បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន សហការជាមួយធនាគារ វីង បង្កើតភាពជាដៃគូយុទ្ធសាស្ត្រកាន់តែអសា្ចរ្យ

  • 2024-09-10 13:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ជាក្រុមហ៊ុនផ្តល់សេវាសម្រាកលម្ហែកាយ និង ធនាគារ វីង បានផ្សារភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្រ ដោយផ្តល់ជូននូវអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃផ្តាច់មុខដល់អតិថិជនរបស់ធនាគារ វីង។

ធនាគារ វីង (ខេមមូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងបេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ដែលជាក្រុមហ៊ុនដែលផ្ដល់ជូននូវសេវាកម្មកម្សាន្ត និងសម្រាកលម្ហែកាយដ៏ល្បីល្បាញឈានមុខគេ បានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តមួយក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗជាច្រើនទៅដល់អតិថិជនមិនធ្លាប់មាន។

លោក Dave Richard នាយកគ្រប់គ្រងក្រុមហ៊ុន បេ អហ្វ ឡៃថ៍ បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមសហការជាមួយធនាគារ វីង ដែលជាធនាគារឌីជីថលមានការរីកលូតលាស់យ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះមិនត្រឹមតែអនុញ្ញាតឱ្យយើងខ្ញុំផ្តល់នូវគុណតម្លៃកាន់តែច្រើនដល់ភ្ញៀវ និងអ្នកដំណើរកម្សាន្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយពង្រឹងគោលជំហររបស់យើងខ្ញុំឱ្យកាន់តែរឹងមាំថែមទៀតក្នុងនាមជាក្រុមហ៊ុនកម្សាន្តឈានមុខគេផងដែរ។”

ក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ហើយត្រូវបានចាត់ទុកជាតារារះមួយនៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតនេះបានកាន់តែច្រើនថែមទៀត ក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ផ្តល់ជូននូវកន្លែងកម្សាន្ត និងសម្រាកលម្ហែកាយដ៏សម្បូរបែបទៅដល់អតិថិជន​ទាំង​ភ្ញៀវជាតិ និងអន្តរជាតិ។​

អតិថិជនអាចរីករាយនាថ្ងៃវិស្សមកាល ឬថ្ងៃឈប់សម្រាកជាមួយមនុស្សជាទីស្រឡាញ់នៅ​ បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន បន្ទាប់​ពីការ​បំពេញ​ការងារប្រចាំថ្ងៃ​ដោយ​មានការ​ផ្តល់ជូន​ពិសេសៗ​ជាច្រើន​។ អតិថិជន​នឹង​ទួលបានការបញ្ចុះតម្លៃដល់ទៅ ៣០% លើការកក់បន្ទប់ស្នាក់នៅរីហ្សត Summer Bay Beach Club & Cabins និង ១០% ចំពោះការបញ្ជាទិញ អាហារ និងភេសជ្ជៈ ភ្លាមៗតែម្តង​ ដោយគ្រាន់តែទូទាត់​ការចំណាយ​តាមរយៈកាតរបស់ធនាគារ វីង ឬតាមអេប Wing Bank ជាការស្រេច​។ពិសេសជាងនេះទៀត់អតិថិជនទាំងអស់ក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០%​​ លើប្រភេទកីឡាលើទឹក និងការប្រណាំងឡាន (Nitro Kart) ផងដែរ។ បន្ថែមពីលើនេះទៀត អតិថិជន​ក៏អាចទទួលបាននូវអត្ថប្រយោជន៍ដ៏ច្រើនមិនធ្លាប់មាន ពីការប្រើប្រាស់អេប Wing Bank សម្រាប់ការទូទាត់ ដែលនឹងអាច​បើកហឹបឈ្នះរង្វាន់ពីធនាគារ វីង​ ដែលរួមមាន​ការបញ្ចុះតម្លៃពីកម្មវិធី ដល់ទៅ ៣០% នៅកន្លែងកម្សាន្ដនានាពី ក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិនផងដែរ ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន។”

លោក ហោ ប៊ុនថែ បានបន្ថែមថា៖ “ភាពជាដៃគូនេះ មិនត្រឹមតែផ្តល់នូវភាពរីករាយ និងការសម្រាកលម្ហែកាយដ៏ប្រណិតជូនដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងឱកាសទទួលបានការសម្រាកលម្ហែកាយកាន់តែរីករាយនៅក្នុងខេត្តព្រះសីហនុផងដែរ។”

កិច្ចសហការជាយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន និងធនាគារ វីង មានការរំពឹងទុកថានឹងជំរុញកំណើនអាជីវកម្មស្ថាប័នទាំងពីរ ក៏ដូចជាលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងការកម្សាន្តនៅប្រទេសកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត៕