ចង់បង្កើនជំនឿចិត្តខ្លួនឯងឲ្យខ្លាំងបំផុតក្នុងស្ថានភាពលំបាក ៧ចំណុចនេះអាចជួយបានភ្លាម

  • 2018-11-08 02:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនឿ​ចិត្ត​មនុស្ស​ម្នាក់​ដើរ​ទន្ទឹមគ្នា​នឹង​ចំណេះដឹង​ដែលគេ​មាន​​ ​ព្រមទាំង​ព័ត៌មាន​ដែល​គេ​ទទួល​បាន ពោល​ គឺ​បើ​អ្នក​មាន​ការ​យល់​ដឹង​ និង​បទពិសោធន៍​កាន់​តែ​ច្រើន នោះ​អ្នក​ក៏​កាន់​តែ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ដែរ។ ដូច្នេះ​គ្រប់​គ្នា​ត្រូវតែ​បន្ត​រៀនសូត្រ និង​ក្រេប​ជញ្ជក់​ព័ត៌មាន​ជុំវិញ​ខ្លួន​ជា​ប្រចាំ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​រក្សា​ និង​បង្កើន​ជំនឿ​ចិត្ត​ខ្លួន​ឯង​ ទើប​អ្នក​អាច​ធ្វើ​ឲ្យ​ជីវិត​ពោរពេញ​ដោយ​កម្លាំង​ជំរុញ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ដែល​អ្នក​ប៉ង​ប្រាថ្នា​បាន។

(រូបតំណាង)

យោង​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ភាព​ជាអ្នកដឹក​នាំ និង​អភិវឌ្ឍន៍​សហគ្រិនភាព លោកស្រី Lolly Daskal ក្នុង​អត្ថបទស្តីពី [Learn the 7 Secrets for Building Unstoppable Confidence]( https://www.inc.com/lolly-daskal/unstoppable-confidence-learn-how-to-become-super-confident.html) បាន​ឲ្យដឹង​ថា​ ដើម្បី​បង្កើត​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង ទាមទារ​ពេល​វេលា វា​មិនអាច​ស្ទុះឡើង​មួយ​ប៉ប្រិចភ្នែក​បាន​ឡើយ​ ហើយ​មាន​គន្លឹះ​សម្ងាត់ ៧​ អ្នក​ត្រូវ​ធ្វើ​ឲ្យបាន​ ដូចជា៖

១.​ឈប់​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នកដទៃ៖ ត្រូវ​ចាំ​ថា​អ្នក​មើល​ឃើញ​តែ​អ្វី​ដែល​គេ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប៉ុណ្ណោះ អ្នក​មិន​បាន​ដឹង​ថា​មុន​គេ​ទទួល​ជោគជ័យ​ដូច​បច្ចុប្បន្ន​នេះ គេ​​បាន​ហែ​ឆ្លង​ការ​លំបាក​អ្វី​ខ្លះ​នោះ​ឡើយ។

២. ត្រូវ​ជឿ​ជាក់​ថា​ខ្លួន​អាច​ធ្វើ​បាន ៖ បុគ្គល​ជោគជ័យ​បំផុត ក៏​នៅ​តែ​មានកម្រិត​។ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​សាមញ្ញជន​នោះ គឺ គេ​ជ្រើសរើស​ផ្ដោត​តែ​ទៅ​លើ​ការ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ និង​អ្វី​ដែល​គេ​អាច​ធ្វើ​បាន ជា​ជាង​ការ​គិត​ដល់​រឿង​ដែល​គេ​មិន​អាច​ធ្វើ​បាន​។

៣. រស់​នៅ​ក្នុង​ការពិត​ដែល​វិជ្ជមាន ៖ អ្នក​ត្រូវ​តែ​រំលឹក​ខ្លួន​ឯង​ជារឿយៗ ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ ពី​សមត្ថភាព​ខ្លួន​ឯង និង​សម្មតិ​ផល​​ដែល​អ្នក​សម្រេច​បាន​កន្លង​មក។ បើ​ទោះ​ជា​ការ​គិត​ និង​សម្តី​វិជ្ជមាន​តែ​ម្យ៉ាង​ មិន​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ជំនឿ​ចិត្ត​ក្តី តែ​យ៉ាង​ហោច​ណាស់​អ្នក​ក៏​ត្រូវ​តែ​មាន​​សុទិដ្ឋិនិយម​ចំពោះ​ជីវិត​ខ្លួន​ដែរ។

