១៧​ថ្ងៃ​ទៀត​ប្រលង​បាក់​ឌុប​ តែ​ផ្ទះ​សំណាក់​ចាប់​ផ្ដើម​ណែន​បណ្ដើរៗ

  • 2016-08-05 20:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​សំណាក់​នៅ​តាម​បណ្ដា​ខេត្ត​ចាប់​ផ្ដើម​មាន​​សិស្ស​ត្រៀម​ប្រលង​បាក់​ឌុប​កក់​បណ្ដើរ​ៗ​ពី​ពេល​នេះ​ទៅ​ហើយ បើ​ទោះ​ការ​ប្រលង​ធ្វើ​ឡើង​នៅ​ថ្ងៃ​២២ សីហា​ខាង​មុខ​ក្តី។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ផ្ទះ​សំណាក់​បាន​ប្រាប់ ​Sabay។

 

 

អ្នក​នាង ប្រា សុ​ឆា​វី​ ម្ចាស់​ផ្ទះ​សំណាក់​ចំប៉ី​ស​នៅ​ក្រុង​កែប​ ប្រាប់​ថា សិស្ស​មក​កក់​ជិត​ពេញ​ហើយ នៅ​សល់​តែ​ប៉ុន្មាន​បន្ទប់​ប៉ុណ្ណោះ។ ​ម្ចាស់​ផ្ទះ​សំណាក់​នៅ​ជិត​ជើងភ្នំ និង​ឧទ្យាន​ជាតិ​កែប​នេះ បន្ត​ថា មិន​ឡើង​ថ្លៃ​ទេ​​ចំពោះ​ការ​ប្រលង​បាក់​ឌុប​ខាង​មុខ​នេះ។ អ្នក​នាង​ថា ពេល​ខ្លះ​អាណិត​កូនសិស្ស​ទាំង​នោះ​ មានតែ​បញ្ចុះតម្លៃ​ទៀត​ក៏​មាន​។

 

មិន​ខុស​គ្នា​ប៉ុន្មាន ផ្ទះ​សំណាក់​ភូមិ​ឧទ្យាន​នៅ​សៀម​រាប ក៏​មាន​គេ​កក់​បណ្ដើរ​ៗ​ដែរ។ កញ្ញា ផា ជា​ម្ចាស់​ផ្ទះ​សំណាក់​នេះ​ប្រាប់​ថា ការ​ប្រលង​បាក់​ឌុប​គឺ​មិន​មាន​ឡើង​ថ្លៃ​ទេ ។​​

 

កន្លង​មក​តែង​មាន​ការ​រិះ​គន់​ថា​ ផ្ទះ​សំណាក់​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​តំ​ឡើង​ថ្លៃ​ដែល​ធ្វើ​ឲ្យ​សិស្ស​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការ​ប្រលង​របស់​ខ្លួន​។ ក្រៅ​ពី​នេះ សិស្ស​ខ្លះ​ពិបាក​ស្វែង​រក​ផ្ទះ​សម្រាប់​ស្នាក់​អាស្រ័យ​ដោយ​សារ​មណ្ឌល​ប្រលង​តម្រូវ​នៅ​តាម​បណ្ដា​ប្រ​ជុំ​ជន ហើយ​​ផ្ទះសំណាក់​ភាគច្រើន​ត្រូវ​បាន​គេ​កក់​អស់​ទៅហើយ។

 

 

ពាក់​ព័ន្ធ​នឹង​រឿង​នេះ លោក ហង់ ជួន​ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​អំពាវនាវ​សូម​កុំ​ឲ្យ​ផ្ទះ​សំណាក់​ឡើង​ថ្លៃ​អំឡុង​ការ​ប្រលង​បាក់​ឌុប។ សម្រាប់​សិស្ស​ដែល​មិន​ចង់​ចំណាយ​ច្រើន​ លោក​សូម​ឲ្យ​មាន​ការ​ស្នាក់​នៅ​ជាមួយ​ផ្ទះ​បង​ប្អូន ឬ​សាច់ញាតិ​ដែល​នៅ​ជិត​មណ្ឌល​ផង​ដែរ។​​​

 

ការ​ប្រលង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ ឆ្នាំ​២០១៦ រួម​មាន​បេក្ខជន​ប្រលង​សរុប​​ចំនួន ៩៣ ៧៥២ នាក់​ ដោយ​មាន​មណ្ឌល​ប្រលង​ចំនួន​ ១៥៧​​មណ្ឌល ចែក​ចេញ​ជា​ ៣ ៧៨១​បន្ទប់​ នៅ​រាជធានី ខេត្ត​ទាំង​​២៥ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕

 

 

សូមអាន៖   ក្រ​សួង​អប់​រំ​ ទម្លាយ​បែប​ផែន​វិញ្ញាសា​បាក់​ឌុប

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទពេញនិយម