យ៉ាងហោច ៦០នាក់​រងផលប៉ះពាល់ ក្រោយយន្ដហោះបាញ់សាំងចោលកណ្ដាលអាកាស (វីដេអូ)

  • 2020-01-15 06:27:54
  • ចំនួនមតិ 15 | ចំនួនចែករំលែក 244

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​មនុស្ស ៦០​នាក់ ក្រោយ​ពេល​ដែល​យន្ដហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បាញ់​សាំង​ចោល​ពេល​ត្រឡប់​មក​ព្រលាន​អន្ដរជាតិ Angeles វិញ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាលា​បឋម Park Avenue ដោយ​សិស្ស​ក្មេង​ៗ ២០​នាក់ និង​មនុស្ស​ធំ ១១​នាក់ រង​របួស​ស្រាល។ ក្រៅ​ពី​នេះ​សាលា​ផ្សេង​ទៀត​ដែល​រង​ផល​ប៉ះពាល់​រួម​មាន​បឋម San Gabriel, Graham និង Tweedy។ សិស្ស​សាលា​ទាំង​នោះ ត្រូវ​បាន​សាំង​យន្ដហោះ​ធ្លាក់​មក​លើ​បណ្ដាល​ឲ្យ​កខ្វក់​ខោ​អាវ និង​ត្រូវ​លាង​ចេញ​ដោយ​សាប៊ូ។ យ៉ាង​ណា​មិញ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​នោះ​ទេ។

ចំណែក​ឯ​ខាង​អាកាសយានដ្ឋាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​យន្ដហោះ​ប្រភេទ Boeing 777-200 របស់​អាកាសចរ Delta Airlines ដែល​ធ្វើ​ដំណើរ​ពី LAX ទៅ​កាន់ទីក្រុង​សៀងហៃ​ប្រទេសចិន។ ប៉ុន្តែ​ក្រោយ​ហោះ​ចេញ​ពី​ព្រលាន​បន្ដិច យន្ដហោះ​ស្រាប់​តែ​ជួប​បញ្ហា​ម៉ាស៊ីន​ដែល​តម្រូវ​ឲ្យ​ចុះ​ចត​ជា​បន្ទាន់។ ប៉ុន្តែ​ដោយ​សារ​យន្ដហោះ​ផ្ទុក​ទម្ងន់​លើ​ស្ដង់​ដារ​សុវត្ថិភាព​ចុះចត យន្ដហោះ​ត្រូវ​បង្ខំ​បាញ់​សាំង​ចោល។

យ៉ាង​ណា​មិញ ក្រោយ​ពេល​ដែល​បាញ់​សាំង​ចោល យន្ដហោះ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​ហើយ​គ្មាន​របាយការណ៍​បញ្ជាក់​ថា​មាន​អ្នក​ដំណើរ​រង​របួស​នោះ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន