LG បញ្ចេញទូរសព្ទ 5G ថ្មីអាចថតវីដេអូកម្រិត 8K

  • 2020-02-27 07:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ V60 ThinQ 5G ដែល​នាំ​យក​នូវ​បន្ទះ​ឈីប​​ជំនាន់​ចុង​ក្រោយ Snapdragon 865 រួម​ជា​មួយ​ Modem X55 របស់ Qualcomm ដែល​ទ្រាំទ្រ​នឹង​សេវា 5G។

V60 ThinQ គឺ​មាន​អេក្រង់​ធំ​ទំហំ ៦,៨ អ៊ីញ ប្រភេទ OLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ មាន​​ក្បាល​ឆក​តូច​មួយ​ដែល​បំពាក់​នូវ​កាមេរ៉ា​ Selfie ទំហំ ១០MP។ អេក្រង់​​នេះ​ក៏​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ និង​ការពារ​ដោយ​កញ្ចក់ Gorilla Glass 5។

នៅ​ផ្នែក​ខាង​ក្រោយ​គឺ​មាន​​កាមេរ៉ា​ត្រឹម​ពីរ​គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​កម្រិត ៦៤MP មាន​​បច្ចេកវិទ្យា​រក្សា​លំនឹង OIS និង​មាន​កាមេរ៉ា​ Ultrawide ទំហំ ១៣MP អាច​ថត​រូបភាព​ទំហំ ១១៧ ដឺក្រេ។ ទូរសព្ទ​នេះ​ក៏​មាន​សមត្ថភាព​ថត​វីដេអូ​ក្នុង​កម្រិត 8K ដែល​ទ្រាំទ្រ​នឹង​ HDR10+ សម្រាប់ Manual Mode។

បន្ទះ​ឈីប Snapdragon 865 គឺ​ភ្ជាប់​មក​ជា​មួយ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ដែល​អាច​ពង្រីក​​ទំហំ​បាន​តាម​រយៈ​​មេមូរី​កាត។ LG V60 ThinQ នេះ​គឺ​មាន​សមត្ថភាព​ធន់​នឹង​ទឹក​កម្រិត IP68, ដំណើរ​ការ​ដោយ Android 10, មាន​ប្រព័ន្ធ​សំឡេង​ 32-Bit Quad DAC, មាន​ថ្ម​ទំហំ ៥០០០ mAh អាច​សាក​ថ្ម​ល្បឿន​លឿន និង​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ​បាន​ផង​ដែរ។

LG ក៏​បាន​ធ្វើ​ការ​កែ​សម្រួល​នូវ​អេក្រង់​បន្ថែម​ទី​ពីរ​សម្រាប់ V60 ThinQ ដែល​ត្រូវ​ទិញ​ថែម​ពី​ក្រៅ ដោយ​វា​មាន​អេក្រង់​ទំហំ ៦,៨ អ៊ីញ ប្រភេទ OLED អាច​បង្ហាញ​រូប​ក្នុង​កម្រិត FHD+ មាន​គន្លឹះ​ដែល​អាច​បត់​បាន​ ៣៦០ ដឺក្រេ​សម្រាប់​ប្រើ​ដូច​ជា​ Laptop។

តម្លៃ​លក់​មិន​ទាន់​មាន​ការ​បញ្ជាក់​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន LG ​និយាយ​ថា​វា​នឹង​ធូរ​ថ្លៃ​ជាង​ LG V50 ThinQ 5G ដែល​មាន​តម្លៃ​លក់​ ៩៩៩ ដុល្លារ ពេល​ចេញ​ដំបូងៗ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង