សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ខេមតិច រៀបចំពិធីប្រគល់សញ្ញាបត្រលើកដំបូង
- 2025-12-24 03:57:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ខេមតិច រៀបចំពិធីប្រគល់សញ្ញាបត្រលើកដំបូង
ចន្លោះមិនឃើញ
សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) បានប្រារព្ធពិធីដ៏សំខាន់មួយនៅថ្ងៃទី១៧ ខែធ្នូ ជាមួយនឹងពិធីប្រគល់សញ្ញាបត្រលើកដំបូងសម្រាប់ក្រុមនិស្សិតជំនាន់ដំបូងរបស់ខ្លួន។ ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីតំណាងវិស័យឯកជន រួមមាន វេជ្ជបណ្ឌិត លឹម លីណា អនុប្រធាន ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និងក្រុមហ៊ុន វិនិយោគអាណិកជនកម្ពុជា (OCIC) និងលោក កាំង ឡេង នាយកប្រតិបត្តិក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI Group)។
តួនាទីនៃសាកលវិទ្យាល័យ ខេមតិច ក្នុងការជំរុញការអប់រំកម្រិតឧត្តមសិក្សាដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
បណ្ឌិត ឃៀង សុធី ប្រធានស្ថាបនិកនៃ សាកលវិទ្យាល័យ ខេមតិច បានមានប្រសាសន៍ថា «ពិធីបញ្ចប់ការសិក្សាលើកដំបូងរបស់យើងឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់និស្សិតរបស់យើង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅពីក្រោយការកសាងសាកលវិទ្យាល័យនេះ។ និស្សិតបញ្ចប់ការសិក្សារបស់យើងត្រូវបានបំពាក់ដោយមូលដ្ឋានគ្រឹះបច្ចេកទេសដ៏រឹងមាំ និងការយល់ដឹងអន្តរវប្បធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមជាតិ និងសកលលោក។»
សាកលវិទ្យាល័យ ខេមតិច ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨ គឺជាគំនិតផ្តួចផ្តើមអប់រំកម្រិតឧត្តមសិក្សា ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត មនុស្សយន្ត វិស្វកម្ម និងមុខវិជ្ជាអនុវត្ត ដែលគាំទ្រដល់តម្រូវការកើនឡើងរបស់ប្រទេសកម្ពុជាសម្រាប់ធនធានមនុស្សដែលមានជំនាញ។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដោយប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ដើម្បីពង្រឹងជំនាញលើផ្អែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្របតាមកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍទូលំទូលាយរបស់ប្រទេសកម្ពុជា។
សាកលវិទ្យាល័យ ខេមតិច ផ្តល់ជូននូវការសិក្សាពេញលេញ រួមមានកម្មវិធីបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត រួមជាមួយនឹងកម្មវិធីប្រតិបត្តិដែលត្រូវបានរចនាឡើងសម្រាប់អ្នកជំនាញដែលកំពុងធ្វើការ និងអ្នកដឹកនាំក្នុងវិស័យអ្វីមួយ។
ដំណើរការជាស្ថាប័នឯកជន មិនស្វែងរកប្រាក់ចំណេញ សាកលវិទ្យាល័យ ខេមតិច ផ្តោតលើការរៀនសូត្រជាក់ស្តែងដែលបង្កើតឡើងដោយតម្រូវការឧស្សាហកម្មពិតប្រាកដ ដោយធានាថានិស្សិតបញ្ចប់ការសិក្សាត្រូវបានរៀបចំសម្រាប់វិស័យដែលកំពុងរីកចម្រើននៅក្នុងសេដ្ឋកិច្ច និងបច្ចេកវិទ្យាបច្ចុប្បន្នដែលកំពុងផ្លាស់ប្តូរ។
ការអប់រំក្នុងអត្ថន័យនៃការប្តេជ្ញាចិត្តរយៈពេលវែង
