Garmin ចេញនាឡិកាវៃឆ្លាតថ្មី Venu 2 Plus និង vivomove Sport តម្លៃវិញក៏អេម!

  • 2022-01-05 04:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលធ្លាប់បានដឹង Garmin គឺជាក្រុមហ៊ុនមួយ ដែលមានជំនាញក្នុងការផលិត ផលិតផលសម្រាប់ហាត់កីឡា ក៏ដូចជានាឡិកាសម្រាប់ហាត់ប្រាណជាដើម។ យើងធ្លាប់បានឃើញអ្នកកីឡាជាច្រើន រួមទាំងអ្នកផ្សងព្រេង តែងតែប្រើប្រាស់នាឡិកាម៉ាក Garmin នេះ ព្រោះថាវាបានជួយសម្រួលច្រើនដល់ការហាត់ប្រាណ។

Garmin watch
លើកនេះ Garmin បានប្រកាសចេញជាផ្លូវការក្នុងព្រឹត្តិការណ៍ CES 2022 នូវនាឡិកាវៃឆ្លាត ពីរម៉ូឌែល Venu 2 Plus និង Vivomove Sport ឲ្យកាន់តែត្រូវក្នុងបរិបទនាឡិកាវៃឆ្លាត និងកែប្រែកំហុសដែលធ្លាប់មាន។
Venu 2 Plus

Venu 2 ដែលចេញកាលពីឆ្នាំមុននោះ ក៏ជានាឡិកាដ៏ល្អមួយដែរ ប៉ុន្តែមិនទាន់អាចប្រកួតនឹង Apple Watch Series ឬ Galaxy Watch បាននៅឡើយទេ។ មូលហេតុដែលនាំអោយ Venu 2 មិនអាចធៀបនឹងនាឡិកាឆ្លាតវៃផ្សេងនោះគឺ ដោយសារវាមិនមានភ្ជាប់មកស្រាប់ជាមួយនឹងឧបករណ៍បំពងសំឡេង និងស្រូបសំឡេង។ ដោយមើលឃើញចំណុចខ្វះខាតនេះ Venu 2 Plus ដែលទើបនឹងចេញថ្មី មានបំពាក់មកស្រាប់តែម្តង ដូច្នេះអ្នកអាចហៅទូរសព្ទ និងប្រើកម្មវិធីបញ្ជាដោយសំឡេង ដូចជា Google Assistant បាន។

Venu 2 Plus

រូបរាងខាងក្រៅរបស់វាស្រដៀងនឹង Venu 2 ដែរ ប៉ុន្តែមានមុខកាត់ត្រឹមតែ ៤៣ មីល្លីម៉ែត្រ ភ្ជាប់មកជាមួយអេក្រង់ AMOLED រាងមូល ភ្លឺច្បាស់ងាយស្រួលមើលនៅពេលថ្ងៃ។ កាន់តែពិសេស វាមានប៊ូតុងសម្រាប់ចុចទៅកាន់មុខងារបញ្ជាដោយសំឡេងតែម្តង និងអាចប្តូរវាទៅជាផ្លូវកាត់ (shortcut) សម្រាប់កម្មវិធីដែលយើងចង់បាន។

ប៊ូតុងផ្លូវកាត់ Venu 2 Plus

រីឯថាមពលថ្មវិញ នាឡិកានេះ អាចប្រើបាន ៩ថ្ងៃ សម្រាប់ការប្រើប្រាស់ជានាឡិកាវៃឆ្លាតធម្មតា ឬប្រើបានត្រឹម ២៤ម៉ោង សម្រាប់ការប្រើប្រាស់មុខងារ GPS ឬបើប្រើទាំង GPS និងស្តាប់ចម្រៀងផង គឺអាចប្រើបានត្រឹម ៨ម៉ោង ប៉ុណ្ណោះ។ សម្រាប់តម្លៃវិញ Garmin ដាក់លក់វានៅក្នុងវេបសាយផ្ទាល់ខ្លួន ក្នុងតម្លៃ ៤៥០ដុល្លារ។

Venu 2 Plus

និយាយពី Vivomove Sport វិញម្តង វាជានាឡិកាវៃឆ្លាតកូនកាត់មិនសូវទំនើប បែបនាឡិកាទ្រនិច លាយជាមួយកូនអេក្រង់តូចមួយនៅខាងក្រោយដែលអាចប៉ះបញ្ជាបាន។ អេក្រង់តូចនេះអាចបិទ ឬបើកបានទៅតាមការចង់បានរបស់អ្នកប្រើប្រាស់។

Vivomove Sport

វាមានមុខងារបង្ហាញចង្វាក់បេះដូង កម្រិតអុកស៊ីហ្សែនក្នុងឈាម មុខងារតាមដានកីឡា និងមុខងារតាមដានដំណេកជាដើម។ ដោយសារវាជានាឡិកាបែបកូនកាត់ ដូច្នេះហើយ Vivomove Sport គឺមិនមានភ្ជាប់មកជាមួយនូវ GPS មកស្រាប់នោះទេ មានន័យថា ប្រសិនបើយើងចង់តាមដានចម្ងាយនៃការហាត់ប្រាណ យើងត្រូវយកទូរសព្ទទៅតាមខ្លួនដែរ។

មិនថ្វីទេ ទោះបីបាត់មុខងារមួយនេះ ប៉ុន្តែតម្លៃរបស់វា គឺត្រឹមតែ ១៨០ ដុល្លារប៉ុណ្ណោះនៅក្នុងវេបសាយផ្ទាល់របស់ Garmin ជាមួយនឹងជម្រើសដល់ទៅ ៤ពណ៌ឯណោះ។

Vivomove Sport

ចំណុចដែលដូចគ្នារវាង Venu 2 Plus និង Vivomove Sport គឺវាអាចប្រើប្រាស់បានទាំងជាមួយ iOS និង Android មិនដូច Apple Watch ដែលផលិតឡើង សម្រាប់តែ iPhone និង Galaxy Watch 4 សម្រាប់ប្រើលើ Android ឡើយ៕

អត្ថបទ៖ Thea Sothun