អ៊ីរ៉ង់-អាមេរិកវាយប្រហារលើនាវាដឹកប្រេងទៅវិញទៅមក ធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងលើស១០០ដុល្លារក្នុង១បារ៉ែល
- 2026-09-10 02:38:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ង់-អាមេរិកវាយប្រហារលើនាវាដឹកប្រេងទៅវិញទៅមក ធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងលើស១០០ដុល្លារក្នុង១បារ៉ែល
ចន្លោះមិនឃើញ
គែរ/វ៉ាស៊ីនតោន — ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីអ៊ីរ៉ង់អះអាងថា ខ្លួនបានវាយប្រហារនាវាចំនួន ១០គ្រឿង នៅក្បែរច្រកសមុទ្រ Hormuz ខណៈសហរដ្ឋអាមេរិកបានវាយប្រហារ និងធ្វើឱ្យនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៥គ្រឿង មិនអាចដំណើរការបាន។ នេះបើតាម Reuters ចុះផ្សាយថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ការវាយប្រហារទៅវិញទៅមកនេះ ត្រូវបានចាត់ទុកថាជាការប្រឈមមុខគ្នាលើវិស័យដឹកជញ្ជូនតាម សមុទ្រដ៏ធំបំផុតចាប់តាំងពីសង្គ្រាមរយៈពេល៦ខែរវាងភាគីទាំងពីរបានចាប់ផ្តើម។ ការវាយប្រហារបានធ្វើឱ្យទីផ្សារប្រេងពិភពលោកមានភាពរំជើបរំជួល ខណៈតម្លៃប្រេង Brent បានកើនលើស ១០០ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងចាប់តាំងពីខែកក្កដា។
អ៊ីរ៉ង់អះអាងថាបានវាយប្រហារនាវាអាមរិក ១០គ្រឿង
កងឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួនបានវាយប្រហារនាវាចំនួន១០គ្រឿងនៅតំបន់ជុំវិញច្រកសមុទ្រ Hormuz ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិកលើនាវាដឹកប្រេងអ៊ីរ៉ង់។
អ៊ីរ៉ង់បានអះអាងថា ក្នុងចំណោមនាវាដែលខ្លួនបានវាយប្រហារ មាននាវាអាមេរិកចំនួន២គ្រឿង និងនាវាដឹកប្រេងចំនួន៨គ្រឿងដែលខ្លួនចាត់ទុកថាមិនគោរពតាមការហាមឃាត់របស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកបានបដិសេធថា នាវារបស់ខ្លួនមិនបានរងការវាយប្រហារឡើយ។ យ៉ាងហោចណាស់ អ្នកបម្រើការលើនាវាម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានរាយការណ៍ថាបាត់ខ្លួន ក្នុងចំណោមហេតុការណ៍វាយប្រហារលើនាវាដឹកទំនិញ។
អាមេរិកវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ ៥គ្រឿង
មុនការវាយប្រហាររបស់អ៊ីរ៉ង់ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន៥គ្រឿង បន្ទាប់ពីអ៊ីរ៉ង់បានព្យាយាមវាយប្រហារដោយមីស៊ីលទៅលើនាវាចម្បាំងអាមេរិក។យោងតាមទិន្នន័យដឹកជញ្ជូន នាវាដែលរងការវាយប្រហារមួយចំនួនស្ថិតនៅឈូងសមុទ្រ Oman ខណៈមួយគ្រឿងទៀតស្ថិតនៅជិតកោះ Kharg ដែលជាតំបន់សំខាន់សម្រាប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់។
សហរដ្ឋអាមេរិកបានអះអាងថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់ប្រឆាំងនឹងកងទ័ព និងនាវាចម្បាំងរបស់ខ្លួន។ អ៊ីរ៉ង់ក៏វាយប្រហារមូលដ្ឋានអាមេរិកនៅហ្សកដង់ក្រៅពីការវាយប្រហារតាមសមុទ្រ អ៊ីរ៉ង់ក៏បាននិយាយថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទិកទៅកាន់មូលដ្ឋានមួយនៅប្រទេសហ្សកដង់ ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិក។
