Miss Universe Laos 2026 ត្រូវបានបញ្ជាឱ្យផ្អាកសកម្មភាព ដោយសារជម្លោះសិទ្ធិប្រើប្រាស់ម៉ាកយីហោ
- 2026-11-03 02:50:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Miss Universe Laos 2026 ត្រូវបានបញ្ជាឱ្យផ្អាកសកម្មភាព ដោយសារជម្លោះសិទ្ធិប្រើប្រាស់ម៉ាកយីហោ
ចន្លោះមិនឃើញ
វៀងចន្ទន៍៖ ក្រុមហ៊ុន Miss Grand International Public Company Limited (MGI) បានទាមទារឱ្យអ្នករៀបចំកម្មវិធី Miss Universe Laos 2026 ផ្អាកសកម្មភាពទាំងអស់ជាបន្ទាន់ ដោយអះអាងថា កម្មវិធីនេះមិនមានការអនុញ្ញាតត្រឹមត្រូវក្នុងការប្រើប្រាស់ម៉ាក Miss Universe និងរៀបចំការប្រកួតឡើយ។ 
ក្នុងសេចក្តីថ្លែងការណ៍រួមជាមួយក្រុមហ៊ុន Miss Universe Eastern Pte. Ltd. MGI បានបញ្ជាក់ថា ខ្លួនមិនបានអនុញ្ញាតឱ្យរៀបចំការប្រកួត Miss Universe Laos 2026 ឬប្រើប្រាស់ស្លាកសញ្ញា «MISS UNIVERSE®» និង «MISS UNIVERSE LAOS℠» នោះទេ។ អ្នករៀបចំក៏មិនមានសិទ្ធិទទួលពាក្យចូលរួមពីបេក្ខនារី ឬលក់សិទ្ធិឧបត្ថម្ភ ដោយគ្មានកិច្ចព្រមព្រៀងផ្តល់អាជ្ញាបណ្ណបន្តជាផ្លូវការពី MGI ដែរ។ នេះបើតាមការចុះផ្សាយរបស់ The Laotian Times ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
MGI បាននិយាយថា ខ្លួនបានព្យាយាមទាក់ទងអ្នករៀបចំកម្មវិធី ប៉ុន្តែមិនទទួលបានការឆ្លើយតប។ ក្រុមហ៊ុនក៏បានព្រមានថា ប្រសិនបើការប្រកួតត្រូវបានរៀបចំដោយគ្មានកិច្ចព្រមព្រៀងត្រឹមត្រូវ នោះអ្នកឈ្នះ គ្រងមកុដ និងលទ្ធផលនៃការប្រកួត នឹងមិនត្រូវបានទទួលស្គាល់ឡើយ។
ក្រុមហ៊ុនបានព្រមានបន្ថែមថា ខ្លួនអាចចាត់វិធានការផ្លូវច្បាប់ទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ចំពោះបុគ្គល ឬស្ថាប័នដែលបន្តគាំទ្រកម្មវិធីទាំងដឹងថាកម្មវិធីគ្មានការអនុញ្ញាត។ MGI ក៏បានអំពាវនាវឱ្យបេក្ខនារី ក្រុមគ្រួសារ អ្នកឧបត្ថម្ភ ដៃគូអាជីវកម្ម និងសារព័ត៌មាន ប្រុងប្រយ័ត្នមុនពេលចុះកិច្ចសន្យា ឬបង់ប្រាក់ពាក់ព័ន្ធនឹងកម្មវិធីនេះ។
ជម្លោះនេះកើតឡើងក្នុងបរិបទនៃវិវាទកាន់តែធំអំពីសិទ្ធិគ្រប់គ្រង និងអាជ្ញាបណ្ណម៉ាក Miss Universe រវាង JKN Universe LLC និង Miss Universe Eastern។ កាលពីខែកញ្ញា JKN បានប្រកាសថា កិច្ចព្រមព្រៀងសិទ្ធិប្រកួតរបស់ប្រទេសឡាវ និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ផ្សេងទៀត មិនមានសុពលភាពតាមការទទួលស្គាល់របស់ខ្លួនទេ ដែលបង្កភាពមិនច្បាស់លាស់ចំពោះការចូលរួមប្រកួតអន្តរជាតិ។
ប្រភព៖ The Laotian Time