៧យ៉ាងត្រូវធ្វើបើចង់ឲ្យអ្នកដទៃគោរព និងឲ្យតម្លៃ
- 2016-09-23 14:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧យ៉ាងត្រូវធ្វើបើចង់ឲ្យអ្នកដទៃគោរព និងឲ្យតម្លៃ
ចន្លោះមិនឃើញ
មនុស្សគ្រប់គ្នាសមនឹងទទួលបានការគោរព (Respect) ក្នុងជីវិត។ ជាការពិត វាត្រូវការពេលដើម្បីបង្ហាញឲ្យអ្នកដទៃស្គាល់តម្លៃយើង ប៉ុន្តែជាមួយជំហានសាមញ្ញៗមួយចំនួន អ្នកទទួលបានការជឿជាក់ពីអ្នកដទៃយ៉ាងឆាប់រហ័ស។ ការគោរពអាចធ្វើឲ្យគ្រប់យ៉ាងដំណើរការបានល្អ ហើយនៅពេលដែលអ្នកបង្ហាញមនុស្សគ្រប់គ្នាថាពួកគេមានតម្លៃសម្រាប់អ្នក អ្នកនឹងមានឱកាសទទួលបានការផ្ដល់តម្លៃពីពួកគេវិញកាន់តែច្រើន។
បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង ហើយអ្នកដទៃដឹងថាអ្នកជាមនុស្សម៉ឺងម៉ាត់ ទ្វាជីវិតរបស់អ្នកនឹងចាប់ផ្ដើមបើក។ អ្នកនឹងមានឱកាស ក៏ដូចជាជម្រើសកាន់តែច្រើន។ ប៉ុន្តែមុននឹងរំភើបនឹងរឿងទាំងនេះបាន យើងក្រឡេកមកមើលវិធីសាស្ត្រ៧យ៉ាងដើម្បីទទួលបានការគោរពពីអ្នកដទៃ និងបង្កើតទំនាក់ទំនងកាន់តែរឹងមាំទាំងជីវិតឯកជន និងជីវិតការងារ។
១. គោរពខ្លួនឯង
នេះគឺជាចំណុចចាប់ផ្ដើម ព្រោះថាមុននឹងរំពឹងថាអ្នកដទៃគោរពអ្នក អ្នកត្រូវគោរពខ្លួនឯងជាមុនសិន។ មនុស្សជាច្រើនមិនបានស្រឡាញ់និងជឿជាក់លើខ្លួនឯងគ្រប់គ្រាន់ឡើយ។ មើលពីខាងក្រៅពួកគេហាក់ដូចជាមនុស្សមានជំនឿចិត្ត ប៉ុន្តែខាងក្នុងពួកគេមានអារម្មណ៍មិនប្រាកដប្រជានិងគ្មានលំនឹង។
មុនចង់ឲ្យរឿងល្អៗកើតឡើងក្នុងជីវិត អ្នកត្រូវរីករាយនឹងអ្វីដែលខ្លួនមាន និងស្រឡាញ់ខ្លួនឯងឲ្យបានច្រើន។ និយាយនេះមិនមែនសំដៅលើចរិតអាត្មានិយមហួសហេតុនោះទេ ប៉ុន្តែគឺការគោរពខ្លួនឯងឲ្យបានគ្រប់គ្រាន់។
២. មានជំហរខ្លួនឯងច្បាស់លាស់
អ្នកប្រហែលជាធ្លាប់គិតថា ដោយការផ្គាប់ចិត្តមនុស្សគ្រប់គ្នានិងយល់ស្របរហូត អ្នកនឹងទទួលបានការគោរពពីពួកគេគ្រប់គ្នា។ តែវាមិនដូច្នោះឡើយ។ មនុស្សខុសគ្នាមានការគិតខុសគ្នារៀងៗខ្លួន ដូច្នេះត្រូវធ្វើយ៉ាងណាឲ្យគេឃើញថាអ្នកបានប្រើការគិតរបស់អ្នក ជំនួសការដែលគ្រាន់តែស្ដាប់ និងយល់ស្របតាមគំនិតរបស់គេ។ រឿងណាមិនសំខាន់អ្នកយល់ស្របនិងបត់បែនតាមគំនិតរបស់គេបានក៏ល្អ ប៉ុន្តែសម្រាប់ការសម្រេចចិត្តរឿងធំដុំ អ្នកត្រូវមានជំហរច្បាស់លាស់សម្រាប់ខ្លួនឯង។
៣. ស្មោះត្រង់នឹងអ្នកដទៃ
