ដំណឹងបឋម! លោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាចរំលោភយកដី

  • 2020-11-24 09:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ Galaxy Navatra លោក ព្រាប សុវត្ថិ កំពុង​ជួប​បញ្ហា​ឈឺ​ក្បាល​ទាក់ទង​នឹងរឿង​ដីធ្លី​មួយ​ករណី​ថ្មី​ទៀត​នៅ​ខេត្ត​មណ្ឌលគីរី បន្ទាប់​ពី​លោក​ទើប​ដោះស្រាយ​ចប់​ជាមួយ​ពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះ​របស់​លោក​ម្ដុំ​វត្ត​សំរោង​អណ្ដែត​ ខណ្ឌសែនសុខ ដែល​ចោទ​លោក​ថា​បាន​រំលោភ​យក​ដី​ចំណី​ផ្លូវទៅដាក់ម៉ាស៊ីនឈូសឈើ និងចតយានយន្ដ។

ដោយឡែកនៅ​ល្ងាច​ថ្ងៃទី២៤ ខែ​វិច្ឆិកា នេះ តំណាង​ប្រធាន​សមាគម​អ្នក​សិល្បៈ​កម្ពុជា​លោក ហេង ឡុង បាន​បង្ហោះ​ដំណឹង​មួយ​ថា លោក​ព្រាប សុវត្ថិ ត្រូវ​បាន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ដ​មណ្ឌល​គីរី​ឈ្មោះ ម៉ៅ ធនារក្ស ជា​បង​បង្កើត​របស់​អភិបាល​ខេត្ដ​ពោធិ៍សាត់​លោក ម៉ៅ ធនិន បាន​រំលោភ​យក​ដី​ទំហំ​១៩​ហិកតារ ស្ថិតនៅ​ភូមិ​ពូទ្រូ សង្កាត់​សែន​មនោរម្យ។

បច្ចុប្បន្ន​ម្ដាយ​របស់​លោក ព្រាប សុវត្ថិ គឺ​អ្នកស្រី ផូ សំណាង ជា​អ្នក​ឈ​ឈ្មោះ​ប្ដឹងផ្ដល់​ករណី​នេះ​ជំនួស​លោក​ព្រាប សុវត្ថិ ដោយ​អ្នកស្រី​បញ្ជាក់​ថា ដី​ទំហំ​១៩​​ ហិកតារ នេះ ​លោក​ព្រាប សុវត្ថិ បាន​ទិញ​ពី​ពលរដ្ឋ​ចំនួន​៥​ម្ចាស់ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៨។ លោកស្រី បានដាក់​ពាក្យ​បណ្ដឹង​សុំ​ដីការ​រក្សា​ការពារ​លើដីកំពុងមានជម្លោះនោះពី​តុលាការខេត្ដ​មណ្ឌលគីរី តែមិនទាន់មានការឆ្លើយតប បន្ទាប់​ពី​ក្រុម​លោក ម៉ៅ ធនារក្ស ចុះ​ទៅ​វាយ​កម្ទេច​របងដែលគាត់ខំធ្វើ។

ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាង​ណា​ពី​ភាគី​លោក ម៉ៅ ធនារក្ស Sabay មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ​គិត​មក​ដល់​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា នេះ។ ប៉ុន្ដែ​ភាគី​លោក ព្រាប សុវត្ថិ អះអាង​ថា ដី​ទំហំ​១៩​ហិកតារ​នេះ គេ​មាន​ឯកសារ​ទិញ-លក់​ទាំង​អស់ ហើយ​បាន​ទទួល​ស្គាល់​តាំង​ពី​អាជ្ញាធរ​ភូមិ រហូត​ដល់​អាជ្ញាធរស្រុក​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