៤. កុំ​ពាក់​ស្រោម​មុខ ៖ មាន​ន័យ​ថា​ត្រូវ​ធ្វើ​ជា​ខ្លួនឯង មិន​មែន​ត្រូវ​ពុត​សម្ដែង​ធ្វើ​ជា​មនុស្ស​ផ្សេង ដើម្បី​ឲ្យ​គេ​ឯង​សរសើរ​នោះ​ឡើយ។ ជំនឿ​ចិត្ត​ជា​រឿង​ផ្ទាល់​ខ្លួន​ ទាមទារ​​​អ្នក​ត្រូវ​ស្គាល់​ខ្លួន​ឯង​​ឲ្យ​ច្បាស់​ ថា​អ្នក​ជា​អ្នក​ណា​ ចង់​បានអ្វី ហើយ​អ្នក​កំពុង​នៅកន្លែង​ណា​ ​​ត្រូវ​កំណត់​គោល​ដៅ​ជីវិត និង​មាន​​ភាព​ជា​អ្នក​ដឹក​ផ្ទាល់​ខ្លួន​ជាក់​លាស់​។

៥. ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ៖ ត្រូវ​ចាំ​ថា​អ្នក​មិនអាច​កែ​ប្រែ​អ្វី​ដែល​បាន​កើត​ឡើង​រួច​ហើយ​ក្នុង​អតីតកាល​នោះ​ទេ។ អ្នក​ដែល​រស់​នៅ​ប្រកប​ដោយ​ជំនឿ​ចិត្ត​នឹង​​អាច​រៀប​ចំ​គម្រោង​ ​ត្រួស​ត្រាយផ្លូវ​ក្នុង​​ពេល​បច្ចុប្បន្ន​របស់​គេ ទៅ​រក​អនាគត​មួយ​ដែល​​ខ្លួន​ចង់​បាន។

៦. ត្រូវ​មាន​ការ​តាំង​ចិត្ត​មុតមាំ ៖ ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ប្ដេជ្ញា​ចិត្ត​ឲ្យ​ពេញ​ទំហឹង​បំពេញ​រាល់​ការ​ងារ​ដែល​អ្នក​​ត្រូវ​​ធ្វើ ដើម្បី​បង្កើត​ភាព​ជោគជ័យ​ជា​រៀង​រាល់ថ្ងៃ។ ជោគជ័យ​តូច​ ​ប្រចាំ​ថ្ងៃ​នឹង​ពួន​ផ្តុំ​ទៅ​ជា​ជោគជ័យ​ធំ ហើយ​វា​នឹង​ជំរុញ​ឲ្យ​អ្នក​កាន់​តែ​ជឿ​ជាក់​លើ​ខ្លួនឯង​។ ប្រសិន​បើ​អ្នក​យល់​ថា​មិន​ស្រួល​ចិត្ត​ ឬ​ពិបាក​ធ្វើ​នោះ មាន​ន័យ​ថា​អ្នក​កំពុង​តែ​ដើរ​លើ​​ផ្លូវ​ខុស​ហើយ ។ ចៀស​វាង​ទម្លាប់​ពន្យឺត​ឬ ពន្យារ​ពេល និង​ធ្វើ​អី​លំ​ៗ​ឲ្យ​តែ​រួច​ដៃ​។

៧. ត្រូវ​ចាំ​ថា​អ្នក​ដែល​និយាយ​ឮ​ជាងគេ​ មិន​មែន​ជា​អ្នក​ដែល​មាន​ជំនឿ​ចិត្ត​បំផុត​នោះ​ទេ ៖ ជីវិត​ពិត​មិន​ខុស​ពី​ក្នុង​រឿង​កុន​ឡើយ អ្នក​ដែល​តែង​តែ​ស្រែក​ខ្លាំងៗ​អួត​ក្អេង​ក្អាង​ពី​កម្លាំង​ខ្លួន​នោះ មិនអាច​ប្រៀប​ស្មើ​បុគ្គល​ស្ងប់ស្ងាត់​ពោរ​ពេញ​ដោយ​ការ​គិត​ស៊ី​ជម្រៅ​ដិត​ដល់​នោះ​ឡើយ។

ដូច្នេះ​គួរ​គិត​ហើយ​ចាំ​គូរ​ បើ​ខ្លាំង​ពិត​មិន​ចាំ​បាច់​សម្ញែង​នោះ​ទេ។ បើ​ចៀស​បាន ​ដាច់​ខាត​កុំ​អួត​ក្អេង​ក្អាង​ឲ្យ​សោះ នាំ​មនុស្ស​ជុំ​វិញ​ខ្លួន​ជ្រេញ ពេបជ្រាយ និង​​ចាំ​សើច​ចំអក​ឲ្យ​អ្នក​ពេល​អ្នក​ជួយ​ប្រទះ​បញ្ហា​ទៅ​វិញ៕

តោះ! មើលវិដេអូ ៖

អត្ថបទ​៖ ដេត​ លីដា

អត្ថបទថ្មី