ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO របស់អ្នកឧកញ៉ា គួច ម៉េងលី ត្រូវបានសម្ពោធជាផ្លូវការ

  • 2022-08-16 07:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលបច្ចុប្បន្ន តម្រូវការនៃការរៀនសូត្រ និងស្វែងយល់ពីមជ្ឈដ្ឋានសិក្សាទាន់សម័យ មជ្ឈដ្ឋាននៃការរស់នៅជាមួយវប្បធម៌ចម្រុះក្នុងបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ត្រូវបានសង្កេតឃើញថា ជាកត្តាដ៏ចាំបាច់សម្រាប់ភាពរីកចម្រើនរបស់សិស្សនុសិស្ស។ ការសិក្សានៅក្រៅប្រទេស មិនមែនគ្រាន់តែទទួលបានចំណេះដឹងប្រកបដោយប្រសិទ្ធភាពតែមួយមុខនោះទេ តែអ្វីដែលសំខាន់នោះ គឺការទទួលបានបទពិសោធនៃការរស់នៅ វប្បធម៌ ចំណេះដឹង ដែលមានភាពសម្បូរបែប។

ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO (Study Overseas Go Overseas) ដែលជាគំនិតផ្គួចផ្តើមថ្មីរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ស្ថាប័នមួយនេះត្រូវបានប្រកាសបើកសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងការអញ្ជើញចូលរួមពីសំណាក់ ៖

  • ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង

  • ទីប្រឹក្សាប្រចាំមជ្ឈមណ្ឌលប្រឹក្សាអប់រំ Education USA នៃស្ថានទូតសហរដ្ឋអាមេរិក

  • មន្រ្តីផ្នែកទីផ្សារនៃស្ថានទូតអង់គ្លេស

  • លេខាធិការរបស់ស្ថានទូតប្រចាំសាធារណរដ្ឋតួកគី

  • អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃដែលជាតំណាងផ្នែកទីផ្សារនៅកម្ពុជា និងឡាវ

  • ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងអ្នកសារព័ត៌មានជាច្រើនរូប។

នៅថ្ងៃបើកសម្ពោធ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនាញខាងវិស័យអប់រំ បានចែករំលែកពីភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលកំពុងឈានទៅរកការផ្តល់ជូននូវសេវាកម្មថ្មីៗ តាមរយៈ ស្ថាប័ន SOGO ដ៏ថ្មីសន្លាងមួយនេះ។

អ្នកឧកញ៉ា បានមានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន វាពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជំនាញដូចជា ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ភាសាបរទេស ការសម្របខ្លួន និងការដោះស្រាយ បញ្ហា។ ដូច្នេះការទៅសិក្សានៅក្រៅប្រទេសនឹងអនុញ្ញាតឱ្យសិស្សានុសិស្សទទួលបានបទពិសោធពីទីកន្លែង និងវប្បធម៌ថ្មីៗ បង្កើតមិត្តភាពមកពីជុំវិញពិភពលោក ក៏ដូចជាទទួលបានទស្សនវិស័យជាសាកល ខណៈស្ថាប័ន SOGO នៅទីនេះដើម្បីជួយណែនាំដល់សិស្សានុសិស្ស។

ជាមួយគ្នានេះដែរ អ្នកស្រី Eun Lee ដែលជានាយិការបស់ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO បានបញ្ជាក់ថា SOGO «គឺជាស្ថាប័នដែលផ្តល់នូវដំណោះស្រាយដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស និងជាកន្លែងដែលនាំមកនូវការអប់រំជាសាកលដល់មនុស្សគ្រប់គ្នា»។

បោះជំហានក្នុងឆ្នាំ២០១៩ និងការសហការជាមួយដៃគូ សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អាយស៊ីអ៊ីអេស(ICES) ក្នុងស្ថាប័ន SOGO បានចាប់ផ្តើមកម្មវិធីសិក្សាក្នុងថ្នាក់វិទ្យាល័យដោយជោគជ័យ នៅសហរដ្ឋអាមេរិក ជាមួយនឹងសិស្សត្រឹមតែ១រូបដំបូង នៅឆ្នាំ២០២០ ហើយបានរីកចម្រើនឡើងដល់សិស្ស ៤រូបទៀតនៅឆ្នាំបន្ទាប់។ ទោះជាយ៉ាងណា ដោយសារតែប្រជាប្រិយភាព និងសេវាកម្មល្អ ក្នុងខែសីហាឆ្នាំនេះ សិស្សថ្នាក់វិទ្យាល័យដែលមានបំណងចង់ទទួលបានបទពិសោធជាង ២០នាក់ផ្សេងទៀត នឹងចាកចេញពីប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន ដើម្បីធ្វើដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក។

SOGO គឺជាអ្នកណែនាំពីដំណើរកម្សាន្តសិក្សា កម្មវិធីសិក្សានៅក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស និងប្រទេសថៃ រួមជាមួយនឹងសេវាកម្មពាក់ព័ន្ធផ្សេងទៀតដូចជា ការប្រឹក្សាយោបល់ ជំនួយក្នុងការស្នើសុំទិដ្ឋាការ និងសេវាកម្មបកប្រែឯកសារជាដើម ដោយសន្យាផ្តល់ជូននូវគុណភាពលើគ្រប់ កម្មវិធី និងសេវាកម្មទាំងអស់ ដែលធានាបាននូវភាពជោគជ័យរបស់សិស្ស។

លើសពីនេះទៀត អ្នកប្រឹក្សានៅស្ថាប័ន SOGO នឹងណែនាំសិស្សលើការរៀបចំឯកសារ ដំណើរការដាក់ពាក្យ ដំណើរការស្នើរសុំទិដ្ឋាការ ការសម្ភាស និងការតម្រង់ទិសមុនពេលចេញដំណើរ ដូច្នេះផ្លូវទៅកាន់ភាពជោគជ័យរបស់ពួកគេនឹងមិនមានឧបសគ្គនោះឡើយ។ ជាមួយនឹង SOGO សិស្សានុសិស្សអាចកំណត់មុខវិជ្ជាសិក្សាបានត្រឹមត្រូវ និងជ្រើសរើសស្ថាប័នល្អៗ ដើម្បីបំពេញគោលដៅដែលចង់បានប្រកបដោយទំនុកចិត្ត។

បើសិនជាអ្នកចង់ទទួលបានការអប់រំប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ និងសិក្សាក្នុងសម័យទំនើបជឿនលឿន ដែលពោរពពេញដោយវប្បធម៌ចម្រុះ និងអាចអភិវឌ្ឍ ក៏ដូចជាបណ្តុះគំនិតបានយ៉ាងទូលំទូលាយនោះ ស្ថាប័ន ផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO នៅទីនេះដើម្បីនាំផ្លូវអ្នក។

«SOGO» មាននៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង និងការិយាល័យទី២ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពី SOGO សូមចូលទៅកាន់គេហទំព័រ https://sogocambodia.com ឬតាមដាននៅលើ Facebook: https://www.facebook.com/sogocambodia.com ឬទូរសព្ទតាមរយៈលេខ៖ ០៩៨ ៦៨៦ ៩០១ និង ០៦១ ៩២៤ ១៤១៕

អត្ថបទពេញនិយម