របស់​ចាស់​មិន​ប្រាកដ​ថា​អន់! បើ​ចេះ​ក្បាច់​ទាំង​នេះ អាច​ថត​ល្អ​ជាង​របស់​ថ្មី​ផង

  • 2019-04-01 04:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របស់​ថ្មីៗ ទេសភាព​ស្អាតៗ មនុស្ស​ស្រី​ស្រស់ៗ តែង​តែ​ជា​ភាព​ទាក់​ទាញ​របស់​អ្នក​ថត​រូប តែ​តាម​ពិត​ទៅ​រឿង​នេះ​មិន​ប្រាកដ​គ្រប់​ពេល​នោះ​ទេ ព្រោះ​របស់​ទុក​ចោល​ជុំវិញ​ខ្លួន​អ្នក ឬ​វត្ថុ​ចាស់ៗ​ក៏​អាច​បង្កើត​ជា​រូបភាព​ទាក់​ទាញ​មួយ​សន្លឹក​បាន​ដែរ។

តែ​អ្វី​ដែល​សំខាន់​នោះ​សួរ​ថា ធ្វើ​បាន​ដូច​ម្ដេច?

ទី១៖ មើល​ឲ្យ​ជិត

របស់​ចាស់​ដែល​ទុក​ចោល បើ​គ្រាន់​តែ​មើល​មួយ​ក្លេត​ច្បាស់​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ទាក់​ទាញ ហើយ​ថែម​ទាំង​កខ្វក់​ទៀត​ផង។ អ៊ីចឹង​ត្រូវ​បំភ្លេច​ថា​វា​កខ្វក់​សិន រួច​មើល​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ អ្នក​នឹង​អាច​រក​ឃើញ​មុំ​ដ៏​ទាក់​ទាញ​មួយ​សម្រាប់​រូប​ថត​របស់​អ្នក។ កាន់​តែ​ឆាប់ អ្នក​ក៏​អាច​សាកល្បង​ថត​តែ​របស់​ចាស់ៗ​សុទ្ធ​ពេញ ១សប្ដាហ៍ អ្នក​នឹង​ចាប់​ផ្ដើម​ឃើញ​ពី​តម្លៃ។

ទី២៖ ប្ដូរ​ទីតាំង

ពេល​ខ្លះ​នៅ​ពេល​ដែល​អ្នក​ឃើញ​វា​ជា​រៀងរាល់​ថ្ងៃ ប្រាកដ​ជា​មិន​អាច​ឃើញ​ពី​ភាព​ល្អ ឬ​ប្លែក​របស់​វត្ថុ​មួយ​នោះ​ទេ ដូច្នេះ​ទៅ​មើល​កន្លែង​ផ្សេង​ម្ដង ដូចជា​ស្វែង​រក​អគារ​ចាស់ៗ ឡាន​ចាស់ ឬ​វត្ថុ​ផ្សេងៗ អ្នក​នឹង​មាន​អារម្មណ៍​ប្លែក​ពី​កន្លែង​ដែល​ឃើញ​រាល់​ថ្ងៃ បើ​ទោះ​ជា​វា​ស្រដៀង​គ្នា​ក៏​ដោយ។

ទី៣៖ ថត​ពី​ជ្រុង​ដែល​ល្អ​បំផុត

បើ​រក​ឃើញ​ថា​ផ្នែក​ណា​នៃ​វត្ថុ​ដែល​អ្នក​ចង់​ថត​ទាក់​ទាញ​គ្រប់​គ្រាន់​ហើយ​នោះ ជ្រុង​នៃ​ការ​ថត​ក៏​ត្រូវ​តែ​ល្អ​ដូច​គ្នា អាច​ពី​ក្រោម ពី​លើ​ជា​ដើម។ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ដែល​ត្រូវ​ដឹង​ថា​ចាប់​ប្លង់​ពី​ខាង​ណា តែ​បើ​អនុវត្ត​ឲ្យ​ច្រើន អ្នក​នឹង​ចាប់​ផ្ដើម​យល់​ដោយ​ខ្លួន​ឯង។

ទី៤៖ ភាគល្អិត​ដែល​ទាក់​ទាញ

របក​ថ្នាំ ប្រេះ ស្រាំ បាក់ បែក សុទ្ធ​តែ​ជា​កន្លែង​ដែល​ទាក់​ទាញ ហើយ​ពេល​ខ្លះ​វា​ក៏​អាច​ចេញ​ជា​រូបរាង​អ្វី​មួយ​បន្ថែម​ពី​លើ​របស់​ចាស់​ទាំង​នោះ ដែល​នេះ​សុទ្ធ​តែ​អាច​ឲ្យ​អ្នក​ប្រើ​ភាព​ច្នៃ​ប្រឌិត​បន្ថែម​លើ​រូប​មួយ​សន្លឹក​នោះ។

ទី៥៖ Edit

ជៀស​មិន​ផុត​ទេ​ដែល​អ្នក​ត្រូវ​កែ​រូប​បន្តិច​បន្តួច​ដើម្បី​ភាព​ទាក់​ទាញ។ ឧទាហរណ៍​ថា ប្លង់​ទាក់​ទាញ រូប​ក៏​ទាក់​ទាញ តែ​អ្វី​ដែល​មិន​ល្អ​គឺ​ពណ៌​នៅ​លើ​វត្ថុ ដែល​មិន​សូវ​ស្រឡះ ឬ​ទាក់​ភ្នែក​សោះ។ ចំណុច​នេះ​អ្នក​អាច​កែ​ពណ៌​បន្ថែម ឬ​ក៏​អាច​ប្រែ​ទៅ​ជា​ពណ៌​ស​ខ្មៅ​ក៏​ថា​បាន៕

អត្ថបទ៖ វិទូ