ស្ងាត់ៗ! រុស្ស៊ីមានអ្នកឆ្លងវីរុសជាង ៦ពាន់នាក់ក្នុងមួយថ្ងៃ ច្រើនបំផុតមិនធ្លាប់មាន

  • 2020-04-20 07:00:34
  • ចំនួនមតិ 6 | ចំនួនចែករំលែក 198

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​រុស្សី បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ១៩​ថ្មី​សរុប​ចំនួន ៦ ០៦០​ករណី​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​នេះ។

យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​ដោយ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ទីក្រុង​មូស្គូ​ដែល​ជា​កន្លែង​ផ្ទុះ​វីរុស​ខ្លាំង​ជាង​គេ មាន​អ្នក​ឆ្លង​ថ្មី ៣ ៥៧០​នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង។ ចំណែក​ឯ​អ្នក​ស្លាប់​បាន​ឡើង​ពី ៣១៣​នាក់​មក ៣៦១​នាក់​ទូ​ទាំង​ប្រទេស។ ជាមួយ​គ្នា​ដែរ អ្នក​ព្យាបាល​ជា​សះ​ស្បើយ​មាន ៣ ២៩១​នាក់​ ដោយ​ក្នុង​នោះ ២៣៤​នាក់ ព្យាបាល​ជា​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ​ហើយ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ។

គួរ​បញ្ជាក់​ថា រុស្ស៊ី​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ដំបូង​ក្នុង​ប្រទេស​កាល​ពី​ថ្ងៃ​ទី ៣១​ខែ​មករា​កន្លង​ទៅ​ហើយ​បន្ដ​កើន​ឡើង​ឥត​ឈប់​ឈរ​រហូត​មក​ទល់​ពេល​នេះ​មាន​អ្នក​ឆ្លង​សរុប ៤២ ៨៥៣​នាក់​ទូទាំង​ប្រទេស៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន