កំណាយព្រែកជីក​បុរាណ​មួយ​នៅសៀមរាប បានរកឃើញ កុលាលភាជន៍ ​ដែលផលិត​នៅដើមសម័យអង្គរ

  • 2024-05-10 08:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំ២០២៤នេះ ក្រុមស្រាវជ្រាវបានបន្តធ្វើកំណាយនៅព្រែក​ស្រមោច ស្ថិតក្នុង​ភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងបំណងស្វែងយល់បន្ថែម ពីព្រែក​ជីក​បុរាណមួយនេះ និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ។ ក្នុងពេលធ្វើកំណាយនេះ គឺបានរកឃើញឃើញ កុលាលភាជន៍ខ្លះៗដូចជាកុលាលភាជផុយ ភាជន៍មានលាបទឹកថ្នាំពណ៌ក្រហម (Red slip) ជាភាជន៍ផលិតនៅចុងសម័យមុនអង្គរ ឬដើមសម័យអង្គរ។

ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួនយល់ថាព្រែកស្រមោចដែលជា ព្រែកជីកបុរាណមានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះហេតុអ្វីក៏ទទឹងធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិតនៅលើភ្នំគូលែន ចុះមកទន្លេសាប? ឬមួយមាន តួនាទីជាផ្លូវដឹកថ្មពីអូរថ្មដាប់ដែលជាកន្លែងដាប់ យកថ្មទៅកសាង ប្រាសាទនៅ អង្គរ? ចម្ងល់ទាំងនេះហើយដែលក្រុមស្រាវជ្រាវត្រូវធ្វើការស្វែងយល់ថា តើព្រែក ជីកបុរាណ នេះមានប្រភពពីណាទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ?

ក្រុមស្រាវជ្រាវបានប្រើប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។

ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះលាតសន្ធឹងមិនដល់ភ្នំគូលែនទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។

ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាប ច្រាលចូលក្នុងព្រែក។

គេ​ពុំដឹងថាព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ក្រោយមកប្រហែលជាព្រែកជីកនេះមានដំណើរការ រអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។ អ្នកស្រុក រស់នៅតាមទំនប់ព្រែក ជីក មួយចំនួននៅ ចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះជាផ្លូវទឹកបុរាណមួយដែលមានសំពៅ ចរាចរ ចុះឡើងចន្លោះ ពីទន្លេសាបទៅដល់ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្មទៅសាងសង់ប្រាសាទ នៅអង្គរដែរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទពេញនិយម