បញ្ហាមិនធម្មតាកើតឡើងចំពោះ IU ស្ថិតនៅពីក្រោយការសម្ដែងក្នុងការប្រគំតន្ត្រីថ្មីៗ

  • 2022-09-22 03:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IU បាន​សារភាព​ថា នាង​ជួប​បញ្ហា​ដោយសារពាក់ព័ន្ធនឹងសមត្ថភាពក្នុងការស្ដាប់ តាំង​ពីឆ្នាំមុនមកម្ល៉េះ។

កាលពីចុងសប្ដាហ៍មុន IU បាន​បង្កើតប្រវត្តិសាស្ត្រ ដោយរៀបចំការប្រគំតន្ត្រីទ្រង់ទ្រាយធំនៅពហុកីឡដ្ឋាន Jamsil ដែលជាពហុកីឡដ្ឋានដ៏ធំបង្អស់ប្រចាំប្រទេសកូរ៉េខាងត្បូងជាមួយនឹង​អ្នក​ចូលរួមទស្សនាទាំង ២ ថ្ងៃដល់ទៅ ៨៥ ០០០នាក់។ បន្ទាប់ពីការសម្ដែង​បាន​បញ្ចប់ដោយជោគជ័យ IU ក៏ឆ្លៀតយកពេលមកទម្លាយពីអារម្មណ៍ពិតថា៖ «និយាយតាមត្រង់ ការសម្ដែង​ថ្ងៃនេះ​​មាន​ការពិបាក​បន្តិចប៉ុណ្ណោះ»។

តារាស្រីកើតឆ្នាំ ១៩៩៣ រូបនេះ​បាន​បន្តថា៖ «តាមពិត​ ខ្ញុំ​មាន​បញ្ហាជាមួយនឹង​ត្រចៀក ដូច្នេះខ្ញុំត្រូវ​ត្រៀមការសម្ដែងទាំងភ័យបុកពោះ។ វាមិនមែនជារឿងធំអ្វីទេ ប៉ុន្តែស្ថានភាពនេះ គឺខ្ញុំ​មិន​អាច​បញ្ជាត្រចៀកខ្ញុំបានល្អទេ (ពិបាកស្ដាប់) ហើយបញ្ហា​ហ្នឹងកើតឡើងតាំងពីឆ្នាំមុនម្ល៉េះ»។

IU នៅ​បាន​ឲ្យ​ដឹង​ទៀតដែរថា៖ «សំណាងល្អ! បំពងករបស់ខ្ញុំ​នៅល្អ ប៉ុន្តែ​ក្រោយការសម្ដែងម្សិលមិញ ត្រចៀកខ្ញុំរាងយ៉ាប់បន្តិច ដូច្នេះ​ខ្ញុំ​គិតថា​ ខ្ញុំជួបថ្ងៃពិបាក​បន្តិច ខណៈត្រូវហាត់សមយប់មិញ និងថ្ងៃនេះ។ ខ្ញុំ​ឡើង​ជាន់ឆាក ទាំងគិតថា “ខ្ញុំ​មិនដឹងថានឹងមានរឿងអ្វីកើតឡើងទេ”។ ប៉ុន្តែពេល​ចាប់ផ្ដើម​ច្រៀងបទដំបូង អ្នកទាំងអស់គ្នា​ពិតជា​បានជួយខ្ញុំ ឲ្យបញ្ចប់ការសម្ដែងថ្ងៃនេះដោយជោគជ័យ»។

ជាក់ស្ដែង IU ក៏ធ្លាប់បានសារភាព​តាំង​ពីថ្ងៃត្រៀមរៀបចំ​ការ​សម្ដែងទ្រង់ទ្រាយធំនេះ​ដែរ ទាក់ទងនឹង​បញ្ហា​ផ្លូវចិត្ត។ តារាចម្រៀងរាងតូច បាន​និយាយថា នាង​ឧស្សាហ៍មាន​អារម្មណ៍ភ័យខ្លាច លែងឃ្លានបាយទឹក ហើយគិតរវើរវាយសឹងរាល់យប់។ ទោះជាយ៉ាងណា​ក៏ដោយ បន្ទាប់​ពីបញ្ចប់ការប្រគំតន្ត្រីនេះ នាង​អាច​ដកដង្ហើម​បាន​ស្រួលហើយ ហើយក៏រសាយអារម្មណ៍ដោយធូរ លែងមាន​ការ​បារម្ភក្នុង​ចិត្តទៀតហើយ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី