ស្រស់​ស្អាត វ័យ​ក្មេង តែ សំណាង អេលីណា មាន​មហិច្ឆតា​ធំ​សម្បើម ក្នុង​ជួរ​ការងារ​រដ្ឋ!

  • 2020-02-27 04:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​បាន​ចូល​ខ្លួន​ក្នុង​វិស័យ​សិល្បៈ ប៉ុន្តែ​អតីត​បវរកញ្ញា​កម្ពុជា​ឆ្នាំ ២០១៩ កញ្ញា សំណាង អេលីណា មាន​មហិច្ឆតា​ធំ​សម្បើម​នៅ​ក្រៅ​រង្វង់​នេះ ដូច្នេះ​ហើយ ទើប​នាង​ប្រឹង​ប្រែង​រៀន​សូត្រ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន នាង​មាន​បំណង​ធ្វើ​ជា​មន្ត្រី​ទំនាក់ទំនង​ផ្នែក​ការ​ទូត​មួយ​រូប។ នេះ​ជា​ការងារ​ដែល​តារា​ស្រី បញ្ជាក់​ថា ជា​អ្វី​ដែល​នាង​ស្រឡាញ់​បំផុត។ "ខ្ញុំ​ចូល​ចិត្ត​ធ្វើការ​ក្នុង​ការងារ​ណា​ដែល​អាច​ឲ្យ​ខ្ញុំ​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា ពី​វប្បធម៌ ចង់​ធ្វើការងារ​ណា​ដែល​អាច​ឲ្យ​ខ្ញុំ​បាន​ទំនាក់ទំនង​មនុស្ស ព្រោះ​និយាយ​ទៅ​គឺ​ខ្ញុំ​ចូល​ចិត្ត​ការ​ទំនាក់ទំនង​តែ​ម្ដង។ សំណាង អេលីណា ថ្លែង។

ការងារ​ជា​មន្ត្រី​ការ​ទូត ទាម​ទារ​ឲ្យ​មាន​ចំណេះ​ដឹង​ខ្ពស់ ទូលំទូលាយ មាន​ភាព​បត់បែន និង​មាន​ចំណេះ​ដឹង​ភាសា​បរទេស​ល្អ។ ឈរ​លើ​ហេតុផល​នេះ អេលីណា ប្រាប់​ថា សព្វ​ថ្ងៃ នាង​កំពុង​តែ​ប្រឹង​ប្រែង​លើ​ការងារ​ទាំង​នេះ ពិសេស​កំពុង​ព្យាយាម​ពង្រឹង​សមត្ថភាព​ប្រើ​ប្រាស់​អង់គ្លេស ដោយ​បច្ចុប្បន្ន​នេះ នាង​កំពុង​សិក្សា​ឆ្នាំ​ទី២ នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ។

ទាំង​នេះ ក៏​ជា​មូលហេតុ​ដែល​ប្រមាណ​១​ឆ្នាំ​ហើយ ដែល​ប្រិយមិត្ត​របស់​នាង មិន​ដែល​ឃើញ អេលីណា ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត បើ​ទោះ​ជា​នាង​អំណោយផល​ទាំង​វ័យ និង​សម្រស់​ស្រស់​ស្អាត​ក៏​ដោយ។ អេលីណា ប្រាប់​ថា នាង​មិន​ព្រម​ទទួល​ការ​ថត​ភាពយន្ត​រហូត​មក បញ្ញា​ក៏​ព្រោះ​តែ​ខ្លាច​ប៉ះពាល់​ដល់​ការ​សិក្សា​របស់។ តារា​ស្រី​វ័យ ១៩​ឆ្នាំ ប្រាប់​ថា ភាពយន្ត​មួយ​រឿង​ៗ ត្រូវ​ការ​ចំណាយ​ពេល​ថត​ច្រើន​ថ្ងៃ បែប​នេះ​ចង់​មិន​ចង់ គឺ​ប៉ះពាល់​ការងារ​សិក្សា​នាង។

ដូច្នេះ​ហើយ ម្ដង​ជា​ពីរ​ដង ស្រី​ស្អាត បាន​បញ្ជាក់​ថា នាង​បាន​ច្រាន​ចោល​ការ​ទាក់ទង​ពី​ផលិតករ ក៏​ដូច​ជា​ម្ចាស់​ផលិតកម្ម​នានា។ ប៉ុន្តែ​នាង​នៅ​ទទួល​ត្រឹម​ការងារ​សិល្បៈ​មួយ​ចំនួន ដូច​ជា​ថត​សំអាង​ការ ស្ប៉ត​ពាណិជ្ជកម្ម​នានា និង​ការងារ​ធ្វើ​ជា​តារា​តំណាង​ផលិតផល(Brand Ambassdor) ដែល​ការងារ​ទាំង​នេះ ត្រូវ​ការ​ពេល​ខ្លី​ជាង​ការ​ថត​រឿង ហើយ​នាង​អាច​លៃលក​ពេល​ឆ្លៀត​ពី​ការ​សិក្សា​បាន។

អេលីណា បន្ត​ឲ្យ​ដឹង​ថា នាង​នឹង​បន្ត​ការ​សិក្សា​របស់​នាង​ឲ្យ​ដល់​ទី​សិន ប៉ុន្តែ​យ៉ាង​ណា ការ​សម្ដែង​ភាពយន្ត​ក៏​ទំនង​ជា​មិន​ទាន់​ជា​ជម្រើស​ទី​១​ដដែល ដោយ​នាង​លើក​ឡើង​ថា នាង​ចង់​សម្រេច​ក្ដី​ប្រាថ្នា​ក្នុង​ការ​ធ្វើ​ជា មន្ត្រី​ការ​ទូត​មួយ​រូប​នេះ។ "ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន ព្រោះ​ការ​ស្រឡាញ់​បាន​ជំរុញ​ឲ្យ​ខ្ញុំ​គិត​អីចឹង គឺ​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ការ​ទូត ឬ​មន្ត្រី​ទំនាក់ទំនង​អន្តរជាតិ អីចឹង​ហើយ គឺ​ខ្ញុំ​ចង់​ធ្វើ​ការ​នៅ​ក្រសួង​ការ​បរទេស"។

រូបភាព៖ ហ្វេសប៊ុក អេលីណា

សំណាង អេលីណា គឺ​ជា​ជយលាភី​បវរកញ្ញា​កម្ពុជា​ឆ្នាំ ២០១៩។ ជាមួយ​នឹង​តំណែង​នេះ នាង​ធ្លាប់​បាន​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​សម្រស់ និង​សមត្ថភាព​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន។ យ៉ាង​ណា នា​ពេល​នោះ នាង​ន​បាន​ទទួល​លទ្ធផល​ល្អ​នោះ​ឡើយ។ យ៉ាង​ណា​នាង​នៅ​តែ​មោទកភាព​ក្នុង​ការ​បង្ហាញ​ខ្លួន​តំណាង​ឲ្យ​កម្ពុជា ហើយ​វា​បាន​បន្ត​ក្ដី​សុបិន​របស់​នាង​ក្នុង​​ការងារ​ជា​អ្នក​ការ​ទូត ដើម្បី​ផ្សព្វផ្សាយ​ពី​កម្ពុជា​បន្ត​ទៀត៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី