ឥណ្ឌា សម្តែងការសោកស្តាយចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់ព្រំដែនកម្ពុជា-ថៃ

  • 2025-12-26 07:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការបរទេសឥណ្ឌា (MEA) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចរូបសំណាកព្រះវិស្ណុ ដែលស្ថិតនៅក្នុងតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។

រដ្ឋាភិបាលឥណ្ឌាបានសង្កត់ធ្ងន់ថា ទង្វើដែលខ្វះការគោរពបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍របស់អ្នកជំនឿសាសនាហិណ្ឌូ និងពុទ្ធសាសនិកនៅទូទាំងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានឃើញរបាយការណ៍ស្តីពីការបំផ្លិចបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ ដែលទើបនឹងត្រូវបានសាងសង់ឡើងថ្មីៗនេះ នៅក្នុងតំបន់ដែលកំពុងរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជា។ ទោះបីជាមានការទាមទារអធិបតេយ្យភាពលើទឹកដីយ៉ាងណាក៏ដោយ ប៉ុន្តែទង្វើអសីលធម៌បែបនេះមិនគួរកើតឡើងនោះទេ ព្រោះវាប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកគោរពបូជាទូទាំងសកលលោក»។

លោកបានបន្ថែមទៀតថា អាទិទេពក្នុងសាសនាហិណ្ឌូ និងសាសនាព្រះពុទ្ធ គឺជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ដែលប្រជាជននៅក្នុងតំបន់គោរពបូជា និងជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នា។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការចែកចាយវីដេអូនៅលើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពកងទ័ពថៃប្រើប្រាស់គ្រឿងចក្រដើម្បីវាយកម្ទេចរូបសំណាកព្រះវិស្ណុដ៏ធំមួយ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ (ខាងភាគីថៃហៅថា ច្រកអានម៉ា ខេត្តឧប៊ុនរាជធានី)។

ជាមួយគ្នានេះ ឥណ្ឌាក៏បានអំពាវនាវជាថ្មីដល់ភាគីទាំងពីរ (កម្ពុជា និងថៃ) ឱ្យវិលត្រឡប់មករកការចរចា និងដោះស្រាយតាមផ្លូវការទូត ដើម្បីស្តារសន្តិភាពឡើងវិញ និងជៀសវាងការបាត់បង់ជីវិតប្រជាជន និង ទាហានបន្ថែមទៀត ក៏ដូចជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបេតិកភណ្ឌវប្បធម៌៕

អត្ថបទថ្មី