ហេតុផល​​ដែល​សិស្ស​តាម​ខេត្ត​មក​រៀន​គួរ​ត្រៀម​ប្រលង​បាក់​ឌុប​នៅ​ភ្នំពេញ

  • 2016-08-12 15:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រលង​បាក់​ឌុប​ទូ​ទាំង​ប្រទេស​កាន់​​​តែ​ខិត​ជិត​មក​ដល់ ជា​មួយ​គ្នា​នោះ សិស្ស​​​ថ្នាក់​ទី​១២​​ជា​ច្រើន​ក៏​កំពុង​សម្រុក​រៀន​គួរ​និង​ស្វ័យ​សិក្សា​​​តាំង​ពី​ព្រឹក​រហូត​ដល់​យប់ ដើម្បី​ត្រៀម​ខ្លួន​​យក​​​​និទ្ទេស​ល្អ​​​នៅ​ថ្ងៃ​សំខាន់​​​នោះ​​។ តាម​ការ​សាក​សួរ​​នៅ​​សាលា​ជ័យ​ថាវី សិស្ស​មក​ពី​ខេត្ត​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​ទៅ​រៀន​នៅ​ទី​នោះ​ គឺ​ដោយ​សារ​ទៅ​​តាម​មិត្តភ័ក្ដិ និង​​​​ចង់​រៀន​បទ​ពិសោធន៍​ពី​លោក​​គ្រូ​ អ្នក​គ្រូ​​បង្រៀន​នៅ​ភ្នំពេញ ហើយ​មួយ​ចំនួន​ទៀត​បាន​បញ្ជាក់​ថា​វិញ្ញាសារនៅ​ភ្នំពេញ​ស្រដៀង​ច្រើន​ទៅ​នឹង​វិញ្ញាសា​​ប្រលង​ច្រើន​។

 

 

​យុវជន ​ញឹម ស៊ីថុល​ សិស្ស​ទី​១២​ មក​ពី​​វិទ្យាល័យ​ ហ៊ុន សែន​ តាំង​​គោក ​ខេត្ត​ព្រៃ​វែង បាន​ឲ្យ​ដឹង​ថា រូប​គេ​​បាន​រៀន​គួរ​​ពី​សាលា​នៅ​ខេត្ត​​បាន​ច្រើន​រួច​ហើយ​​ និង​ឡើង​មក​រៀន​​​នៅ​​​ភ្នំពេញ​​ បាន​ជាង​១០​ថ្ងៃ​​​ ដោយ​​មក​រៀន​ផ្ដោត​សំខាន់​លើ មុខ​វិជ្ជា​ គណិត និង​រូប​វិទ្យា។ ចំពោះ​ហេតុ​ផល​ដែល​រូប​គេ​សម្រេច​ចិត្ត នៅ​សាលា​ជ័យ​​ថាវី យុវសិស្ស​រូប​នេះ​និយាយ​ថា​៖ "ខ្ញុំ​ឡើង​មក​រៀន​នៅ​ហ្នឹង ចង់​ដូរ​បទ​ពិសោធន៍ ចង់​មក​រៀន​​យក​ចំណេះ​ផ្សេង​ៗ​ទៀត​​ ព្រោះ​នៅ​ហ្នឹង​មាន​គ្រូ​ច្រើន "។

 

ងាក​ទៅ​ស្ដាប់ យុវតី គុជ រតនៈ មក​ពី​វិទ្យាល័យ ហ៊ុន​សែន ក្រគរ ខេត្ត​ពោធិ៍សាត់ កញ្ញា​បាន​ឲ្យ​ដឹង​ពី​ហេតុផល​ ដែល​ឡើង​មក​រៀន​នៅ​​សាលា​ជ័យ​ថាវី​ថា៖ "ខ្ញុំ​​ខ្សោយ​មុខ​វិជ្ជា​គណិត​ ហើយ​​ឮ​​តែ​​គេ​ល្បី​ថា នៅ​ជ័យ​ថាវី​ហ្នឹង​គេ​មាន​បើក​បង្រៀន​គួរ​គណិត​​ ​គ្រូ​ខ្លាំង​ខ្លាំង​​​ ទើប​ឡើង​មក​រៀន​ ២​ម៉ោង​ថែម ព្រោះ​ពិន្ទុ​វា​ច្រើន"។ កញ្ញា​ រតនៈ បាន​បន្ថែម​ថា ធ្លាប់​ល្បី​ពី​មុន​មក គឺ​វិញ្ញាសា​​ត្រៀម​នៅ​ភ្នំពេញ​​មាន​ថ្ម័ី​ៗ​ច្រើន ហើយ​ក៏​ស្រដៀង​នឹង​វិញ្ញាសា​ចេញ​ប្រលង​ដែរ ព្រោះ​គ្រូ​សុទ្ធតែ​​ធ្លាប់​មាន​បទពិសោធន៍​យូរ​ឆ្នាំ។

 

ចំណែក​យុវសិស្ស ព្រំ បុរិន មក​ពី​វិទ្យាល័យ សុខ​អាន សន្លុង​ខេត្ត​តាកែវ ដែល​បាន​ឡើង​មក​រៀន​នៅ​ភ្នំពេញ​បាន​រយៈ​ពេល​១០​ថ្ងៃ បាន​ឲ្យ​ដឹង​ថា រូប​​គេ​​​ទៅ​រៀន​នៅ​សាលា​ជ័យ​ថាវី ដោយ​ស្គាល់​តាម​រយៈ​​មិត្តភ័ក្ដិ។ យុវជន​រូប​នេះ​បាន​​និយាយ​​ថា៖ "មក​តាម​ពួក​ម៉ាក ។ ហើយ​រៀន​ទាំង​អស់​ គ្រប់​មុខ​វិជ្ជា​បង។... អត់​សូវ​ចេះ​មុខ​វិជ្ជា​គណិតវិទ្យា​ជាង​គេ ​"។

 

​​​​​​​​​​​​​​អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម