អង្គការក្រៅរដ្ឋាភិបាលហុងកុង ជី អិច ហ្វោនដេសិន ចុះហត្ថលេខា MOU ជាមួយ CAIC ដើម្បីគាំទ្រការការពារជំងឺគ្រុនឈាម និងជំងឺឆ្លងបង្កដោយវ៉ិចទ័រផ្សេងៗ
- 2025-10-23 05:09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការក្រៅរដ្ឋាភិបាលហុងកុង ជី អិច ហ្វោនដេសិន ចុះហត្ថលេខា MOU ជាមួយ CAIC ដើម្បីគាំទ្រការការពារជំងឺគ្រុនឈាម និងជំងឺឆ្លងបង្កដោយវ៉ិចទ័រផ្សេងៗ
ចន្លោះមិនឃើញ
អង្គការក្រៅរដ្ឋាភិបាលហុងកុង «ជី អិច ហ្វោនដេសិន» (GX Foundation) ដែលជាមូលនិធិមានមូលដ្ឋាននៅហុងកុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងការពារសុខភាពប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺឆ្លងបង្កដោយវ៉ិចទ័រផ្សេងៗទៀតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ភាពជាដៃគូនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង CAIC លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងប្រធានក្រុមប្រឹក្សាភិបាល ជី អិច ហ្វោនដេសិន និងជាអតីតនាយកប្រតិបត្តិហុងកុង Leung Chun Ying ។
ក្រោមអនុស្សរណៈយោគយល់គ្នានេះ មូលនិធិនឹងផ្តល់មុង ក្រដាសអន្ទាក់រុយ និងសម្ភារៈផ្សព្វផ្សាយសុខភាពដូចជា ខិត្តប័ណ្ណ ផ្ទាំងរូបភាព និងផ្ទាំងប៉ាណូ ដើម្បីបង្កើនការយល់ដឹងដល់អ្នកដំណើរ និងបុគ្គលិកអាកាសយានដ្ឋានអំពីការបង្ការជំងឺគ្រុនឈាម។ គម្រោងនេះនឹងត្រូវបានអនុវត្តជាដំណាក់កាល ដោយចាប់ផ្តើមពីអាកាសយានដ្ឋាន និងកន្លែងចតរថយន្ត ដែលការបង្ហាញការយល់ដឹង និងសម្ភារៈនឹងត្រូវបានសម្របសម្រួលរួមគ្នារវាង GX Foundation និង CAIC ។
គម្រោងនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសុខភាពសាធារណៈ តាមរយៈគំនិតផ្តួចផ្តើមការបង្ការ និងការយល់ដឹង។ អាកាសយានដ្ឋានអន្តរជាតិតេជោកំពុងស្វាគមន៍គ្លីនិក អ៊ីនធ័រឃែរ អ៊ិចប្រេស (Intercare Express) ដើម្បីផ្តល់សេវាថែទាំសុខភាព និងការប្រឹក្សាទូទៅដល់អ្នកដំណើរ និងបុគ្គលិក។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC និង CAIC មានប្រសាសន៍ថា «ការថែទាំអ្នកដំណើរគឺជាអាទិភាពសំខាន់មួយរបស់យើង ហើយភាពជាដៃគូជាមួយមូលនិធិ GX Foundation ជួយពង្រឹងចំណុចសំខាន់មួយនេះ។»
បង្កើតឡើងក្នុងឆ្នាំ ២០១៨ មូលនិធិ GX Foundation គឺជាអង្គការមនុស្សធម៌ដែលបានចុះបញ្ជីនៅហុងកុងដែលផ្តល់គម្រោងជំនួយផ្នែកវេជ្ជសាស្រ្តនៅទូទាំងអាស៊ី និងអាហ្វ្រិក។ គម្រោងរបស់មូលនិធិ «ការការពារសុខភាពប្រឆាំងនឹងជំងឺគ្រុនឈាម» ពង្រឹងនូវបេសកកម្មមួយនេះដោយបំពាក់គ្រឿងបរិក្ខារដល់មណ្ឌលសុខភាព និងសហគមន៍ជាមួយនឹងឧបករណ៍ការពារជាក់ស្តែង ជាមួយនិងធនធានសម្រាប់វិនិច្ឆ័យ។
មកទល់បច្ចុប្បន្ន មូលនិធិបានចែកចង្កៀងមូសជាង ៣០០ មុងចំនួន ៤០០ អន្ទាក់រុយចំនួន ២៨០០០ ឧបករណ៍ធ្វើតេស្តគ្រុនឈាមចំនួន ៨០០០ និងសម្ភារៈសិក្សាចំនួន ១២០០០ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះពង្រឹង៖
ការគ្រប់គ្រងវ៉ិចទ័រជាមុនតាមរយៈចង្កៀងមូស អន្ទាក់ និងសំណាញ់ដែលកាត់បន្ថយចំនួនវ៉ិចទ័រនៅក្នុងតំបន់ដែលងាយនឹងកើនឡើង។
ការគាំទ្រផ្នែករោគវិនិច្ឆ័យ ដោយការផ្តល់នូវឧបករណ៍ធ្វើតេស្តរហ័ស ដែលអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណករណីបឋម និងការឆ្លើយតបផ្នែកវេជ្ជសាស្ត្រទាន់ពេលវេលា។
នៅកម្ពុជា មូលនិធិនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីលុបបំបាត់ជំងឺភ្នែកឡើងបាយក្នុងខេត្តព្រៃវែង ដែលជួយព្យាបាលជំងឺភ្នែកឡើងបាយក្នុងខេត្តព្រៃវែងនៅឆ្នាំ ២០២៤ ហើយចាប់តាំងពីពេលនោះមកបានពង្រីកមូលនិធិខ្លួនដល់ខេត្តកំពង់ស្ពឺ។
ជាមួយនឹងភាពជាដៃគូនេះ CAIC និង មូលនិធិ GX Foundation បានប្តេជ្ញាចិត្តក្នុងការជំរុញការការពារសុខភាព និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈកិច្ចសហការ។