ប្រសិនបើអ្នកចង់បង្កើតនិងរក្សាទំនាក់ទំនងល្អ និងទទួលបានការគោរព អ្នកត្រូវធ្វើឲ្យគេឃើញថាពួកគេអាចជឿជាក់លើអ្នកបាន ពិសេសនៅពេលដែលពួកគេមិននៅក្បែរអ្នក។ ភាពស្មោះត្រង់ ឬភក្ដីភាពមិនអាចកសាងបានក្នុងរយៈពេលតែមួយថ្ងៃនោះទេ។ អ្នកត្រូវចំណាយពេលដើម្បីឲ្យគេជឿជាក់លើអ្នក ហើយវារឹតតែប្រសើរប្រសិនបើអ្នកបង្ហាញឲ្យគេឃើញវាតាមរយៈសកម្មភាព។
៤. និយាយការពិត
ពាក្យពិតខ្លះអាចធ្វើឲ្យឈឺចាប់ តែពាក្យកុហកវារឹតតែធ្វើឲ្យឈឺចាប់ជាងនេះទៅទៀត។ វិធីល្អមួយដើម្បីទទួលបានការគោរពពីអ្នកដទៃ និងគេងលក់ស្រួលពេញមួយយប់នោះគឺការនិយាយពាក្យពិត មិនថាជាទំនាក់ទំនងផ្ទាល់ខ្លួន មុខជំនួញ ឬការងារផ្សេងៗ។ យ៉ាងណាមិញអ្នកក៏ត្រូវប្រុងប្រយ័ត្ន សម្រាប់ពាក្យពិតខ្លះដែលនិយាយទៅគ្មានផលចំណេញ ប៉ុន្តែបានត្រឹមធ្វើឲ្យភាគីម្ខាងទៀតឈឺចាប់។
៥. ជួយគេឲ្យបានច្រើន
តាមរយៈការជួយយកអាសាអ្នកដទៃ អ្នកនឹងក្លាយជាបុគ្គលលេចធ្លោម្នាក់ក្នុងកែវភ្នែករបស់គេ។ មនុស្សគ្រប់គ្នានឹងអរគុណអ្នក និងចងចាំអ្នកថាជាមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរជីវិតរបស់គេ។ ពួកគេនឹងតបស្នងអ្នកវិញតាមរយៈការគោរពដោយបញ្ចេញជាសកម្មភាព និងភក្ដីភាពវិញសម្រាប់អ្នក។
៦. គោរពពាក្យសន្យាខ្លួនឯង
កុំសន្យាអ្វីដែលអ្នកដឹងថាខ្លួនឯងមិនអាចធ្វើបាន។ ប្រសិនបើចង់កសាងឈ្មោះខ្លួនឯងជាមនុស្សហ្មត់ចត់និងស្មោះត្រង់ អ្នកត្រូវសន្យាតែអ្វីដែលអ្នកដឹងថាអ្នកនឹងធ្វើបាន ពុំដូច្នេះទេគួរកុំសន្យាអ្វីទាំងអស់ ព្រោះវានឹងធ្វើឲ្យគេខកចិត្តជាមួយអ្នកកាន់តែខ្លាំង និងលែងមានជំនឿចិត្តលើអ្នកទៀត។ អ្វីដែលសំខាន់គឺត្រូវធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សនិយាយ "ម៉ាត់ណាម៉ាត់ហ្នឹង"។
៧. ទទួលស្គាល់កំហុសខ្លួនឯង
គ្មាននរណាម្នាក់ចូលចិត្តទទួលស្គាល់ថាខ្លួនជាអ្នកខុសឡើយ ប៉ុន្តែក៏គ្មាននរណាម្នាក់ដែលត្រូវគ្រប់ពេលដូចគ្នា។ អ្នកនឹងក្លាយជាមនុស្សកាន់តែរឹងមាំនិងអង់អាច ប្រសិនបើអ្នកមានភាពក្លាហានក្នុងការទទួលស្គាល់កំហុសណាមួយដែលអ្នកប្រព្រឹត្ត និងមានទំនួលខុសត្រូវពេញលេញសម្រាប់កំហុសទាំងនោះ។
សន្និដ្ឋាន
ការគោរព (Respect) លំបាកនឹងស្វែងរក ប៉ុន្តែងាយនឹងបាត់បង់បំផុត។ តែនៅពេលអ្នកកសាងវាបានរឹងមាំហើយ វានឹងផ្ដល់ប្រយោជន៍ឲ្យអ្នកមួយជីវិត។ អ្នកមិនចាំបាច់ទាមទារអ្វីពីអ្នកដទៃ តែពួកគេនឹងផ្ដល់ឲ្យអ្នកដោយឯកឯង។ កម្មផលពិតជាមាន ព្រោះថាបើអ្នកធ្វើដាក់គេយ៉ាងម៉េច គេនឹងតបស្នងអ្នកយ៉ាងនោះដូចគ្នា ៕
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ motivationgrid