មុខងារថ្មីៗលើ iOS 14 ដែលបានខ្ចីពី Android មក

  • 2020-06-24 02:08:57
  • ចំនួនមតិ 17 | ចំនួនចែករំលែក 67

ចន្លោះមិនឃើញ

iOS 14 បាន​បង្ហាញ​​មុខ​ជា​ផ្លូវ​ការ ដែល​មាន​ពាំនាំ​មក​នូវ​មុខងារ​ថ្មីៗ​ជា​ច្រើន​ ក្នុង​នោះ​មាន​មុខងារ​មួយ​ចំនួន​​ដែល​អ្នក​ប្រើ​ប្រាស់​ Android ហាក់​ដូច​ធ្លាប់​ស្គាល់​ពី​មុន​មក។

១. Home Screen Widget

នៅ​ទី​បំផុត Apple បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​បន្ថែម​ Widget លើ​​ផ្ទាំង Home Screen របស់​ពួក​គេ។ Widget នេះ​ធ្លាប់​ជា​ចំណុច​មួយ​ដែល​អាច​ឲ្យ​គេ​សម្គាល់​ពី​ភាព​ខុស​គ្នា​រវាង​ប្រព័ន្ធ​ Android និង iOS ចាប់​តាំង​ពី Android ចេញ​ជំនាន់​ដំបូង​របស់​ខ្លួន​មក​ម្ល៉េះ។

២. App Library

App Library របស់ Apple គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​ App Drawer របស់ Google ដោយ​វា​ជា​កន្លែង​បង្ហាញ​នូវ​កម្មវិធី​ទាំង​អស់​ដែល​មាន​លើ​ទូរសព្ទ ទោះ​បី​ជា​កម្មវិធី​នោះ​មិន​មាន​លើ​ Home Screen ក្ដី។ Apple នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​លាក់​កម្មវិធី​ដែល​មាន​លើ Home Screen ដូច​នេះ​វា​នឹង​បង្ហាញ​មុខ​តែ​នៅ​លើ​ App Library ប៉ុណ្ណោះ។ App Library នេះ​ខុស​ពី​នៅ​លើ Android ត្រង់​ថា​ វា​នឹង​ដាក់​កម្មវិធី​ទៅ​តាម​ផ្នែក​នីមួយៗ​ដោយ​ស្វ័យប្រវត្តិ ដូច​ជា​បណ្ដាញ​សង្គម, កម្សាន្ត ឬ Apple Arcade ជា​ដើម។

៣. អាច​កំណត់​កម្មវិធី​ផ្សេង​ធ្វើ​ជា​ Default Browser និង​អ៊ីមែល​

លើ iOS 14 អ្នក​ប្រើ​ប្រាស់​នឹង​អាច​ធ្វើ​ការ​ជ្រើស​រើស​កម្មវិធី​អ៊ីមែល និង​កម្មវិធី Browser ជា​ Default ដោយ​ខ្លួន​ឯង​បាន ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​កម្មវិធី Mail និង Safari របស់ Apple។

៤. ការ​ប្ដូរ​ផ្ទាំង Siri និង​ផ្ទាំង​ហៅ​ចូល​ទូរសព្ទ

Apple បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លើ​ការ​បង្ហាញ​ Siri ពេល​ដែល​ប្រើ​ប្រាស់​វា ដោយ​វា​នឹង​បង្ហាញ​ចេញ​ជា​ Icon តូច​មួយ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អេក្រង់ មិន​​បង្ហាញ​ពេញ​មួយ​អេក្រង់​ដូច​ពី​មុន​ឡើយ។ ចំពោះ​ការ​ហៅ​ចូល​ទូរសព្ទ​ក៏​មាន​ផ្លាស់​ប្ដូរ​ឲ្យ​មាន​រូបរាង​តូច​ជាង​មុន ដែល​វា​នឹង​មិន​​បង្ហាញ​ពេញ​មួយ​អេក្រង់​ទូរសព្ទ​ដូច​មុន​នោះ​ទេ។

៥. App Clips

មុខងារ​គួរ​ចាប់​អារម្មណ៍​មួយ​ដែល​គេ​បាន​បន្ថែម​លើ iOS 14 គឺ​មុខងារ App Clips ដែល​វា​នឹង​អនុញ្ញាត​ឲ្យ​ Developer កាត់​បន្ថយ​ទំហំ​កម្មវិធី​របស់​ខ្លួន​ទៅ​ជា​កញ្ចប់​តូច​មួយ អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្រើ​ប្រាស់​មុខងារ​សំខាន់ៗ​លើ​កម្មវិធី​បាន​ដោយ​មិន​បាច់​ដំឡើង​កម្មវិធី​ទាំង​មូល​ឡើយ។ គំនិត​នេះ​ត្រូវ​បាន​ Google ប្រើ​ប្រាស់​យូរ​ឆ្នាំ​មក​ហើយ តាំង​ពី​ជំនាន់ Android P ចេញ​ឆ្នាំ ២០១៨ និង​​មុខងារ Instant Apps របស់​ Android ដែល​មាន​កាល​ពី​ឆ្នាំ ២០១៧។

៦. កម្មវិធី​បក​ប្រែ

​នៅ​លើ iOS 14 មាន​កម្មវិធី​មួយ​ដែល​ដូច​ជា​​កម្មវិធី Google Translate យ៉ាង​អ៊ីចឹង។ កម្មវិធី​បក​ប្រែ​​របស់ Apple ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បក​ប្រែ​ភាសា​សរសេរ និង​ភាសា​និយាយ​ ហើយ​វា​អាច​ភ្ជាប់​ជា​មួយ​នឹង​កម្មវិធី Safari ដើម្បី​បក​ប្រែ​ភាសា​លើ​វិបសាយ​បាន​ទៀត​ផង។ កម្មវិធី​ Translate របស់ Apple នា​ដំណាក់​កាល​ដំបូង​មាន​គាំទ្រ​ជា​មួយ ១១ភាសា​ប៉ុណ្ណោះ។

៧. មុខងារ Picture-in-Picture

វា​មិន​មែន​​ថ្មី​សម្រាប់​ Software របស់​ Apple នោះ​ទេ ប៉ុន្តែ​​មុខងារ Picture-in-Picture ​នេះ​គឺ​ថ្មី​​សម្រាប់ iPhone។ មុខងារ​នេះ​មាន​លើ Android តាំង​ពី​ជំនាន់ Android 8.0 (មាន​លើ​ iPad ក្នុង iOS 11) ហើយ​ទី​បំផុត​វា​មាន​នៅ​លើ iPhone ដែល​វា​អាច​ឲ្យ​​​អ្នក​ចាក់​វីដេអូ​នៅ​ពី​លើ​កម្មវិធី​ដទៃ​ទៀត​ដែល​អ្នក​កំពុង​ប្រើ​ប្រាស់៕​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង