ណាហ្គាខប ជាប់ចំណាត់ថ្នាក់លេខ៣១ នៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ នៅអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តីហ្វ័រឈូនដែលបានកើនឡើងពីចំណាត់ថ្នាក់លេខ៤៦
- 2026-11-04 06:09:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាហ្គាខប ជាប់ចំណាត់ថ្នាក់លេខ៣១ នៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ នៅអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តីហ្វ័រឈូនដែលបានកើនឡើងពីចំណាត់ថ្នាក់លេខ៤៦
ចន្លោះមិនឃើញ
ណាហ្គាខប ទទួលបានចំណាត់ថ្នាក់លេខ៣១ ក្នុងឆ្នាំ២០២៦ ដែលកើនឡើង១៥ លេខពីលេខ៤៦ ក្នុងឆ្នាំ ២០២៥ ជាមួយនឹងពិន្ទុទំនុកចិត្ត ៩៧% (កើនឡើងពី៩៥% ក្នុងឆ្នាំ២០២៥) ដែលខ្ពស់ជាងកម្រិតស្តង់ដារដែលមាន៦៥%។
ណាហ្គាខប ក៏ជាក្រុមហ៊ុនតែមួយគត់មកពីប្រទេសកម្ពុជាដែលមានឈ្មោះនៅក្នុងបញ្ជីនេះផងដែរ។
ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៖ ៣៩១៨) ដែលប្រតិបត្តិការណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ នៅអាស៊ីអាគ្នេយ៍របស់ទស្សនាវដ្តីហ្វ័រឈូនសម្រាប់ឆ្នាំទី២ ជាប់ៗគ្នាដោយបានកើនឡើងមកចំណាត់ថ្នាក់លេខ៣១ ពីលេខ៤៦ ក្នុងឆ្នាំ ២០២៥។ ណាហ្គាខបដែលជាក្រុមហ៊ុនតែមួយគត់មកពីប្រទេសកម្ពុជានៅក្នុងបញ្ជីឆ្នាំ២០២៦ នេះ បានបង្ហាញសារជាថ្មីម្តងទៀតនូវវប្បធម៌ការងារដ៏រឹងមាំ និងប្រកបដោយចីរភាពដែលត្រូវបានគាំទ្រដោយការវិនិយោគទៅលើបុគ្គលិក និងការលើកស្ទួយដល់បុគ្គលិក។ 
ការបញ្ជាក់ទទួលស្គាល់ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងដោយផ្អែកទាំងស្រុងទៅលើការស្ទង់មតិសម្ងាត់របស់បុគ្គលិកដែលប្រមូលដោយស្ថាប័ន Great Place To Work® ដែលពិនិត្យមើលថាតើក្រុមហ៊ុនកសាងទំនុកចិត្ត ភាពយុត្តិធម៌ និងគោលបំណងច្បាស់លាស់បានល្អកម្រិតណាព្រមទាំងពិនិត្យមើលលើការអនុវត្តគុណតម្លៃទាំងនេះស្របគ្នានៅគ្រប់ក្រុមការងារ និងទីផ្សារទាំងអស់។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រុមហ៊ុនទាំងអស់ត្រូវទទួលបានការបញ្ជាក់ទទួលស្គាល់ Great Place To Work Certified™ និងមានបុគ្គលិកយ៉ាងហោចណាស់២០០ នាក់នៅអាស៊ីអាគ្នេយ៍។ ណាហ្គាវើលដ៍ ដែលមានកម្លាំងពលកម្មជិត៦.០០០ នាក់ទទួលបានពិន្ទុទំនុកចិត្តល្អប្រសើរ៩៧% ដែលកើនឡើងពី៩៥% កាលពីឆ្នាំមុន និងខ្ពស់ជាងកម្រិតស្តង់ដារដែលមាន៦៥% ។
“ការបញ្ជាក់ទទួលស្គាល់ឆ្នាំទី២ ជាប់ៗគ្នាក្នុងចំណាត់ថ្នាក់ខ្ពស់ជាងមុនបែបនេះ គឺជាសមិទ្ធផលដែលកើតចេញពីបុគ្គលិករបស់យើង” នេះជាការលើកឡើងរបស់លោក Philip Lee ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប។ លោកបានពន្យល់បន្ថែមថា ៖ “អ្វីៗទាំងអស់ គឺចាប់ផ្តើមពីមនុស្ស (បុគ្គលិក) ហើយនោះជាមូលហេតុដែលយើងវិនិយោគលើពួកគាត់ដោយការបំពាក់បំប៉នសមត្ថភាព ការផ្តល់អាទិភាពលើសុខុមាលភាព និងអ្វីដែលសំខាន់បំផុតនោះ គឺការជំរុញលើកទឹកចិត្តឱ្យពួកគាត់ធ្វើការអស់ពីសមត្ថភាព។ នៅពេលដែលយើងវិនិយោគលើបុគ្គលិក ពួកគាត់នឹងបន្តរស់នៅជាមួយយើង និងរីកចម្រើនជាលំដាប់ជាមួយយើង ហើយអតិថិជនរបស់យើងនឹងទទួលបានសេវាកម្មកាន់តែប្រសើរទៅតាមនោះដែរនៅពេលពួកគាត់ឈានជើងចូលមកកាន់មណ្ឌលកម្សាន្តរបស់យើង។ វាស្តែងឱ្យឃើញយ៉ាងច្បាស់ថា បុគ្គលិករបស់យើងមានក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះការងារ ព្រមទាំងចូលរួមសកម្មភាពជួយដល់សហគមន៍ និងបរិស្ថានរបស់យើង។
ណាហ្គាខប បានចាត់ទុកការរីកចម្រើននេះថា កើតចេញពីការវិនិយោគយ៉ាងខ្ជាប់ខ្ជួនលើបុគ្គលិកតាមរយៈការបណ្តុះបណ្តាល និងការអភិវឌ្ឍដោយផ្អែកលើតម្លៃស្នូល CARES របស់យើង គឺ ៖ កិច្ចសហប្រតិបត្តិការ (Collaboration) គណនេយ្យភាព (Accountability) ការគោរព (Respect) ឧត្តមភាព (Excellence) និងចីរភាព (Sustainability)។ ការរក្សាបុគ្គលិករបស់ក្រុមហ៊ុន ត្រូវបានពង្រឹងខណៈបុគ្គលិកមានអារម្មណ៍ថា ពួកគាត់ត្រូវបានផ្តល់តម្លៃ និងសុខុមាលភាពរបស់ពួកគាត់ ត្រូវបានយកចិត្តទុកដាក់។ អត្រាផ្លាស់ប្តូរបុគ្គលិកប្រចាំឆ្នាំ បានថយចុះជាងពាក់កណ្តាលមកត្រឹម ៣,២% ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ បើប្រៀបធៀបនឹង ៦,៩% ក្នុងឆ្នាំ២០២៥ ទាំងមូល។
ណាហ្គាខប បន្តអភិវឌ្ឍបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធីអភិវឌ្ឍអាជីព និងវិថីការងារ។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ ក្រុមហ៊ុនរក្សាបានអត្រានៃការចូលរួមវគ្គបណ្តុះបណ្តាលជិត១០០% ដោយចំនួននៃការចូលរួមសរុបកើនឡើង១៨% បើប្រៀបធៀបនឹងចំនួនសរុបប្រចាំឆ្នាំ២០២៥ ព្រមទាំងមានការវាយតម្លៃសមត្ថភាពឡើងវិញបន្ទាប់ពីការបណ្តុះបណ្តាលផងដែរ។ ចំណែកការចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍភាពជាអ្នកដឹកនាំ បានកើនឡើងជាង ៣ ដងបើប្រៀបធៀបនឹងឆ្នាំ២០២៥។ ទន្ទឹមនឹងនេះដែរ ការដំឡើងតំណែងទៅជាតួនាទីគ្រប់គ្រងរហូតមកដល់ពេលនេះ បានកើនឡើងជាង៤០% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការទទួលស្គាល់ការរួមចំណែក និងការរីកចម្រើនរបស់បុគ្គលិក។
ម៉ាយផតថល (MyPortal) ដែលជាកម្មវិធីទូរសព្ទដៃរបស់ណាហ្គាខប ជួយឱ្យបុគ្គលិកទាំងអស់រក្សាទំនាក់ទំនង ទទួលបានព័ត៌មានថ្មីៗ និងមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ។ បច្ចុប្បន្ន ការប្រើប្រាស់ម៉ាយផតថល បានកើនឡើង ១៨% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ដោយអត្រានៃការប្រើប្រាស់ រក្សាបានលើសពី៩៥% នៅគ្រប់ផ្នែកការងារទាំងអស់។
