មកដឹងច្បាស់​អំពីទំហំ ​RAM មុន​ពេល​ទិញ​ទូរសព្ទ​ថ្មី

  • 2019-08-21 04:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ពេល​បច្ចុប្បន្ន​ ទូរសព្ទ​កំពូល​ជា​ច្រើន​ដូចជា Asus ROG Phone II, OnePlus 7 Pro, Galaxy Note 10+ ជា​ដើម​សុទ្ធ​តែ​ភ្ជាប់​មក​ជាមួយ​រ៉េម​ (RAM) ១២ GB ដែល​ច្រើន​ជាង​កុំព្យូទ័រ​ប្រើប្រាស់​ទូទៅ​ទៅ​ទៀត​។ តើ​ទូរសព្ទ​ពិត​ជា​ត្រូវ​ការ​រ៉េម​ច្រើន​យ៉ាង​នេះ​ទេ ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ?

មុន​ដំបូង​អ្នក​គួរ​ស្វែង​យល់​អំពី​មុខងារ​របស់​រ៉េម​ជាមុន​សិន។ រ៉េម (RAM = Random Access Memory) មាន​មុខងារ​សម្រាប់​រក្សា​ទុក​កម្មវិធី​ ដែល​បាន​បើក​មិន​ឲ្យ​រលត់​ពេល​អ្នក​ចូល​បើក​កម្មវិធី​មួយ​ទៀត​ ហើយ​រយៈ​ពេល​ដែល​ផ្ទុក​កម្មវិធី​នោះ​គឺ​អាស្រ័យ​ទៅ​តាម​ចំនួន​កម្មវិធី​និង​ចំនួន​រ៉េម​ដែល​អ្នក​មាន​។

ឧទាហរណ៍ អ្នក​កំពុង​តែ​លេង​ហ្គេម​ស្រាប់​តែ​មាន​នរណា​ម្នាក់​ call មក​ប៉ុន្មាន​នាទី​ក្រោយ​មក​អ្នក​ចូល​ហ្គេម​វិញ​ ហើយ​ហ្គេម​អ្នក​នៅ​ដដែល​មិន​បិទ​ឬ​តម្រូវ​ឲ្យ​បើក​ឡើង​វិញ​ឡើយ​។ នៅ​ពេល​ដែល​អ្នក​បើក​កម្មវិធី​ច្រើន​រហូត​ដល់​អស់​រ៉េម ទូរសព្ទ​របស់​អ្នក​នឹង​បិទ​កម្មវិធី​មួយ​ចំនួន​ចោល​ដើម្បី​រក្សា​រ៉េម​សម្រាប់​កម្មវិធី​ថ្មី​។

កម្មវិធី​ដែល​ប្រើ​រ៉េម​ច្រើន​ភាគ​ច្រើន​ជា​ កម្មវិធី​ឆែក​អ៊ីនធឺណិត​ដូចជា Google Chrome, Firefox, Safari ជាដើម ព្រោះ​នៅ​ពេល​បើក​ tab ឬ​គេហទំព័រ​ច្រើន​ក្នុង​ពេល​តែ​មួយ​ រ៉េម​របស់​អ្នក​នឹង​ត្រូវ​ប្រើ​ច្រើន​ ដើម្បី​រក្សា​ tab នោះ​មិន​ឲ្យ​រលត់។ ហ្គេម​ក៏​ត្រូវ​ការ​រ៉េម​ច្រើន​ដែរ​ ដូចជា Asphalt 9 ឬ Pubg អាច​ប្រើ​រ៉េម​រហូត​ដល់ ១GB ។ ចំណែក​បណ្តាញ​សង្គម​ដូចជា Facebook, Instagram, Messenger … ត្រូវ​ការ​រ៉េម​គ្រប់​ពេល​ព្រោះ​វា​បើក​នៅ​ background រហូត​ដើម្បី​ផ្ញើ​សារ​មក​អ្នក​។

ពេល​ខ្លះ​ទូរសព្ទ​មាន​រ៉េម​ច្រើន​ក៏​មិន​ប្រាកដ​ថា​អាច​រក្សា​កម្មវិធី​បាន​ច្រើន​ដែរ។​​ ក្នុង​ការ​តេស្ត​ល្បឿន​រវាង iPhone XS MAX និង Pixel 3 XL ដែល​មាន​រ៉េម​ទំហំ ៤ GB ប៉ុន​គ្នា បង្ហាញ​ថា iPhone XS អាច​មាន​សមត្ថភាព​រក្សា​បាន​ជិត​ ១៦ កម្មវិធី ចំណែក​ឯ Pixel 3 XL វិញ​ត្រូវ​បើក​កម្មវិធី​ផ្សេងៗ​ឡើង​វិញ​ស្ទើរ​តែ​ទាំង​អស់​។

ការ​ធ្វើ​តេស្ដ​មួយ​ទៀត​រវាងiPhone XR និង Note 9 ។​ Note 9 មាន​រ៉េម​ ៨ GB អាច​រក្សា​កម្មវិធី​​​ទាំង ១៦ ក្នុង​ពេល​តែ​មួយ​ រីឯ​ iPhone XRបាន​តែ ១១ កម្មវិធី តែ​ក៏​នៅ​តែ​ជា​ចំនួន​ច្រើន​ដែរ ព្រោះ​វា​មាន​​រ៉េម​ត្រឹម​តែ ៣ GB ប៉ុណ្ណោះ​ ហើយ​រក្សា​បាន​ច្រើន​ជាង​ Pixel 3 XL ដែល​បាន​ត្រឹម​តែ ៤ ជាមួយ​នឹង​រ៉េម​ ៤GB។

​​​​​​​ដូចនេះ​ ពេល​ខ្លះ​វា​មិន​សំខាន់​ទៅ​លើ​​ចំនួន​រ៉េម​ដែល​ទូរសព្ទ​អ្នក​មាន​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ​នៅ​លើ​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា​កម្មវិធី​នីមួយៗ​។

ជាក់​ស្ដែង​ណាស់ រ៉េម​រហូត​ដល់​ទៅ ១២ GB មិន​មែន​ជា​អ្វី​សំខាន់​ក្នុង​ពេល​ទិញ​ទូរសព្ទ​ឡើយ ពីព្រោះ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ​នឹង​មិន​បើក​កម្មវិធី​រហូត​ដល់ ១១ ឬ ១៦ កម្មវិធី​ក្នុង​ពេល​តែ​មួយ​ឡើយ។ ចំពោះ​អ្នក​ប្រើប្រាស់​ប្រតិបត្តិការ​ Android ដែល​ជា​ប្រព័ន្ធ​តម្រូវ​ការ​រ៉េម​ច្រើន រ៉េម ៦ ឬ ៨ GB ជា​ចំនួន​សម​គួរ​ហើយ​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ទៅ​លើ​ទូរសព្ទ​។

សរុប​មក រ៉េម​មាន​តួនាទី​សំខាន់​នៅ​ពេល​បើក​និង​រក្សា​កម្មវិធី​ ប៉ុន្តែ​វា​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ការ​ជ្រើស​រើស​ទូរសព្ទ​ណា​មួយ​ឡើយ​។ អ្នក​គួរ​តែ​ងាក​មក​មើល​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​ដូចជា ទំហំ​ថ្ម ល្បឿន​ម៉ាស៊ីន អេក្រង់ កាមេរ៉ាជាដើម៕

ប្រភព៖ pcmag   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