ហ្សកដង់បាននិយាយថា ប្រព័ន្ធការពាររបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលភាគច្រើន ហើយមិនមានការរាយការណ៍ពីអ្នកស្លាប់ក្នុងការវាយប្រហារនេះទេ។ មន្ត្រីអាមេរិកក៏បាននិយាយថា ការវាយប្រហារមិនបានបណ្តាលឱ្យមានអ្នករងរបួសក្នុងចំណោមកងទ័ពអាមេរិកឡើយ។ ការវាយប្រហារនេះបង្ហាញថា ជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិកកំពុងរាលដាលលើសពីតំបន់ឈូងសមុទ្រ និងកំពុងបង្កើនហានិភ័យដល់ប្រទេសជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា។
ចរាចរណ៍តាមច្រក Hormuz ធ្លាក់ចុះយ៉ាងខ្លាំង
ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ មុនសង្គ្រាម ច្រកនេះមាននាវាពាណិជ្ជកម្មធំៗប្រហែល ១២៥គ្រឿងក្នុងមួយថ្ងៃ ឆ្លងកាត់ រួមមាននាវាដឹកប្រេង និងឧស្ម័នធម្មជាតិរាវ។
ច្រកនេះធ្លាប់ជាផ្លូវឆ្លងកាត់ប្រហែល ២០% នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក។ ប៉ុន្តែការកើនឡើងនៃការវាយប្រហារបានធ្វើឱ្យចរាចរណ៍នាវាធ្លាក់ចុះយ៉ាងខ្លាំង។ ទិន្នន័យដំបូងរបស់ Kpler បង្ហាញថា មាននាវាដឹកទំនិញតែ៦គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ច្រកនេះកាលពីថ្ងៃអង្គារ ខណៈមធ្យមភាគ១០ថ្ងៃមានប្រហែល១២គ្រឿងក្នុងមួយថ្ងៃ។ ការកាត់បន្ថយចរាចរណ៍នេះកំពុងបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង និងថាមពលទៅកាន់ទីផ្សារអន្តរជាតិ។
តម្លៃប្រេងកើនលើស ១០០ដុល្លារ
ភាពតានតឹងនៅតំបន់ Hormuz បានប៉ះពាល់ភ្លាមៗដល់ទីផ្សារថាមពល។ តម្លៃប្រេង Brent បានកើនដល់ ១០១,២១ដុល្លារក្នុងមួយបារ៉ែល នៅចុងការជួញដូរកាលពីថ្ងៃទី៩ ខែកញ្ញា ខណៈប្រេង West Texas Intermediate (WTI) ឡើងដល់ប្រហែល ៩៦,០៥ដុល្លារ ក្នុងមួយបារ៉ែល។ អ្នកវិភាគព្រមានថា ប្រសិនបើការវាយប្រហារនៅតែបន្ត និងការដឹកជញ្ជូនតាម Hormuz ត្រូវបានរារាំងកាន់តែខ្លាំង នោះការផ្គត់ផ្គង់ប្រេងពិភពលោកអាចរឹតតែតានតឹង ហើយតម្លៃប្រេង និងឥន្ធនៈអាចបន្តកើនឡើង។ បច្ចុប្បន្ន ការដឹកជញ្ជូនប្រេងតាមច្រក Hormuz បានធ្លាក់ចុះក្រោម ២លានបារ៉ែលក្នុងមួយថ្ងៃ ខណៈមុនការកើនឡើងនៃការប្រយុទ្ធថ្មីៗនេះ ការដឹកជញ្ជូនតាមច្រកនេះមានប្រហែល៨ទៅ៩លានបារ៉ែលក្នុងមួយថ្ងៃ។
ជម្លោះកាន់តែធំ
ស្ថានការណ៍កាន់តែស្មុគស្មាញ ខណៈក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន ក៏បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត។ ការវាយប្រហារទាំងនេះកំពុងបង្កើនហានិភ័យដល់ផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម ដែលជាផ្លូវជំនួសដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពីតំបន់ឈូងសមុទ្រ។ ការវាយប្រហារទៅវិញទៅមករវាងអ៊ីរ៉ង់ និងអាមេរិក រួមជាមួយការវាយប្រហាររបស់ក្រុមប្រដាប់អាវុធក្នុងតំបន់ កំពុងធ្វើឱ្យស្ថានការណ៍មជ្ឈិមបូព៌ាកាន់តែអស្ថិរភាព និងបង្កើនការព្រួយបារម្ភថា ជម្លោះអាចពង្រីកទៅកាន់ប្រទេស និងផ្លូវដឹកជញ្ជូនសំខាន់ៗផ្សេងទៀត។
សម្រាប់ពេលនេះ ចំណុចដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់ គឺ ច្រកសមុទ្រ Hormuz។ ប្រសិនបើការវាយប្រហារបន្តធ្វើឱ្យនាវាដឹកប្រេងជៀសវាងផ្លូវនេះ ការផ្គត់ផ្គង់ថាមពលពិភពលោកអាចប្រឈមនឹងសម្ពាធកាន់តែខ្លាំង ហើយផលប៉ះពាល់អាចឈានដល់តម្លៃប្រេង ឥន្ធនៈ និងសេដ្ឋកិច្ចទូទាំងពិភពលោក៕
ប្រភប៖ Reuters