ស្នាដៃសិល្បករសហសម័យខ្មែរល្បីលំដាប់ជាតិ និងអន្តរជាតិ ៨នាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ “ដំណើរត្រាច់ចរសិល្បៈ” របស់ស្ថានទូតបារាំង

  • 2020-02-27 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នាដៃរបស់សិល្បករសហសម័យល្បីជនជាតិខ្មែរ ៨រូប និងជនជាតិបារាំង១រូបដែលមានឈ្មោះល្បីថ្នាក់ជាតិ និងអន្តរជាតិ នឹងដាក់បង្ហាញស្នាដៃរបស់ខ្លួននៅក្នុងបរិវេណឧទ្យានធម្មជាតិទំហំ៤.៥ហិតារបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជារយៈពេលមួយខែពេញដោយចាប់ពីថ្ងៃទី៧ មីនា ឆ្នាំ២០២០ តទៅ។

ស្នាដៃសិល្បៈរបស់សិល្បករខ្មែរ​ លោក មាស សុឃន

សិល្បករជនជាតិខ្មែរ និងបារាំង ទាំង ៩រូប រួមមាន លោក ពេជ្រ សុភាព លោក ម៉ក់ រ៉េមីស្សា លោក លាង ស៊ីកន លោក អ៊ុក ជឹមវិចិត្រ លោក រៀម មុនីស៊ីឡុង លោក ស្រី បណ្តូល លោក មាស សុឃន លោក ទិត្យ វាសនា និងសិល្បករជនជាតិបារាំងលោក ក្រេហ្កូរី ហ្គោសឡាំង

លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាមានប្រសាសន៍ថា នេះជាលើកទី២នៃព្រឹត្តិការណ៍សិល្បៈ “ដំណើរត្រាច់ចរសិល្បៈ” ព្រឹត្តិការណ៍រៀបចំឡើងក្នុងគោលបំណងគាំទ្រ និងលើកស្ទួយតម្លៃនៃការបង្កើតស្នាដៃសិល្បៈ និងចង់ឲ្យសិល្បករទាំងអស់មានឳកាសបង្ហាញស្នាដៃក្នុងឧទ្យានធម្មជាតិឲ្យសាធារណជនបានស្គាល់ និងទស្សនា។ កាលពីលើកទី១ព្រឹត្តិការណ៍ទទួលបានភ្ញៀវចូលមកទស្សនាមានជិត៤ពាន់នាក់ សម្រាប់ឆ្នាំនេះយើងពិតជាសប្បាយចិត្តដែលសិល្បករល្បីក្នុងឆាកជាតិ និងអន្តរជាតិទាំង៩រូបចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រោះថាស្នាដៃសិល្បករទាំងអស់ត្រូវបានយកទៅដាក់តាំងបង្ហាញ និងទទួលស្គាល់ក្នុងឆាកអន្តរជាតិ និងសង្ឃឹមថានឹងមានអ្នកមកទស្សនាកាន់តែច្រើន។

ស្នាដៃសិល្បៈរបស់សិល្បករខ្មែរ​ លោក ស្រី បណ្តូល

សិល្បករលោក លាង ស៊ីកន បានលើកឡើងថា “ លោកក៏ដូចជាសិល្បករទាំងអស់ពិតជាសប្បាយចិត្តដែលបានស្ថានទូតបារាំងអញ្ជើញចូលរួមដាក់តាំងស្នាដៃក្នុងព្រឹត្តិការណ៍នេះ នេះជាឳកាសរបស់សិល្បករទាំងអស់អាចតាំងបង្ហាញនូវស្នាដៃដែលមានបង្កប់អត្ថន័យយ៉ាងស៊ីជម្រៅរបស់ខ្លួនទៅសាធារណជនបានស្គាល់ យល់ និងបានទស្សនា។ នេះជាផ្នែកមួយដែលជួយគាំទ្រ លើកស្ទួយសិល្បសហសម័យកម្ពុជាឲ្យមានទំនាក់ទំនងជាមួយល្អជាមួយពិភពលោក និងចង់បង្ហាញថាកម្ពុជាក៏បានសិល្បករដែលមានស្នាដៃល្អក្នុងកិច្ចការសិល្បៈមួយនេះផងដែរ”។

សិល្បករលោក លាង ស៊ីកន

លោក ម៉ក់ រ៉េមីស្សា សិល្បករផ្នែកថតរូប និងម្ចាស់ស្នាដៃរូបថតសិល្បៈ ត្រី និងអង្ក្រង “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” និង“Left 3 Days” បានលើកឡើងថា “ នេះព្រឹត្តិការណ៍សិល្បៈមួយដ៏មានសារៈសំខាន់ណាស់សម្រាប់វិស័យសិល្បសហសម័យនៅកម្ពុជា ទី១.សម្រាប់សិល្បករជំនាន់ក្រោយបានរៀនសូត្រ និងស្វែងយល់កាន់តែច្បាស់ពីស្នាដៃរបស់សិល្បកររៀមច្បង *ទី២.ចង់បង្ហាញថាស្នាដៃរបស់សិល្បករជនជាតិខ្មែរយើងត្រូវបានគេកោតសរសើរក្នុងឆាកជាតិ និងអន្តរជាតិ ទី៣.បង្ហាញទៅសិល្បករជំនាន់ក្រោយយល់ និងបែងចែកឲ្យច្បាស់នូវទម្រង់នៃសិល្បសហសម័យ

លោក ម៉ក់ រ៉េមីស្សា សិល្បករផ្នែកថតរូប

ព្រឹត្តិការណ៍ “ដំណើរត្រាច់ចរសិល្បៈ” លើកទី២ក្នុងឧទ្យានធម្មជាតិស្ថានទូតប្រចាំនៅកម្ពុជានេះនឹងបើកទ្វារទទួលសាធារណជនឲ្យចូលទស្សនាដោយសេរីនៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល៕

សិល្បករខ្មែរ​ លោក ពេជ្រ សុភាព
សិល្បករខ្មែរ​ លោក មាស សុឃន
សិល្បករខ្មែរ​ លោក អ៊ុក ជឹមវិចិត្រ
ស្នាដៃសិល្បៈរបស់សិល្បករខ្មែរ​ លោក ទិត្យ វាសនា
ស្នាដៃសិល្បៈរបស់សិល្បករខ្មែរ​ លោក រៀម មុនីស៊ីឡុង
រូប និងស្នាដៃសិល្បៈរបស់សិល្បករជនជាតិបារាំង លោក ក្រេហ្កូរី ហ្គោសឡាំង​

អត្ថបទ៖ លន ហ្សាឌីណា