បើ iPhone ផលិត​នៅ​អាមេរិក​ពេញលេញ តម្លៃ​នឹង​ប្រែប្រួល​យ៉ាង​ម៉េច​វិញ​?

  • 2019-09-12 10:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់ផ្ដើម​ផលិត iPhone (ផ្នែក​ខ្លះ) នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​មាន​ការ​ជំរុញ​ពី​លោក​ប្រធានាធិបតី​Donald Trump។ សេតវិមាន ដាក់​ចេញ​ខ្ទង់​ចំណាយ​ពន្ធ​ប្រមាណ ២០០ ពាន់​លាន​ដុល្លារ​លើ​ផលិតផល​នៅ​ប្រទេស​ចិន ដែល​នេះ​អាច​ប៉ះពាល់​ដល់​ជំនួញ​របស់ Apple។​

តម្លៃ iPhone 11/ iPhone 11 Pro និង iPhone 11 Pro Max

បើ Apple នាំ​ការងារ​ផលិតកម្ម​​ទាំង​ស្រុងទៅ​កាន់​សហរដ្ឋអាមេរិក អ្នក​វិភាគ​ជាច្រើន​លើក​ឡើង​ថា ការ​ដំឡើង iPhone នៅ​ទីនោះ​មិន​ធ្វើ​ឲ្យ​តម្លៃ​ទូរសព្ទ​កើន​ខ្លាំង​ពេក​នោះ​ទេ​។

បើ​តាម​លោក Konstantin Kakaes អាច​កើន​ពី ៣០ ទៅ ៤០ ដុល្លារ ហើយ​បើ​គ្រប់​ផ្នែក iPhone ផលិត​នៅ​សហរដ្ឋអាមេរិក តម្លៃ​អាច​កើន​ប្រហែល ១០០ដុល្លារ ឡើង​។ បញ្ហា​សំខាន់ គឺ​ធនធានមនុស្ស​មាន​ជំនាញ និង​ប្រព័ន្ធ​ដ៏​រឹងមាំ ដែល​បាន​ចាក់​ឫស​រាប់​សិប​ឆ្នាំ​នៅ​បរទេស ទាមទារ​ខ្ទង់​ចំណាយ​ធំ​ និង​រយៈពេល​យូរ​ក្នុង​ការ​កសាង​។

Apple អាច​នឹង​មាន​វិធី​ពាំនាំ​ដំណើរការ​ទាំងស្រុង​ទៅ​កាន់​សហរដ្ឋអាមេរិក ក្នុង​ខ្ទង់​ចំណាយ​ដ៏​ធំ ប៉ុន្តែ​ប្រហែល​មិន​មាន​ប្រយោជន៍​ដល់​ពាណិជ្ជកម្ម​សកល​នោះ​ទេ​។ គួរ​ដឹង​ផង​ដែរ​ ប្រទេស​ចិន ទាញ​ចំណូល​ត្រឹម ៨ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ទូរសព្ទ​មួយ​គ្រឿង​។ 

លោក Tim Cook ក្នុងពេលប្រកាស iPhone 11 Pro

នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន Apple លោក Tim Cook បាន​មាន​ប្រសាសន៍​កាល​ពី​ឆ្នាំ​មុន​ថា ខ្លួន​មាន​តម្រូវការ ការ​បន្សំ​រវាង​បុគ្គលិក​ជំនាញ មនុស្សយន្ត និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដែល​ជា​ប្រព័ន្ធ​បាន​បង្កើត​ក្នុង​ប្រទេស​ជាច្រើន ដូចជា​ប្រទេស​ចិន​។

លោក​បន្ត​ថា ហេតុផល​សំខាន់​ក្រុមហ៊ុន​ជាច្រើន​ចូល​ប្រទេស​ចិន ដោយសារ​បុគ្គលិក​មាន​ជំនាញ មិនមែន​តម្លៃ​ពលកម្ម​ថោក​នោះ​ទេ ព្រោះ​ប្រទេស​ចិន​លេង​ជា​ប្រទេស​មាន​តម្លៃ​ពលកម្ម​ថោក​ជា​យូរ​ឆ្នាំ​មក​ហើយ​។ 

Apple បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ការ​ផលិត​គ្រឿង​បង្គំ​របស់ iPhone ដូចជា Chip ឬ អេក្រង់ ហើយ​ក្នុង​នោះ​ក៏​មាន Foxconn ឬ Jabil មាន​ទីស្នាក់ការ​កណ្ដាល​នៅ​តៃវ៉ាន់ និង​ផ្លរីដា​។ ឆ្នាំ​មុន Apple បាន​ចំណាយ​ច្រើន​ជាង ៥០ ពាន់​លាន​ដុល្លារ ជាមួយ​អ្នក​ផ្គត់ផ្គង់ និង​ក្រុមហ៊ុន​ផលិត​ចំនួន​ ៩០០០។ មានន័យថា ផ្នែក​ទូរសព្ទ​ខ្លះ​ចេញ​ពី​សហរដ្ឋអាមេរិក​រួចរាល់​ហើយ​។ 

ពាក្យ​ថា Made In America (ផលិត​នៅ​ក្នុង​សហរដ្ឋអាមេរិក) អាច​មាន​ន័យ​ច្រើន​៖

១) នាំ​ចូល​គ្រប់​ផ្នែក​ពី​ទីតាំង​ផ្សេង រួច​ដំឡើង​ក្នុង​ប្រទេស​។

២) បង្កើត​ផ្នែក​របស់​ទូរសព្ទ​ខ្លះ រួច​ដំឡើង​ក្នុង​ប្រទេស​។

៣) កាន់​តែ​ពិបាក​គឺ​ប្រើ​រាល់​សមាសធាតុ ចេញ​​តែ​ពី​សហរដ្ឋអាមេរិក​។ 

ជម្រើស​ដ៏​សាមញ្ញ​បំផុត​សម្រាប់ Apple ទទួល​យក គឺ​យក​ជម្រើស​ទីមួយ នាំចូល​គ្រប់​ផ្នែក​របស់​ទូរសព្ទ​ពី​ទីតាំង​ផ្សេងៗ ដំឡើង​ក្នុង​ប្រទេស​។ នេះ​អាច​បង្កើន​តម្លៃ​ប្រហែល ១០ ទៅ ៤០ ដុល្លារ ជា​ថ្លៃ​បន្ថែម​លើ​ពលកម្ម និង​ការ​ដឹកជញ្ជូន​៕

អានអត្ថបទបន្ត

ប្រភព៖ vox   អត្ថបទ៖ ប៊ុនធឿន

អត្ថបទពេញនិយម