មកស្គាល់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅកម្ពុជា ក្នុងនោះមានស្ពាន១ កំពុងសាងសង់សម្រេចបានពាក់កណ្តាល
- 2024-05-08 02:56:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅកម្ពុជា ក្នុងនោះមានស្ពាន១ កំពុងសាងសង់សម្រេចបានពាក់កណ្តាល
ចន្លោះមិនឃើញ
គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ៦ ក្នុងនោះ មានស្ពាន១កំពុងសាងសង់ក្នុងខេត្តក្រចេះដែលសម្រេចបានជិតពាក់កណ្តាលហើយ។
១. ស្ពានមេគង្គ មានទីតាំងស្ថិតនៅខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងស្ទឹងត្រែងឆ្លងទៅកាន់ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១៧៣១ ម៉ែត្រ និងទទឹង ១៣,៤០ ម៉ែត្រ។
២. ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ កំពុងសាងសង់សម្រេចបាន ៤៩,១៨% គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ ដែលមានប្រវែង ១៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុបជាង ៣៣គីឡូម៉ែត្រ។
៣. ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ភ្ជាប់គ្នារវាងខេត្តកំពង់ចាម និងត្បូងឃ្មុំ មានប្រវែង ១១៣១ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។
៤. ស្ពានគីហ្សូណា ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទស្ពានបេតុង មានប្រវែង ១៥០០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។
៥. ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីស្រុកមុខកំពូល ទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១០៦៦ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ។
៦. ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ឆ្លងកាត់ទន្លេមេគង្គក្រោម ភ្ជាប់ពីស្រុកលើកដែក ខេត្តកណ្ដាល ឆ្លងទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាប មានប្រវែង ២២១៥ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ៕