ដួលប៉ុន្មានដងក៏មិនបោះបង់ ឆន ស្រីណេត បង្វែរភាពបរាជ័យជាកម្លាំងជំរុញចិត្តឆ្ពោះទៅរកអ្វីថ្មីៗ

  • 2024-07-09 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តអ្នកនិយមតាមដានកម្មវិធីបវរកញ្ញាបានដឹងស្រាប់ហើយថា ឆន ស្រីណេត ជាស្ត្រីខ្មែរកម្ពុជាក្រោមដំបូងគេបង្អស់ក្នុងវិស័យបវរកញ្ញានៅកម្ពុជា ដោយនាងបានចូលរួមប្រកួតកម្មវិធីសម្រស់ជាហូរហែរ។ ប៉ុន្តែ ក្តីស្រមៃដ៏ធំក្នុងជីវិតរបស់ ស្រីណេត នៅពុំទាន់បានសម្រេចឡើយ នោះគឺការតំណាងប្រទេសកម្ពុជាលើវេទិកាប្រកួតអន្តរជាតិ។

រូបភាព៖ ហ្វេសប៊ុក Neth Son

ស្ងប់ស្ងាត់មួយរយៈ ស្ត្រីខ្មែរកម្ពុជាក្រោមរូបនេះស្រាប់តែធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង ពេលដឹងថា នាងជាបេក្ខភាពម្នាក់ក្នុងចំណោម Top 5 ដែលបានសម្ភាសន៍ផ្ទាល់មាត់ជាមួយគណកម្មការជំនាញ នៃកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤ (Miss Universe Cambodia 2024)។ គួរឱ្យសោកស្តាយ ស្រីណេត មិនបានជាប់ក្នុងការសម្ភាសន៍ MUC 2024 នោះឡើយ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ កាលពីចុងសប្តាហ៍ ស្រីណេត គ្មានអារម្មណ៍សោកស្តាយដែលមិនបានជាប់ជា MUC 2024 ព្រោះនាងបានបញ្ចេញអស់ពីសមត្ថភាពនៅចំពោះមុខគណកម្មការជំនាញរួចហើយ។ ផ្ទុយទៅវិញ គឺនាងសប្បាយចិត្តដែលបានជាប់ជា Top 5 និងមានឱកាសបានចូលរួមសម្ភាសន៍ផ្ទាល់មាត់ជាមួយគណកម្មការជំនាញៗ។

រូបភាព៖ ហ្វេសប៊ុក Neth Son

កញ្ញា ឆន ស្រីណេត រៀបរាប់ថា «អត់អីទេបង! យ៉ាងហោចណាស់ ណេត ទទួលបានបទពិសោធន៍ ហើយដឹងពីសមត្ថភាពថា ឥឡូវគ្រាន់ជាពីមុនដែរ។ ... ណេត ទទួលបាន skil ការនិយាយស្តី បទពិសោធន៍ ចំណេះដឹងជាងលើកមុនដែល ណេត ប្រឡងកាលឆ្នាំ២០២១»។

ទោះបីធ្លាប់បរាជ័យច្រើនដង រងទាំងសម្ពាធ និងការបាក់ទឹកចិត្តក៏ពិតមែន តែបវរកញ្ញាខ្មែរកម្ពុជាក្រោមរូបនេះមិនបោះបង់ក្តីស្រមៃនោះឡើយ តែនាងបានបង្វែរភាពបរាជ័យជាកម្លាំងជំរុញចិត្តឱ្យខ្លូនឯងសាកល្បងធ្វើនូវអ្វីថ្មីៗក្នុងវិស័យសិល្បៈ។

រូបភាព៖ ហ្វេសប៊ុក Neth Son

ស្ត្រីខ្មែរកម្ពុជាក្រោមរូបស្រស់នេះ បង្ហើបឱ្យដឹងតិចៗថា នាងប្រហែលអាចនឹងត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតក្នុងឆ្នាំណាមួយក៏ថាបាន ព្រោះឥឡូវកម្មវិធី MUC មិនមានកំណត់អាយុឡើយ ដូច្នេះវាជាភាពវិជ្ជមានសម្រាប់នាងខ្លាំងមែនទែន។

រូបភាព៖ ហ្វេសប៊ុក Neth Son

បន្ថែមពីលើនោះ នាងមានបំណងចង់ពង្រឹងការសម្តែងឱ្យបានល្អប្រសើរជាងនេះ និងចង់ចូលរួមសម្តែងរឿងប្រភេទវាយតប់ (action movie) ព្រោះជាចំនូលចិត្តផ្ទាល់ខ្លួន ដែលចង់លេងតួអង្គនារីចេះក្បាច់គុនល្បុក្កតោ។ ម៉្យាង ក៏បានចូលរួមចំណែកផ្សព្វផ្សាយពីភាពអស្ចារ្យនៃក្បាច់គុនល្បុក្កតោខ្មែរទៅកាន់ពិភពលោកផងដែរ៕

រូបភាព៖ ហ្វេសប៊ុក Neth Son

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម
អត្ថបទថ្មី