មេរៀន​សង្ខេប និង​លំ​ហាត់​គំរូ​ថ្នាក់​ទី​១២ ជា​ច្រើន មាន​នៅ​វិបសាយ និង​ហ្វេសប៊ុក គ្រូ

  • 2016-07-29 18:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង កីឡា បាន​ចង​ក្រង និង​បង្ហោះ​មេរៀន​សង្ខេប លំហាត់​គំរូ សម្រាប់​មុខវិជ្ជា​សំខាន់ៗ​មួយ​ចំនួន លើ​វិបសាយ និង​ហ្វេសប៊ុក គ្រូ។ ឯកសារ​ទាំង​នេះ ត្រូវ​បាន​រៀបរៀង​ឡើង​ដើម្បី​ជា​ជំនួយ​ដល់​សិស្ស​ថ្នាក់ទី​១២ ដែល​កំពុង​ត្រៀម​ខ្លួន​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​២២ និង ២៣ សីហា ខាង​មុខ​នេះ។

 

 

លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា វិបសាយ​នេះ​ក្រសួង​បាន​បង្កើត​តាំង​ពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ តែ​ការ​បង្ហោះ​កម្រង​មេរៀន​សង្ខេប និង​លំហាត់​គំរូ បាន​ចាប់​ផ្ដើម​ដំបូង​ក្នុង​ឆ្នាំ​២០១៤ ហើយ​កាន់​តែ​លម្អិត និង​ខ្លឹម ក្នុង​ឆ្នាំ​២០១៦ នេះ។

 

លោក​ថា៖ "ឯកសារ​ទាំង​នេះ គឺ​ចងក្រង​ដោយ​សាស្ត្រាចារ្យ​ជំនាញ និង​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​លើ​មុខវិជ្ជា​នីមួយៗ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​មូលដ្ឋាន និង​សម្រួល​ដល់​ការ​សិក្សា​ត្រៀម​ខ្លួន​ប្រឡង​របស់​សិស្ស​ថ្នាក់​ទី​១២ ដែល​ចង់​រៀន​ធ្វើ​លំហាត់​ខ្លួន​ឯង ឬ​សិក្សា​ជា​ក្រុម"។

 

កម្រង​មេរៀន​ដែល​បាន​សង្ខេប និង​ចែកចាយ​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​កន្លង​មក រួម​មាន មុខវិជ្ជា​គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិ​សាស្ត្រ។ ទោះ​យ៉ាង​ណា ឯកសារ​ដែល​បង្ហោះ​ក្នុង​វិបសាយ និង​បណ្តាញ​សង្គម​ខាង​លើ គ្រាន់​តែ​ជា​ឯកសារ​ជំនួយ​ដល់​សិស្ស​ដែល​មាន​ឈ្មោះ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ប៉ុណ្ណោះ មិន​មែន​ជា​ឯកសារ​ពេញ​លេញ​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​ទី​១២ ទាំង​មូល​នោះ​ទេ។

 

សិស្ស​អាច​ចូល​មើល និង​ទាញ​យក​ឯកសារ​សម្រាប់​រៀន​ត្រៀម​ប្រឡង​បាក់​ឌុប​ឆ្នាំ២០១៦ ​នេះ ដោយ​ចូល​វិបសាយ http://krou.moeys.gov.kh ឬ​ហ្វេសប៊ុក Krou Cambodia

 

ចង់​បាន​វិញ្ញាសា​គណិតវិទ្យា​ថ្មី​បំផុត ដែល​ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ កក្កដា ២០១៦ សូម​ចុច​ទីនេះ http://krou.moeys.gov.kh/kh/article/item/1397-1397.html#.V5g-nxLFrwI

 

អត្ថបទ៖ លីដា

អត្ថបទថ្មី