ក្ដៅៗ! សង្វៀនអធិរាជគុនខ្មែរ ISI PALM-ISI PIPE សម្រេចផ្អាកពេញមួយខែមេសា

  • 2020-04-03 09:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លាមៗនៅថ្ងៃសុក្រ ទី០៣ ខែមេសានេះ ស្ថានីយទូរទស្សន៍ភីអិនអិន បានសម្រេចលប់ចោលកម្មវិធីប្រដាល់ អធិរាជគុនខ្មែរ ISI PALM-ISI PIPE ទាំង៤សប្ដាហ៍ ពេញមួយខែមេសានេះតែម្ដង ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល នៃវីរុស Covid-19 តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

យោងតាមចំណារតប ការស្នើសុំដំណើរការកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ មានសេចក្ដីថា៖ «ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-19 សហព័ន្ធសុំធ្វើការពន្យារពេលការប្រកួតមួយរយៈពេលសិន។ នៅពេលណាសភាពការណ៍ធូរស្រាល យើងនឹងសហការរួមគ្នាបន្តរៀបចំការប្រកួតជាធម្មតាឡើងវិញ»។

ដោយហេតុនេះហើយ ទើបថ្នាក់ដឹននាំនៃស្ថានីយទូរទស្សន៍ភីអិនអិន បានប្រកាសសម្រេចលប់ចោលកម្មវិធីប្រដាល់ ISI PALM-ISI PIPE ពេញមួយខែមេសានេះតែម្ដង ហើយក៏ពុំបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ នៃការត្រលប់មកវិញនោះដែរ ដោយរង់ចាំមើលភាពប្រក្រតីនៃស្ថានភាពជំងឺរាតត្បាតមួយនេះសិន។

លោកអគ្គនាយកក៏បានសូមអធ្យាស្រ័យប្រិយមិត្តនិយមតាមដានកម្មវិធីប្រដាល់ភីអិនអិនផងដែរ ដែលពុំអាចបន្តសកម្មភាព ដើម្បីបម្រើអារម្មណ៍ទូរទស្សនិកជនបាន។ បែបណាក្ដី លោកបានបង្ហាញក្ដីរំពឹងខ្ពស់ថា កម្ពុជានឹងអាចយកឈ្នះជំងឺដ៏កាចសាហាវមួយនេះឆាប់ៗ ហើយសន្យាថា នឹងនាំមកជូនអ្នកនិយមវិស័យគុនខ្មែរ នូវការប្រកួតដ៏ជក់ចិត្តជាងមុនទៅទៀត។

គួរឲ្យដឹងដែរថា កម្មវិធីប្រដាល់ដ៏ទាក់ទាញ អធិរាជគុនខ្មែរ ISI PALM-ISI PIPE គ្រោងធ្វើការប្រកួតគូមិត្តភាពជាតិ ៥គូ ដោយពុំអនុញ្ញាតឲ្យមានអ្នកទស្សនាផ្ទាល់ នាថ្ងៃអាទិត្យ ទី០៥ មេសានេះ ប៉ុន្តែត្រូវសម្រេចផ្អាកទៅវិញ ដោយគ្មានកាលកំណត់ ដរាបណាមានការបើកភ្លើងខៀវពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