អុកស៊ីសែនក្នុងទន្លេជិត៨០%ទូទាំងពិភពលោកកំពុងថយចុះក្នុងរយៈពេល៤ទសវត្សរ៍
- 2026-09-21 02:30:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុកស៊ីសែនក្នុងទន្លេជិត៨០%ទូទាំងពិភពលោកកំពុងថយចុះក្នុងរយៈពេល៤ទសវត្សរ៍
ចន្លោះមិនឃើញ
ការវិភាគសកលថ្មីមួយបង្ហាញថា កម្រិតអុកស៊ីសែនរលាយនៅក្នុងទន្លេជិត ៨០% ទូទាំងពិភពលោក បានធ្លាក់ចុះក្នុងរយៈពេលប្រហែល៤ទសវត្សរ៍កន្លងមក ដែលបង្កការព្រួយបារម្ភចំពោះប្រព័ន្ធអេកូឡូស៊ីទឹកសាប និងជីវចម្រុះ។
អ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីតំបន់ទន្លេជាង ២១ ០០០កន្លែង ក្នុងអំឡុងឆ្នាំ១៩៨៥ ដល់២០២៣ ដោយរួមបញ្ចូលទិន្នន័យរូបភាពផ្កាយរណប កំណត់ត្រាអាកាសធាតុ និងបច្ចេកទេស Machine Learning។ លទ្ធផលបង្ហាញថា កម្រិតអុកស៊ីសែនបានថយចុះជាមធ្យម ០,០៤៥មិល្លីក្រាមក្នុងមួយលីត្រទឹក ក្នុងមួយទសវត្សរ៍ ហើយទន្លេប្រមាណ ៧៨,៨% មាននិន្នាការថយចុះយ៉ាងច្បាស់។
ការថយចុះខ្លាំងជាងគេត្រូវបានរកឃើញនៅក្នុងទន្លេតំបន់ត្រូពិច ជាពិសេស ប្រព័ន្ធទន្លេនៅឥណ្ឌា និងតំបន់អាងទន្លេអាម៉ាហ្សូន។ មូលហេតុសំខាន់មួយគឺ ការកើនឡើងសីតុណ្ហភាព។ ទឹកកាន់តែក្តៅ នឹងអាចរក្សាអុកស៊ីសែនបានតិចជាងមុនហើយបញ្ហានេះត្រូវគេជឿថាជាមូលហេតុធំមួយដែលធ្វើឲ្យមរិមាណអុកស៊ីសែនថយចុះដែលមានចំណែកប្រហែល៦៣%។ ការផ្លាស់ប្តូរនៃសកម្មភាពអេកូឡូស៊ីក្នុងទឹក និងរលកកម្ដៅ ក៏មានចំណែកផងដែរ។
អ្នកស្រាវជ្រាវព្រមានថា ការថយចុះអុកស៊ីសែនអាចគំរាមកំហែងដល់ ត្រី សត្វក្នុងទឹក និងជីវចម្រុះ ព្រមទាំងប៉ះពាល់ដល់មុខងារសំខាន់ៗរបស់ទន្លេ ដូចជាការបង្វិលសារធាតុចិញ្ចឹម និងការផ្តល់ជម្រកដល់សារពាង្គកាយក្នុងទឹក។
ការព្យាករណ៍ក៏បង្ហាញថា កម្រិតអុកស៊ីសែនអាចបន្តធ្លាក់ចុះក្នុងអំឡុងសតវត្សនេះ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅតែមានកម្រិតខ្ពស់ ដែលអាចបង្កើនហានិភ័យនៃស្ថានភាព ខ្វះអុកស៊ីសែនក្នុងទឹកនៅក្នុងប្រព័ន្ធទន្លេដែលងាយរងគ្រោះ។
ការរកឃើញនេះបង្ហាញថា ការឡើងកម្ដៅផែនដីកំពុងផ្លាស់ប្តូរលក្ខខណ្ឌមូលដ្ឋានរបស់ប្រព័ន្ធទឹកសាបដែលហូរ ហើយការផ្លាស់ប្តូរនេះអាចបន្តមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងសហគមន៍មនុស្សជាតិដែលពឹងផ្អែកលើទន្លេទាំងនេះ៕
ប្រភព៖ Science Acumen