សាកលវិទ្យាល័យ ខេមតិច បង្កើតឡើងជាផ្នែកមួយនៃការចូលរួមរយៈពេលវែងរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី ក្នុងវិស័យអប់រំ ដែលត្រូវបានបង្កើតឡើងជាងមួយទសវត្សរ៍ តាមរយៈការបើកដំណើរសាលាអន្តរជាតិកាណាដា ភ្នំពេញ (CIS) នៅទីក្រុងកោះពេជ្រកាលពីឆ្នាំ ២០១២។ គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចាំងពីវិធីសាស្រ្តជាប់លាប់ក្នុងការកសាងធនធានមនុស្ស ចាប់ពីការអប់រំថ្នាក់បឋម និងមធ្យមសិក្សា រហូតដល់ការអប់រំឧត្តមសិក្សាដែលផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាស្វាគមន៍ វេជ្ជបណ្ឌិត លីម លីណា បានលើកទឹកចិត្តនិស្សិតបញ្ចប់ការសិក្សាឱ្យអនុវត្តចំណេះដឹងរបស់ពួកគេដោយមានគោលបំណង និងការទទួលខុសត្រូវ។
«សូមចូលរួមតបស្នងដល់ប្រទេសកម្ពុជាជាមួយនឹងអ្វីគ្រប់យ៉ាងដែលអ្នកបានរៀន។» វេជ្ជបណ្ឌិត លឹម លីណា បាននិយាយ ដោយបន្ថែមថា ក្រុមហ៊ុន អូស៊ីអាយស៊ី មានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ និងចូលរួមចំណែកដល់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់មនុស្សជំនាន់ក្រោយ។
ភាពជាដៃគូគាំទ្រដល់ការត្រៀមខ្លួនសម្រាប់ធនធានមនុស្ស ជាមួយនិងការបង្ហាញសមត្ថភាពតាមបណ្តាលប្រទេសនានា
សាកលវិទ្យាល័យ ខេមតិច ទទួលបានការគាំទ្រពីដៃគូរយៈពេលវែង រួមមាន ក្រុមហ៊ុន អូស៊ីអាយស៊ី សហព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង ក្រុមហ៊ុន អាយ អេស អាយ គ្រុប និងធនាគារកាណាឌីយ៉ា។ ការចូលរួមរបស់ស្ថាប័នឯកជនទាំងនេះរួមចំណែកដល់កម្មវិធីសិក្សា សម្ភារៈ អាហារូបករណ៍ និងឱកាសអភិវឌ្ឍនិស្សិត។
«ខេមតិចមិនមែនគ្រាន់តែជាសាកលវិទ្យាល័យសម្រាប់តែការសិក្សាប៉ុណ្ណោះទេ។ ខ្ញុំមានអារម្មណ៍ថាដូចជានៅផ្ទះ ហើយខេមតិចបានបង្ហាញខ្ញុំនូវឱកាសជាច្រើនលើសពីអ្វីដែលខ្ញុំធ្លាប់បានស្រមៃ ដូចជាការផ្លាស់ប្តូរនិស្សិតក្រៅប្រទេស ជាពិសេសការចុះកម្មសិក្សានៅប្រទេសហូឡង់ក្នុងឆ្នាំទី៤របស់ខ្ញុំ។» និសិ្សតគ្រី សុរចនា ជានិសិ្សតជ័យលាភីមួយក្នុងចំណោមនិស្សិតជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិតបានបញ្ជាក់។
នៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានទទួលស្គាល់ពីតួនាទីនៃការចូលរួមរបស់វិស័យឯកជនក្នុងការអប់រំ ដោយកត់សម្គាល់ថា ការបើកដំណើរការ សាកលវិទ្យាល័យ ខេមតិច ស្របតាមអាទិភាពអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សាកលវិទ្យាល័យ ខេមតិច ក៏កំពុងបង្កើតកម្មវិធីដែលឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មជាក់ស្តែងផងដែរ រួមទាំងសាលាអាកាសចរណ៍ដែលបានគ្រោងទុកក្នុងភាពជាដៃគូជាមួយ «WCC-ATC» ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន។
លើសពីនេះ ភាពជាដៃគូអន្តរជាតិជាមួយស្ថាប័នដូចជាសាកលវិទ្យាល័យ Concordia សាកលវិទ្យាល័យ Ohio និងមហាវិទ្យាល័យ St. John ផ្តល់ឱ្យនិស្សិតនូវបទពិសោធន៍សិក្សាកាន់តែទូលំទូលាយ ខណៈពេលដែលការចូលរួមប្រកបដោយការរួមបញ្ចូល និងការអភិវឌ្ឍភាពជាអ្នកដឹកនាំដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការចូលរួមនៅក្នុងវេទិកាសកល រួមទាំងគណៈកម្មការអង្គការសហប្រជាជាតិស្តីពីឋានៈស្ត្រី។