ចេញហើយ! ទូរសព្ទ 5G តម្លៃធូររបស់ OnePlus ពិតជាលក់ក្រោម ៥០០ដុល្លារមែន
- 2020-07-22 01:15:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ! ទូរសព្ទ 5G តម្លៃធូររបស់ OnePlus ពិតជាលក់ក្រោម ៥០០ដុល្លារមែន
ចន្លោះមិនឃើញ
OnePlus Nord បានបង្ហាញរូបរាងជាផ្លូវការកាលពីយប់មិញនេះ ដែលជាស្មាតហ្វូនតម្លៃធូរថ្មីរបស់ក្រុមហ៊ុន OnePlus ប៉ុន្តែមានលក្ខណៈសម្បត្តិមិនចាញ់ស្មាតហ្វូនតម្លៃថ្លៃប៉ុន្មានឡើយ។
OnePlus Nord មានពាំនាំចំណុចទាក់ទាញរបស់ OnePlus 8 ដែលក្នុងនោះមានដូចជាអេក្រង់ 90Hz Fluid AMOLED និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge 30T រួមជាមួយកាមេរ៉ាមេទំហំ ៤៨MP ផងដែរ។
អេក្រង់របស់វាមានទំហំ ៦,៤៤អ៊ីញ ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 1080x2400 ភីកសែល ការពារដោយកញ្ចក់ Gorilla Glass 5។ នៅលើអេក្រង់នេះដែរក៏មានបង្កប់ទ្រនាប់ស្កេនម្រាមដៃផងដែរ។ នៅផ្នែកលើខាងឆ្វេងនៃអេក្រង់គឺមានកាមេរ៉ា Selfie ចំនួនពីរគ្រាប់ ដែលមានកាមេរ៉ាមួយទំហំ ៣២MP និងមួយទៀតមានទំហំ ៨MP ជាប្រភេទកាមេរ៉ា Ultrawide អាចថតរូបភាពទំហំ ១០៥ដឺក្រេ។
នៅផ្នែកខាងក្រោយមានកាមេរ៉ាចំនួនបួនគ្រាប់តម្រៀបគ្នាជាជួរ ដែលកាមេរ៉ាមេទំហំ ៤៨MP មាន Aperture f/1.75 និងមានមុខងារ OIS/EIS មកជាមួយ។ កាមេរ៉ានេះគឺដូចគ្នានឹងកាមេរ៉ាដែលគេប្រើលើ OnePlus 8។ ចំណុចខុសគ្នាធំមួយគឺកាមេរ៉ានេះអាចថតវីដេអូ 4K បានត្រឹម 30fps ប៉ុណ្ណោះ។ ចូលមកដល់កាមេរ៉ាបន្ទាប់ទៀតគឺជា Ultrawide ទំហំ ៨MP ដែលអាចថតរូបភាពទំហំ ១១៩ដឺក្រេ អមជាមួយកាមេរ៉ា Macro ទំហំ ២MP និងចុងក្រោយជាកាមេរ៉ាវាស់ជម្រៅទំហំ ៥MP។
ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Snapdragon 765G ដែលមានភ្ជាប់មកជាមួយនូវសេវា 5G ដែលអមជាមួយប្រព័ន្ធប្រតិបត្តិការ Android 10។ ថ្មរបស់វាមានទំហំ ៤១១៥mAh ដែលអាចសាកត្រឹម ៣០នាទី បានថ្ម ៧០%។ យ៉ាងណាក្ដីវាមិនមានអាវក្រោះការពារទឹក និងធូលីដីដូចជា OnePlus 8 នោះទេ។
OnePlus Nord នឹងដាក់លក់នៅតំបន់ពីរមុនគេគឺអាស៊ី និងអឺរ៉ុប ចាប់ពីថ្ងៃទី ៤ ខែសីហា ដែលនៅអាស៊ី (ឥណ្ឌា) មានតម្លៃចាប់ពីប្រមាណ ៣៨០ដុល្លារ និងនៅអឺរ៉ុបមានតម្លៃចាប់ពីប្រមាណ ៤៦១ដុល្លារ ជាតម្លៃសម្រាប់ប្រភេទ RAM 8GB/ROM 128GB។ ក៏មានប្រភេទ RAM 12GB/ROM 256GB ដែរ ដែលមានតម្លៃប្រមាណ ៤០២ដុល្លារ នៅឥណ្ឌា និងប្រមាណ ៥៧៦ដុល្លារ នៅអឺរ៉ុប។ គួរដឹងដែរថា Amazon នៅប្រទេសឥណ្ឌាមានលក់ផ្ដាច់មុខ OnePlus Nord មួយប្រភេទទៀតមាន RAM 6GB/ROM 64GB ដែលមានតម្លៃប្រមាណ ៣៣៥ដុល្លារ ដែលដាក់លក់នៅខែកញ្ញា៕