Apple អាចដាក់អេក្រង់ OLED លើ iPad និងកុំព្យូទ័រ ដើម្បីជៀសពីការពិន័យរបស់ Samsung

  • 2019-06-23 04:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ប្រហែល​ជា​នឹង​ប្រើ​ប្រាស់​អេក្រង់ OLED នៅ​លើ​ឧបករណ៍​របស់​ខ្លួន​ច្រើន​ប្រភេទ​ទៀត ប៉ុន្តែ​មិន​មែន​​ដោយ​សារ​ Apple ចង់​ធ្វើ​បែប​នេះ​នោះ​ទេ ក៏​ព្រោះ​តែ​ដើម្បី​ជៀស​ផុត​ពី​ការ​ពិន័យ​​របស់​ Samsung Display មក​លើ Apple ដែល​ទិញ​អេក្រង់​ OLED មិន​​គ្រប់​ចំនួន​កំណត់​ពី Samsung

តាម​ការ​ចុះ​ផ្សាយ​របស់​ ETnews ដើម្បី​ប៉ះប៉ូវ​ដល់ Samsung ក្រុមហ៊ុន Apple អាច​នឹង​យក​អេក្រង់ OLED ដាក់​លើ​ផលិត​ផល​ ដែល​មិន​ធ្លាប់​ប្រើ​អេក្រង់ OLED ពី​មុន​មក រួម​មាន​កុំព្យូទ័រ​យួរ​ដៃ និង Tablet ជា​ដើម។

ប្រភព​​ផ្ទៃ​ក្នុង​បាន​និយាយ​ថា​នេះ​អាច​ជា​អ្វី​ដែល Apple និង Samsung កំពុង​ពិចារណា​ ហើយ​ត្បិត​ថា​រឿង​រ៉ាវ​នៅ​វែង​ឆ្ងាយ ប៉ុន្តែ​វា​​សម​ហេតុផល​ដែរ។ Apple បាន​ប្រើ​ប្រាស់​អេក្រង់​ជា​ចំណុច​ទាក់ទាញ​មួយ សម្រាប់​ការ​លក់​ iPhone XS និង XS Max ប៉ុន្តែ​ចំនួន​លក់​បាន​ថមថយ​ ហើយ​ក្រុមហ៊ុន​ប្រហែល​ជា​ត្រូវ​ការ​កន្លែង​ផ្សេង​សម្រាប់​ដាក់​អេក្រង់​នេះ។

អេក្រង់ OLED មិន​មែន​​ត្រូវ​បាន​ប្រើ​តែ​នៅ​លើ​ទូរសព្ទ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​​លើ Tablet និង​កុំព្យូទ័រ​យួរ​ដៃ​ផង​ដែរ គ្រាន់​តែ​មិន​មែន​​ផលិត​ដោយ Apple។ ជាក់​ស្ដែង​មាន​ដូច​ជា​ Samsung Galaxy Tab S និង Lenovo ThinkPad X1 Yoga ជា​ដើម។

យ៉ាងណាក្ដី​ គេ​មិន​ច្បាស់​ថា​ពេល​ណា​អេក្រង់ OLED លេច​ចេញ​លើ​ផលិតផល​សំខាន់​ពីរ​របស់ Apple នោះ​ទេ។ បើ​តាម​ដំណឹង​របស់​អ្នក​វិភាគ Ming-Chi Kuo ឲ្យ​ដឹង​ថា​ MacBook Pro និង iPad ដែល​ចេញ​ឆ្នាំ ២០២១ អាច​នឹង​ប្រើ​បច្ចេកវិទ្យា​អេក្រង់​ថ្មី​ឈ្មោះ​ថា​ mini-LED មិន​មែន OLED នោះ​ទេ៕​ ​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង