ ប្រើបច្ចេកទេសកាន់តែទំនើបជាងមុន
ចន្លោះមិនឃើញ
បច្ចេកទេសគ្រប់គ្រងការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្តលើកទី២០ ក្នុងឆ្នាំ២០១៥ ដែលទើបបញ្ចប់ទៅកាលពីថ្ងៃទី០៦ ខែធ្នូ កាន់តែទំនើបជាងឆ្នាំមុនៗ ធ្វើឲ្យលទ្ធផលមានភាពសុក្រឹតបំផុត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ក្រោយបញ្ចប់ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅមុខប្រាង្គប្រាសាទអង្គរវត្តថា ព្រឹត្តិការណ៍នេះមានប្រវត្តិតាំងពីរត់ស្បែកជើងធម្មតា រហូតដល់ប្រើបច្ចេកទេសកាន់តែទំនើបតាមប្រព័ន្ធព័ត៌មានវិទ្យា(IT)។ អ្នកចូលរួមមានការបំពាក់បន្ទះ Chip។ ពេលចេញដំណើរអាចជាន់ដឹងលេខរៀងនៅក្នុងកុំព្យូទ័រ ហើយពេលដល់ទីផ្ដាច់ព្រ័ត្រវិញ ក៏អាចដឹងតាមប្រព័ន្ធកុំព្យូទ័រ។
ដោយសារបច្ចេកទេសទំនើបទាំងនេះ ម្ចាស់ជយលាភីទាំងអស់សុទ្ធតែមានសមត្ថភាពពិតៗ គ្មានការខុសឆ្គងឡើយ។ ការវិវឌ្ឍន៍ថ្មីនេះកាន់តែធ្វើឲ្យអ្នកចូលរួមទុកចិត្តថា ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅតំបន់អង្គរ មានភាពត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។ ឯកឧត្ដម ថោង ខុន ក៏បានបញ្ជាក់ផងដែរថា ការរៀបចំដ៏ល្អបែបនេះនឹងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជាកាន់តែច្រើន តាមរយៈការផ្សព្វផ្សាយតៗគ្នា។
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តលើកទី២០ ក្នុងឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែធ្នូ មានអ្នកចូលរួមជាក់ស្ដែងរហូតដល់ទៅជាងមួយម៉ឺននាក់ គ្រប់ជាតិសាសន៍មកពី ៧៥ប្រទេសទូទាំងពិភពលោក។ ព្រឹត្តិការណ៍ដ៏ធំនេះបានចាប់ផ្ដើមឡើងដំបូងតាំងពីឆ្នាំ១៩៩៦ ដែលគិតមកដល់ឆ្នាំ២០១៥ គឺជាលើកទី២០ ហើយ៕
អត្ថបទ៖ គង់ វិសាល