ស្ថានភាពរបួស គ្រូបង្វឹកឆ្កែដ៏ល្បី ធូរស្រាលបន្តិចហើយ ក្រោយព្យាបាលអស់យ៉ាងច្រើន
- 2018-09-15 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាពរបួស គ្រូបង្វឹកឆ្កែដ៏ល្បី ធូរស្រាលបន្តិចហើយ ក្រោយព្យាបាលអស់យ៉ាងច្រើន
ចន្លោះមិនឃើញ
លោក ហ៊ិន រតនា ជាគ្រូបង្វឹកឆ្កែ នៅកម្ពុជា ដែលបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ នៅពេលនេះ អាចនិយាយវិញបានហើយ ក្រោយរងគ្រោះថ្នាក់ចរាចរណ៍ កាលពីចុងខែ សីហា ឆ្នាំ២០១៨។ នេះបើតាមប្រភព១ ដែលបានទៅជួប គ្រូបង្វឹកឆ្កែល្បីឈ្មោះ ដល់បរទេស។
តាមរយៈហ្វេសប៊ុក របស់កញ្ញា សំ ថារ័ត្ន កីឡាការិនីប្រដាល់ឆ្នើមរបស់កម្ពុជា ដែលល្បីទាំងក្បាច់គុន និងថតខ្សែភាពយន្ត បានទៅដល់មន្ទីរពេទ្យ១ ដែលលោក ហ៊ិន រតនា កំពុងសម្រាកព្យាបាល ក្នុងទឹកដីប្រទេសថៃ។
កញ្ញា សំ ថារ័ត្ន បានសរសេរបន្តថា ភ្ញាក់ផ្អើលមែនទែន ពេលបានលឺសារជាសំឡេង ពីបងប្រុស ហ៊ិន រតនា ដែលអាចនិយាយវិញ។ គាត់ថាគាត់សប្បាយចិត្តណាស់ ដែលបានបន្តរស់រានមានជីវិតតទៀត ហើយគាត់សឹងតែមិនជឿថាគាត់បានធូរស្រាលដល់ប៉ុណ្ណេះ។ ប៉ុន្តែជំហានបន្ទាប់ គាត់ត្រូវតស៊ូ ប្រឹងរៀនឈរ និងរៀនដើរឡើងវិញ។ ស៊ូស៊ូបង!
សូមបញ្ជាក់ថា លោក ហ៊ិន រតនា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ បណ្ដាលឲ្យ បាក់ឆ្អឹងខ្នង បាក់ឆ្អឹងជំនី និងគ្រាំសួតធ្ងន់ធ្ងរ កាលពីថ្ងៃទី ២៥ ខែសីហា កន្លងទៅ បានចំណាយអស់ជាង ៧ម៉ឺនដុល្លារទៅហើយ ដោយរាប់តាំងពីព្យាបាលនៅពេទ្យក្នុងស្រុក និងថ្លៃដឹកជញ្ជូនតាមជើងយន្តហោះពិសេស និងការព្យាបាលសង្គ្រោះបន្ទាន់ បច្ចុប្បន្ន នៅក្នុងមន្ទីរពេទ្យ ប្រទេសថៃ។
លោក ហ៊ិន រតនា គឺជាគ្រូបង្វឹកឆ្កែតែម្នាក់គត់ ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមជាមួយអន្តរជាតិ និងធ្លាប់បង្ហាញមុខ តាមកម្មវិធីទូរទស្សន៍បរទេស National Geographic។ ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធបានសហការគ្នា បង្កើតមូលនិធិ១ ដែលមានឈ្មោះថា មូលនិធិជួយទ្រទ្រង់របួសជូន លោកគ្រូ ហ៊ិន រតនា ដើម្បីសម្រួលដល់ការចំណាយបន្ត នាពេលបច្ចុប្បន្ន ។