ព្រះ​សង្ឃ​មួយ​អង្គ​សន្យា​ផ្ដល់ Laptop ១០​គ្រឿង ដល់​សិស្ស​បាក់​ឌុប​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ស្វាយរៀង

  • 2016-08-09 15:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​សង្ឃ​មួយ​អង្គ ព្រះ​នាម នី សុវណ្ណមុនីរ៉េត ដែល​កំពុង​គង់​នៅ​វត្ត​នាគវ័ន បាន​សន្យា​ថា​នឹង​ផ្ដល់ Laptop ម្នាក់​មួយ​គ្រឿង​ដល់​សិស្ស​បាក់ឌុប​​ទទួល​បាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ ១០នាក់​ក្នុង​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០១៦ នៅ​ខេត្ត​ស្វាយរៀង។

 

 

ព្រះ​អង្គ នី សុវណ្ណារ៉េត បាន​មាន​សង្ឃដីកា​ថា ដោយ​សារ​ព្រះ​អង្គ​មាន​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង ទើប​ចង់​ផ្ដល់​រង្វាន់​ឲ្យ​សិស្ស​ប្រលង​ថ្នាក់​ទី១២ នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ខិតខំ​រៀន​សូត្រ​បន្ត។ លើស​ពី​នេះ ព្រះ​អង្គ​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​ពួក​គេ​គ្មាន​កន្លែង​ស្នាក់​នៅ​ពេល​មក​រៀន​នៅ​ភ្នំពេញ ព្រះ​អង្គ​នឹង​ស្វះស្វែង​រក​កន្លែង​ស្នាក់​នៅ​ជូន​​ពួក​គេ។ ​​​​​ រង្វាន់​កុំព្យូទ័រ Laptopថ្មី​ទាំង ១០គ្រឿង គឺ​សម្រាប់​ផ្ដល់​ឲ្យ​​សិស្ស​ជាប់​បាក់ឌុប ដែល​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ​ទាំង ១០​នាក់​ក្នុង​ខេត្ត​ស្វាយរៀង ដោយ​មិន​គិត​ពី​និទ្ទេស​ឡើយ។ បន្ទាប់​ពី​ប្រកាស​លទ្ធផល ព្រះ​អង្គ នី សុវណ្ណារ៉េត នឹង​ទាក់ទង​ទៅ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ស្វាយរៀង ឬ​សិស្ស​ដែល​ដឹង​ថា​ខ្លួន​បាន​ទទួល​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ​​ក្នុង​ចំណោម ១០​នាក់ អាច​ទាក់​ទង​មក​កុដិលេខ២៤ វត្តនាគវ័ន រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់​ក៏​បាន។

 

ការ​ប្រលង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ ឆ្នាំ​២០១៦ នឹង​ប្រព្រឹត្ត​ទៅ ២​ថ្ងៃ គឺ​ថ្ងៃ​ទី ២២ និង ២៣​សីហា ដោយ​មាន​បេក្ខជន​ប្រលង​សរុប​​ចំនួន ៩៣ ៧៥២ នាក់។ ចំណែក​មណ្ឌល​ប្រលង​មាន​ចំនួន​ ១៥៧​​មណ្ឌល ចែក​ចេញ​ជា​ ៣ ៧៨១​បន្ទប់​ នៅ​រាជធានី ខេត្ត​ទាំង​​២៥ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕

 

 

អត្ថបទ៖ គង់ វិសាល