អូស្ត្រាលីគ្រោងហាមនិស្សិតបរទេសនាំប្ដីឬប្រពន្ធ និងកូនទៅរស់នៅជាមួយពេលកំពុងសិក្សា
- 2026-09-17 03:26:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ត្រាលីគ្រោងហាមនិស្សិតបរទេសនាំប្ដីឬប្រពន្ធ និងកូនទៅរស់នៅជាមួយពេលកំពុងសិក្សា
ចន្លោះមិនឃើញ
អូស្ត្រាលីគ្រោងនឹងហាមនិស្សិតអន្តរជាតិមិនឱ្យនាំដៃគូ និងកូនៗទៅរស់នៅជាមួយគ្នាក្នុងប្រទេសអំឡុងពេលសិក្សា ព្រមទាំងរឹតបន្តឹងច្បាប់សម្រាប់ជនអន្តោប្រវេសន៍បណ្តោះអាសន្នដែលចង់ផ្លាស់ប្តូរប្រភេទទិដ្ឋាការ។ វិធានការនេះជាផ្នែកមួយនៃការកែសម្រួលគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្ត្រាលី។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី១៧ ខែកញ្ញា។
បច្ចុប្បន្ន និស្សិតអន្តរជាតិអាចនាំប្តី ប្រពន្ធ ឬដៃគូ និងកូនក្នុងបន្ទុកដែលមានអាយុក្រោម ១៨ឆ្នាំទៅអូស្ត្រាលីបាន។ ដៃគូរបស់និស្សិតក៏អាចមានសិទ្ធិធ្វើការនៅអូស្ត្រាលីផងដែរ ដោយចំនួនម៉ោងធ្វើការអាស្រ័យលើវគ្គសិក្សារបស់និស្សិត។
រដ្ឋាភិបាលក៏មានគោលដៅកាត់បន្ថយចំនួនជនចំណាកស្រុកសុទ្ធពីប្រមាណ ៣០០ ០០០នាក់បច្ចុប្បន្ន មកត្រឹម ២២៥ ០០០នាក់នៅឆ្នាំ២០២៨។ ការកាត់បន្ថយនេះកើតឡើងក្រោយចំនួនជនចំណាកស្រុកបានកើនឡើងខ្លាំង បន្ទាប់ពីអូស្ត្រាលីបើកព្រំដែនឡើងវិញក្រោយវិធានការកូវីដ-១៩។
ទិន្នន័យផ្លូវការបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជនអន្តោប្រវេសន៍នៅអូស្ត្រាលីមានចំនួន ៣០៦ ០០០នាក់ ហើយនិស្សិតអន្តរជាតិមានចំណែកលើសពីពាក់កណ្តាលនៃចំនួននេះ។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលមានការជជែកដេញដោលកាន់តែខ្លាំងអំពីផលប៉ះពាល់នៃការកើនឡើងចំនួនជនអន្តោប្រវេសន៍លើលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងសង្គម។ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង Tony Burke ត្រូវបានគេរំពឹងថា នឹងបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីការកែសម្រួលគោលនយោបាយអន្តោប្រវេសន៍នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា នេះ។
ប្រភព៖ Reuters