លទ្ធផលនៃការវិនិយោគដែលផ្តោតលើបុគ្គលិកជាចម្បងនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់តាមរយៈមតិយោបល់របស់ភ្ញៀវរបស់យើង ៖ ការវាយតម្លៃវិជ្ជមាននៅលើគេហទំព័រ TripAdvisor ដែលបានរៀបរាប់ និងសរសើរដល់ក្រុមការងារណាហ្គាខប បានកើនឡើង ៦៥% ជាប្រចាំខែចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០២៦ ដែលជាការឆ្លុះបញ្ចាំងដោយផ្ទាល់ចំពោះក្រុមការងារដែលមានអារម្មណ៍ថា ពួកគេត្រូវបានផ្តល់តម្លៃ ហើយបានបង្វែរការផ្តល់តម្លៃនោះទៅជាការផ្តល់បទពិសោធដ៏ល្អប្រសើរជូនដល់ភ្ញៀវវិញ។ កិច្ចខិតខំប្រឹងប្រែងទាំងនោះ ត្រូវបានទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តយ៉ាងសមរម្យតាមរយៈកម្មវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន គឺកម្មវិធីជ្រើសរើស “បុគ្គលិកឆ្នើមប្រចាំខែ” និង “បុគ្គលិកស្មោះត្រង់” ដែលជួយបង្កើនទឹកចិត្តដល់បុគ្គលិកគ្រប់រូបក្នុងការបន្តរក្សានូវស្តង់ដារខ្ពស់ក្នុងការបម្រើសេវាកម្មបដិសណ្ឋារកិច្ច។ 
បន្ថែមពីលើនេះ បុគ្គលិកណាហ្គាខប ក៏បានបណ្តុះនូវការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ និងចេញពីបេះដូង ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ និងបរិស្ថាន។ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ គឺជាកម្មវិធីផ្តួចផ្តើមផ្នែកចីរភាព និងការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលដឹកនាំដោយបុគ្គលិកស្ម័គ្រចិត្តរបស់យើងដោយផ្តោតលើសសរស្តម្ភចំនួន ៤ រួមមាន ៖ ការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ សកម្មភាពជាង ១.៦០០ នៅតាមបណ្តាខេត្តចំនួន១៦ និងម៉ោងស្ម័គ្រចិត្តជិត ៦៥.០០០ ម៉ោងបានផ្តល់អត្ថប្រយោជន៍ដល់ជីវិតប្រជាជនកម្ពុជាជាង១ លាននាក់។
អំពីណាហ្គាវើលដ៍ លីមីធីត
ចាប់ពីបើកដំណើរការក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍ បានក្លាយជាក្រុមហ៊ុនជួរមុខមួយដែលជួយអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជាដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាលជាច្រើន។ ក្នុងនាមជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍បានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកជាច្រើនជាមួយស្តង់ដារសេវាកម្មលំដាប់ពិភពលោក និងបានចូលរួមធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចកាន់តែមានការរីកចម្រើនក្នុងប្រទេសកម្ពុជា។ នៅណាហ្គាវើលដ៍ យើងជឿជាក់ថា ការកសាងកន្លែងធ្វើការឱ្យល្អអស្ចារ្យ មិនត្រឹមតែផ្តោតទៅលើលទ្ធផលនៃធុរកិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតអនាគតប្រកបដោយនិរន្តរភាពសម្រាប់បុគ្គលិក អតិថិជន និងសហគមន៍ដែលយើងបម្រើផងដែរ។
ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ nagaworld.com និងតាមដានណាហ្គាវើលដ៍នៅលើ LinkedIn ហ្វេសប៊ុក និងអ៊ីនស្តាក្រាម៕