Samsung ឈប់ផលិតស្មាតហ្វូននៅចិនហើយ

  • 2019-10-03 02:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២ ខែ​តុលា Samsung បាន​បញ្ជាក់​ថា​ឈប់​ផលិត​ស្មាតហ្វូន​នៅ​ក្នុង​ប្រទេស​ចិន​ ​ដោយ​បាន​បិទ​រោងចក្រ​ផលិត​ចុង​ក្រោយ​បង្អស់​របស់​ខ្លួន​នៅ​ប្រទេស​នេះ ក្រោយ​ដំណើរ​ការ​បាន​ ២៧ ឆ្នាំ។

តាម​ការ​ចុះ​ផ្សាយ​របស់ CNA រោងចក្រ​ផលិត​ស្មាតហ្វូន​ចុង​ក្រោយ​របស់ Samsung មាន​ទីតាំង​នៅ​​ទីក្រុង Huizhou ប្រទេស​ចិន ដែល​កាល​ពី​ ៣ ខែ​មុន Samsung បាន​កាត់​បន្ថយ​ទំហំ​ផលិត​នៅ​រោងចក្រ​នេះ។ កាល​ពី​ដើម​ខែ​ធ្នូ ២០១៨ រោងចក្រ​​នៅ​តំបន់ Tianjin របស់ Samsung ក៏​ត្រូវ​បិទ​ផង​ដែរ។

​ហេតុផល​ពី​ក្រោយ​ការ​បិទ​នេះ គឺ​ដោយ​សារ​រង​សម្ពាធ​ពី​គូ​ប្រកួត​ប្រជែង​នៅ​ក្នុង​ស្រុក ធ្វើ​ឲ្យ​ទីផ្សារ​ស្មាតហ្វូន​របស់ Samsung នៅ​ចិន​មាន​ការ​ថយ​ចុះ។ ទោះ​យ៉ាង​ណា​ការ​លក់​ស្មាតហ្វូន​នៅ​ចិន​នៅ​តែ​បន្ត​ដដែល។

តួ​លេខ​របស់​ Counterpoint បាន​បង្ហាញ​ថា​​ទីផ្សារ​ស្មាតហ្វូន Samsung នៅ​ប្រទេស​ចិន​មាន​ត្រឹម ១% ប៉ុណ្ណោះ នៅ​ត្រីមាស​ដំបូង​ឆ្នាំ ២០១៩ ខណៈ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៣ ទីផ្សារ​ Samsung នៅ​ចិន​មាន​ ១៣%។

នៅ​ឆ្នាំ ២០១៧ រោងចក្រ​​នៅ​ Huizhou ​មាន​កម្មករ​ប្រមាណ ៦ ពាន់​នាក់ និង​ផលិត​ស្មាតហ្វូន​បាន ៦៣ លាន​គ្រឿង ស្មើ​នឹង​ ១៦% នៃ​​ចំនួន​លក់​ចេញ​សរុប​របស់​ Samsung នៅ​ទូទាំង​សកលលោក។ Samsung នឹង​ផ្ដោត​លើ​ការ​ពង្រីក​រោងចក្រ​នៅ​អាស៊ាន និង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ជំនួស​វិញ៕

ចុចអាន ៖ នៅ​វៀតណាម​ចាយ​មិន​ដល់ ១០ ដុល្លារ ប្រែ​ក្រឡា iPhone XS ទៅ iPhone 11 Pro ​បាន​ងាយ

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង