រ៉ឺម៉កម៉ូតូសណ្ដោងខុសបច្ចេកទេសទាំងអស់ បើមិនប្ដូរទៅជាប្រភេទរថយន្ត២អាទេ មិនអនុញ្ញាតឲ្យចូលក្រុងទៀតឡើយ

  • 2021-11-04 04:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋបាលខណ្ឌដូនពេញតំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចុះអប់រំណែនាំដល់បងប្អូនដែលប្រើប្រាស់រុឺម៉កកែច្នៃខុសបច្ចេកទេសដែលកម្លាំង ប្រជាការពារខណ្ឌឃាត់យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាសរុបចំនួន៧២គ្រឿង យកមករក្សាទុកនៅ សាលាខណ្ឌ និង អប់រំធ្វើកិច្ចសន្យា ណែនាំម្ចាស់រុឺម៉ក អោយអនុវត្តតាមគោលការណ៍ខាងក្រោម៖

ទី១.ចំពោះម្ចាស់រុឺម៉កកែច្នៃខុសបច្ចេកទេសដែលកំពុងដឹកទំនិញជាលក្ខណៈក្រុមហ៊ុនត្រូវប្តូរពីដឹកទំនិញពីរុឺម៉កកង់បីខុសបច្ចេកទេសទៅប្រើប្រាស់ប្រភេទរថយន្ត២អាវិញ។

ទី២.ចំពោះម្ចាស់រុឺម៉កកែច្នៃខុសបច្ចេកទេសដែលលក់ដូរទំនិញផ្សេងៗដែលមានមានលទ្ធភាពប្តូរទៅប្រើប្រាស់រថយន្តទេ ត្រូវទៅលក់ដូរនៅជាយក្រុងវិញពីព្រោះនៅជាយក្រុងមានមនុស្សច្រើនងាយស្រួលធ្វើអាជីវកម្មហើយក៍មិនសូវប៉ះបាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដូចនៅកណ្តាលទីក្រុងទេ។

ទី៣. ការឃាត់រុឺម៉កបងប្អូន ពូមីងមកអប់រំណែនាំនេះមិនមានការផាកពិន័យទេ តែបើលើកក្រោយបងប្អូនធ្វើចរាចរណ៍ក្នុងមូលដ្ឋានខណ្ឌហើយប្រើប្រាស់រុឹម៉កកែច្នៃខុសបច្ចេកទេសដដែលហើយត្រូវកំលាំងប្រជាការពារឃាត់បាននោះនឹងមានការផាកពិន័យ ហើយរក្សាទុកចំនួនពីរសប្តាហ៍ដោយគ្មានការតវ៉ាអ្វីឡើយ។

ទី៤.ចំពោះរុឺម៉កកែច្នៃខុសបច្ចេកទេសទាំងអស់មិនអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាដាច់ខាត៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន