តិច​ទៀត រថយន្ត Prius នឹង​ប្រើ​ថាមពល​ព្រះអាទិត្យ​សុទ្ធសាធ​តែ​ម្ដង

  • 2019-09-17 03:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Toyota Motor Corp កំពុង​​ពិសោធ​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​មួយ​នៅ​លើ​ប្រភេទ​រថយន្ត Prius ដែល​នេះ​​គឺ​ជា​ការ​ប្រើប្រាស់​ថាមពល​​ព្រះ​អាទិត្យ​សុទ្ធសាធ​តែម្ដង ដែល​មិន​ចាំ​បាច់​សាក​បំពេញ​ថាមពល​អគ្គិសនី​ទៀត​ឡើយ។

នៅ​ក្នុង​គម្រោង​​ដែល​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​នេះ រថយន្ត Toyota Prius ​ត្រូ​វ​បាន​បំពាក់​ផ្ទាំង​សូឡា​​ផលិត​ដោយ​ក្រុមហ៊ុន Sharp Corp នៅ​លើ​​គម្រប​ម៉ាស៊ីន​ ដំបូល បង្អួច​ទ្វារ​ខាង​ក្រោយ និង​​កាង​រថយន្ត។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ពិសោធ​ថា រថយន្ត​អាច​ស្រូប​ទាញ​ថាមពល​ព្រះអាទិត្យ​បាន​ចំនួន​ប៉ុន្មាន ដើម្បី​បញ្ជូន​កម្លាំង​ទៅ​កាន់​អាគុយ​រថយន្ត។

ជា​លទ្ធផល​ បើ​នៅ​ចំ​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ល្អ ​រថយន្ត Prius អាច​​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​​រត់​​បាន​ចម្ងាយ​ដល់​ទៅ ៥៦​គីឡូ​ម៉ែត្រ​ឯណោះ។ យ៉ាង​ណា​មិញ បើ​ប៉ះ​ចំ​ថ្ងៃ​ដែល​មេឃ​រាង​ងងឹត ឬ​ក្ដៅ​ខ្លាំង នោះ​ថាមពល​ដែល​ទាញ​បាន​​នឹង​ធ្លាក់​ចុះ​ ពោល​គឺ​បើកបរ​មិន​បាន​​ឆ្ងាយ​នោះ​ទេ។ ក្នុង​លក្ខខណ្ឌ​នេះ គម្រោង​​​ផលិត​រថយន្ត Prius ប្រើ​ថាមពល​ព្រះ​អាទិត្យ​សុទ្ធសាធ នៅ​មិន​ទាន់​អាច​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា តួ​រថយន្ត Prius នៅ​ក្នុង​គម្រោង​ខាង​លើ ត្រូវ​បាន​បំពាក់​អាគុយ​ពិសេស​ប្រើ​សម្រាប់​ប្រព័ន្ធ​សូឡា ហេតុ​ដូច្នេះ​ហើយ​ទម្ងន់​របស់​វា​នឹង​កើន​លើស​រថយន្ត Prius ធម្មតា​ប្រមាណ​ជា ៨០​គីឡូក្រាម។ ចំណែក​ឯ​ផ្ទាំង​សូឡា​ដែល​បំពាក់​លើ​រថយន្ត​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ព្រោះ​វា​មាន​កម្រាស់​ស្ដើង​ត្រឹម​តែ ០,០៣​មិល្លីម៉ែត្រ​ប៉ុណ្ណោះ៕

ប្រភព៖ Reuters   ប្រែសម្រួល៖ ឈាង

អត្ថបទថ្មី