ធនាគារ វីង និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញជ័យលាភីធុរកិច្ចថ្មីបច្ចេកវិទ្យាពីកម្មវិធី “នវានុវត្តន៍បញ្ច្រាស” រដូវកាលទី៤
- 2024-11-29 10:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ វីង និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញជ័យលាភីធុរកិច្ចថ្មីបច្ចេកវិទ្យាពីកម្មវិធី “នវានុវត្តន៍បញ្ច្រាស” រដូវកាលទី៤
ចន្លោះមិនឃើញ
ដោយមានការឧបត្ថម្ភគាំទ្រពីធនាគារ វីង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានប្រកាសបេក្ខជនជ័យលាភីនៅក្នុងកម្មវិធី “នវានុវត្តន៍បញ្ច្រាស” រដូវកាលទី៤ ដើម្បីអបអរសាទនូវភាពច្នