Trump ក្លាយ​ជា​ប្រធានាធិបតី​ទី១ ដែល​សភា​ជាន់​ទាប​រៀប​ចំ​ដក​តំណែង​ ២ដង​ក្នុង​មួយ​អាណត្តិ

  • 2021-01-14 12:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​ទី៤៥ អាមេរិក ដូណាល់ ត្រាំ​ ត្រូវ​បាន​សភា​ជាន់​ទាប​សហរដ្ឋអាមេរិក​ធ្វើ​ការ​បោះឆ្នោត​ដក​តំណែង​របស់​លោក​ជា​លើក​ទី២ កាល​ពី​យប់​ថ្ងៃ​ពុធ​ (ម៉ោង​នៅ​សហរដ្ឋអាមេរិក)។

លើក​ទី២​នេះ លោក​ត្រាំ​ត្រូវ​បាន​ដក​សេចក្ដី​ទុក​ចិត្ត​ជាមួយ​នឹង​សំឡេង​ឆ្នោត ២៣២ ទល់​នឹង ១៩៧ (១០សំឡេង​មក​ពី​គណបក្ស​លោក​ត្រាំ​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ដក) ក្រោម​មូលហេតុ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ចូល​លុក​លុយ​វិមាន​សភា​អាមេរិក​កំឡុង​ការ​ប្រកាស​ពី​សមាជិកភាព​ព្រឹទ្ធសភា​អាមេរិក​នៃ​រដ្ឋ​ចចចារ និង​ការ​ប្រកាស​ទទួល​ស្គាល់​ប្រធានាធិបតី​ជាប់​ឆ្នោត ចូ បៃឌិន កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០២១។

នីតិវិធី​នេះ​នឹង​ត្រូវ​រៀប​ចំ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា​អាមេរិក​ ដើម្បី​ធ្វើ​ការ​បោះឆ្នោត​មួយ​សារ​ទៀត ប៉ុន្តែ​ការ​ប្រជុំ​លើ​រឿង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​លោក​ ចូ បៃឌិន ឡើង​កាន់​តំណែង​ឯណោះ ដោយសារ​តែ​ប្រធាន​ព្រឹទ្ធសភា​​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Mitch McConnell មិន​ព្រម​ប្រជុំ​មុន​ពេល​កំណត់​ (ពេល​នេះ​ព្រឹទ្ធសភា​កំពុង​នៅ​វិស្សមកាល)។

ទោះ​បី​ជា​ត្រាំ​ចប់​អាណត្តិ​មែន ការ​ដក​តំណែង​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក​លើក​នេះ​ អាច​នឹង​ដាក់​បម្រាម​មិន​ឲ្យ​ត្រាំ​ឈរ​ឈ្មោះ​នៅ​ការិយាល័យ​សាធារណៈ​ណា​មួយ ហើយ​ព្រម​ទាំង​ដក​គោរមងារ ក៏​ដូច​ជា​ការពារ​ក្រោម​ច្បាប់​សហរដ្ឋអាមេរិក នេះ​បើ​តាម​រដ្ឋធម្មនុញ្ញ​អាមេរិកាំង។ មិន​ដែល​មាន​ប្រធានាធិបតី​ណា​មួយ​ជួប​រឿង​បែប​នេះ​ឡើយ ដោយ​ធ្លាប់​តែ​មាន​ចៅក្រម​សហព័ន្ធ​ ៣រូប​ប៉ុណ្ណោះ​ ធ្លាប់​ទទួល​បាន​បម្រាម​ដូច​ខាង​លើ។

សូមជម្រាប​ផង​ដែរ​ថា លោក​ត្រាំ​ត្រូវ​បាន​សភា​ជាន់​ទាប​អាមេរិក​រៀបចំ​ដក​តំណែង​ម្ដង​រួច​ហើយ កាល​ពី​ដើម​ឆ្នាំ​២០២០ ក្រោម​បទល្មើស "រំលោភ​អំណាច និង​រារាំង​ដំណើរ​ការ​យុត្តិធម៌" ដែល​ពាក់ព័ន្ធ​នឹង​រឿង​ពឹង​ពាក់​អ៊ុយក្រែន ឲ្យ​ស៊ើបអង្កេត​រឿង​ពុក​រលួយ​កូន​ប្រុស​របស់​លោក​ចូ បៃឌិន (កូន​លោក​បៃឌិន​មាន​ក្រុមហ៊ុន​ថាមពល​នៅ​អ៊ុយក្រែន)៕

ប្រភពTime

អត្ថបទ៖ ហ៊ីម រស្មី