ក្រុម​មន្ត្រី​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ និង​ប្រមូល​ទុក​នូវ​បុរាណវត្ថុ​មួយ​ចំនួន​ ក្រោយ​ជីក​សាងសង់​អគារ​អគ្គីសនី​កម្ពុជា

  • 2019-03-02 09:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មន្រ្តី​ពាក់ព័ន្ធ​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ និង​ប្រមូល​ទុក​នូវ​វត្ថុ​បុរាណ ក្រោយ​ជីក​រក​ឃើញ​វត្ថុ​បុរាណ​មួយ​ចំនួន នៃ​ការ​ជីក​គ្រឹះ​សាងសង់​អគារ​អគ្គិសនី​កម្ពុជា បន្ថែម​នៅ​ខាង​កើត​វត្ត​ភ្នំ។ នេះ​បើ​យោង​តាម​ការប្រកាស​ឲ្យ​ដឹង​ពី​ផេក​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ រាជធានី​ភ្នំពេញ បង្ហោះ​សារ​លើ​ផេក​របស់​ខ្លួន។

ពេលជីក​គ្រឹះសាងសង់​អគារ អគ្គិសនី​កម្ពុជា

ប្រភព​ដដែល​បាន​សរសេរ​ទៀត​ថា កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​និង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​ នគរបាល​បេតិកភណ្ឌ​នៃ​ក្រសួងមហាផ្ទៃ នគរបាល​បេតិកភណ្ឌ​រាជធានី​ភ្នំពេញ និង​បាន​សហការ​ពី​អាជ្ញាធរ​ជាតិ​អគ្គិសនី​កម្ពុជា ​បាន​ចុះ​ពិនិត្យ និង​ប្រមូល​ទុក​នូវ​បុរាណ​វត្ថុ​មួយ​ចំនួន ដែល​លេច​ចេញ​ពី​ការ​ជីក​គ្រឹះ​ដើម្បី​សាងសង់​អាគារ​អគ្គិសនី​កម្ពុជា​បន្ថែម​មាន​ទីតាំង​ខាង​កើត​វត្ត​ភ្នំ។ បុរាណវត្ថុ​ដែល​ប្រមូល​បាន​រួមមាន​បដិមា​សាង​ពី​ថ្ម​ភក់ បដិមា​ពី​លោហៈ ​និង​កុលាលភាជន៍​រឹង​ជាច្រើន​ទៀត។

ប្រភពពី​មន្ទីរវប្បធម៌​រាជធានី​ភ្នំពេញ បា​ន​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ ​ក្រុម​ការងារ​បាន​ធ្វើ​ការ​ទុក​ដាក់​ក្នុង​កន្លែង​មាន​សុវត្ថិភាព​និង​ធ្វើការ​ចុះ​បញ្ជី​តាម​លក្ខណៈ​បច្ចេកទេស​ជា​បណ្ដោះ​អាសន្ន។ ក្រសួង ​ក៏​ដូច​ជា​មន្ទីរ​សូម​ជម្រាប​ដល់​សាធារណៈ​ជន​បងប្អូន​ថា​ប្រសិន​បើ​បងប្អូន​បាន​ជួប​ប្រទះ​រាល់​វត្ថុ​ទាំង​ឡាយ​ណា ដែល​ជា​វត្ថុ​បុរាណ​សូម​បង​ប្អូន​សហការ​រាយការណ៍​ជូន​មន្ទីរ​វប្បធម៌ និង​ក្រសួង​ដើម្បី​ចុះ​ពិនិត្យ​ដូច​ក្នុង​ករណី​ខាងលើ។

រូបភាព៖ មន្ទីរ​វប្បធម៌ រាជធានី

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី