Corolla រូបរាងថ្មីចេញលក់នៅជប៉ុន មិនប្រើឡូហ្គោ Toyota នៅពីមុខ

  • 2019-09-18 03:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Toyota Corolla ជំនាន់​ទី ១២ បាន​ចេញ​លក់​នៅ​ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន​ជា​ផ្លូវ​ការ ដោយ​វា​មាន​ជម្រើស​ចំនួន ៣ ប្រភេទ​ដូច​​លក់​នៅ​អឺរ៉ុប​ដែរ គឺ​ Corolla (ប្រភេទ Sedan), Corolla Touring (ប្រភេទ Wagon) និង Corolla Sport (ប្រភេទ Hatchback)។

ប្រភេទ Corolla និង Corolla Touring ​ដែល​ដាក់​លក់​នៅ​ជប៉ុន​ គឺ​មាន​ផ្នែក​ខាង​មុខ​ដូច​ជា​ម៉ូដែល Levin ដែល​លក់​នៅ​ប្រទេស​ចិន ចំណែក Corolla Sport មាន​រូបរាង​ដូច​នឹង​ម៉ូដែល​ដែល​លក់​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Corolla ដែល​លក់​នៅ​ជប៉ុន​ មាន​បំពាក់​នូវ​ឡូហ្គោ​អក្សរ​ "C” នៅ​ខាង​មុខ​ ជំនួស​ឲ្យ​ឡូហ្គោ​ Toyota ប៉ុន្តែ​នៅ​ផ្នែក​ខាង​ក្រោយ និង​នៅ​លើ​គម្រប​យ៉ាន់​នៅ​មាន​បំពាក់​ឡូហ្គោ​ Toyota ដដែល។

ចំពោះ​ម៉ាស៊ីន​គឺ​មាន​ចាប់​ពី​ម៉ាស៊ីន​ចំណុះ ១,៨ លីត្រ ៤ ស៊ីឡាំង​ ភ្ជាប់​នឹង​ប្រអប់​លេខ ៧ វគ្គ​ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ ដែល​វា​មាន​សម្រាប់​តែ​ប្រភេទ Corolla និង Corolla Touring។ បន្ទាប់​មក​គឺ​ម៉ាស៊ីន ១,២ លីត្រ Turbocharged ៤ ស៊ីឡាំង ដែល​អាច​ភ្ជាប់​នឹង​ប្រអប់​លេខ​​ ១០ វគ្គ ឬ ៦ វគ្គ ដោយ​មាន​សម្រាប់​គ្រប់​ម៉ូដែល។

ចុង​ក្រោយ​គឺ​ម៉ាស៊ីន Hybrid ដែល​ប្រើ​ម៉ាស៊ីន​ ១,៨ លីត្រ ៤ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ (សម្រាប់​គ្រប់​ប្រភេទ)​ និង​មាន​ប្រភេទ​​បើកបរ​វិល​កង់​ទាំង​អស់​ផង​ដែរ (សម្រាប់​តែ Corolla និង Corolla Touring)។

តម្លៃ Corolla ស៊េរី​ថ្មី​នៅ​ជប៉ុន​គឺ​មាន​ចាប់​ពី ១,៩៣ លាន​យេន (ប្រមាណ ១៧ ៨៨៨ ដុល្លារ) រហូត​ដល់ ២,៩៩ លាន​យេន (ស្មើ​ប្រមាណ ២៧ ៦៩៧ ដុល្លារ)៕​

ចុចអាន ៖ តិច​ទៀត រថយន្ត Prius នឹង​ប្រើ​ថាមពល​ព្រះអាទិត្យ​សុទ្ធសាធ​តែ​ម្ដង

ប្រភព៖ paultan   ប្រែ​សម្រួល៖ សុខហេង