មហោស្រពភាពយន្ដជប៉ុនអនឡាញ ឆ្នាំ២០២៤ ជិត​បិទបញ្ចប់ ស្រាប់​តែ​អ្នករៀបចំបង្ហើប​ថា ឆ្នាំក្រោយៗកាន់តែពិសេស

  • 2024-06-24 03:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្ដជប៉ុនអនឡាញលើក​ទី២ ឆ្នាំ​២០២៤ បាន​ដំណើរការ​ចាក់​បញ្ចាំង​រយៈ​ពេល ១៥ថ្ងៃ​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី៥ ខែមិថុនា មក។ ក្នុងឱកាស​រីករាយ​ទស្សនាខ្សែ​ភាពយន្ដ​ខ្នាតធំ និងភាពយន្ដ​ភាគ​ល្បីៗ​សរុប ២៥ចំណង​ជើង គេ​សង្កេត​ឃើញ​មហាជន ជាពិសេស​អ្នកនិយម​ទស្សនាភាពយន្ដខ្នាតអន្ដរជាតិ បាន​ចាប់​អារម្មណ៍ និង​ចង់​ឃើញ​មហោស្រព​ភាពយន្ដ​បែប​នេះ​នៅ​កម្ពុជាសម្រាប់​ឆ្នាំ​ក្រោយៗទៀត ហើយគួរ​ដាក់​បញ្ចាំង​ក្នុង​រយៈ​ពេលយូរ។

ក្នុង​ពេល​ដែល​មហោស្រពភាពយន្ដជប៉ុន អនឡាញ ឆ្នាំ​២០២៤ ជិត​បិទបញ្ចប់​នេះ លោក ណាកា ហារ៉ឹគិ បាន​អំពាវនាវ​ដល់​អ្នក​ទស្សនា​បន្ដ​ចូល​ទស្សនា​ភាពយន្ដ​ជប៉ុន​ទាំង​រឿង​ភាគ និង​រឿង​ខ្នាត​ធំ​ ព្រោះ​វាសុទ្ធតែ​រឿងល្អៗ​មើល ហើយ​បង្ហាញ​ពី​សិល្បៈ វប្បធម៌​ជនជាតិ​ជប៉ុន​ច្រើន​ទៀត​ផង។ សម្រាប់ខ្សែភាពយន្ដខ្នាតធំ ត្រូវបានបិទបញ្ចប់ហើយ​កាល​ពី​ថ្ងៃ​ទី១៨ ខែមិថុនា ប៉ុន្ដែសម្រាប់ខ្សែភាពយន្ដភាគទូរសទស្សន៍​នៅ​បន្ដចាក់បញ្ចាំងជូនមហាជនទស្សនាដោយឥតគិត​ថ្លៃ​រហូត​ដល់​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០២៤។

ដើម្បី​ទទួល​បានចំណីអារម្មណ៍​ប្លែក​ និង​រីករាយ​ជាមួយ​ការ​ទស្សនា​ខ្សែភាពយន្ដ​ជប៉ុន​អនឡាញ​ដោយ​ឥតគិត​ថ្លៃ សូមចូល​ទៅ​កាន់ Link នេះ។

ឆ្លើយតប​នឹង​ការ​ចង់​បាន​នេះ លោក ថាណាកា ហារ៉ឹគិ នាយករង ការិយាល័យទំនាក់ទំនងប្រចាំរាជធានីភ្នំពេញ នៃមូលនិធិ​ជប៉ុន មា​ន​ប្រសាសន៍​ថា​ រយៈ​ពេល​ជិត​មួយ​ខែ​មក​នេះ លោក​សង្កេត​ឃើញ​មាន​ការគាំទ្រ និង​ចូល​ទស្សនា​ច្រើន។ សម្រាប់​មហោស្រព​លោក​ក្រោយ គឺ​លោក​មាន​គោលដៅ​ដាក់​បញ្ចាំង​សម្រាប់​ទស្សនិកជន​ទស្សនា​ដោយឥតគិត​ថ្លៃ​រយៈ​ពេល ១​ឆ្នាំ​ពេញ​តែ​ម្ដង ហើយទាំងខ្សែភាពយន្ដភាគ និង​ខ្សែភាពយន្ដ​ខ្នាត​ធំ នឹង​សម្រាំង​យក​តែ​រឿងល្បីៗ​មក​ដាក់​បញ្ចាំង​តែម្ដង។

សូមចុច Link ដើម្បីទស្សនាភាពយន្ដដោយឥតគិតថ្លៃ

គិត​ត្រឹមម៉ោង​នេះ មហោស្រព​បាន​ចាក់​បញ្ចាំង​រឿង​ខ្នាតធំ​បានចំនួន ២២ ​ចំណង​ជើងរួច​ហើយ ហើយ​ខ្សែភាពយន្ដ​ភាគទូរទស្សន៍​ចំនួន ២ចំណង​ជើងផ្សេង​ទៀត កំពុង​តែ​ដំណើរការ​ចាក់​បញ្ចាំងទស្សនាដោយឥតគិតថ្លៃ។ ក្រោយ​បិទ​បញ្ចប់​នូវ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ខ្នាត​ធំ​ទាំង​នេះ តួលេខ​អ្នក​ចូល​ទស្សនា​បាន​កើន​ឡើង​ទ្វេគុណ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​កាល​នៅ​នោះ​មាន​ជំងឺកូវីដ-១៩ នៅ​ឡើយ ពោល​គឺ​ឆ្នាំ​២០២២ មាន​ចំនួននៃការទស្សនា ៦២០ ដង ខណៈ​ឆ្នាំ២០២៤ នេះ មាន​ចំនួន​នៃការ​ទស្សនា​រហូត​ដល់ ១,០៧២ ដង។

សូមចុចLinkដើម្បីទស្សនាដោយឥតគិតថ្លៃ

ទោះ​ជា​យ៉ាង​ណា មហោស្រព​ភាពយន្ដ​ជប៉ុន​ អនឡាញ ឆ្នាំ​២០២៤ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មូលនិធិជប៉ុន បានកំណត់​ពេល​ ១ខែ​ប៉ុណ្ណោះ សម្រាប់​ការ​ដាក់​បញ្ចាំង ហើយ​ផ្ដោត​សំខាន់​លើអ្នក​គាំទ្រ​គោលដៅ​ចំនួន​ពីរ គឺ​ផលិតករ​ភាពយន្ដ និង​អ្នក​និយម​តាម​ដាន​ទស្សនាភាពយន្ដ​នៅ​ទីក្រុង។ កម្មវិធី​បន្ទាប់ មូលនិធិ​ជប៉ុន នឹងមានគម្រោងក្នុងការ​រៀបចំសិក្ខាសាលាដ៏​មាន​សារសំខាន់ចំនួន ២​ទៀត គឺសិក្ខាសាលាស្ដីពី សរសេរស្គ្រីប (script-writing workshop)​ និង ហោស្រពភាពយន្តជប៉ុនជាលើកទី ១០ (ក្នុង cinema)៕

ជិន សុភ័ក្ដ្រ