វត្តមាន សត្វរមាំងជិតផុតពូជ Rucervus eldii ត្រូវបានរកឃើញក្នុងប្រទេសកម្ពុជា

  • 2020-09-24 13:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

វត្តមានសត្វរមាំង ដែលជាប្រភេទសត្វ រងគ្រោះ ជិតផុតពូជ ចំនួន៤ក្បាល ត្រូវបានរកឃើញ ក្នុងដែនជម្រកសត្វព្រៃ ក្នុងប្រទេសកម្ពុជា។

អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាពសត្វរមាំង (Rucervus eldii) ចំនួនបួនក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំងស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។

គួរអោយដឹងដែរថា សត្វរមាំងទាំងនោះ មានរមាំងញីពេញវ័យចំនួនបីក្បាល និងរមាំងជំទង់មួយក្បាល ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃសំបូរ។ ក្រៅពីសត្វរមាំង ម៉ាស៊ីនថតស្វ័យប្រវិត្តក៏ផ្តិតបាននូវរូបភាពសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូចជាដើម។

យោងតាមរបាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមកំហែងដែលបានចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ បានបង្ហាញថាចំនួនសត្វរមាំងមាននៅរាយប៉ាយក្នុងសកលលោក ហើយគេបាន ប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង ៧០០ ក្បាល ហើយក្នុងនោះ ចំនួនសត្វរមាំងមាននៅសេសសល់តិចតួចប៉ុណ្ណោះ កំពុងរស់នៅក្នុងតំបន់ព្រៃការពារនានាក្នុងប្រទេសកម្ពុជា។ សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។

អត្ថបទ ៖ Art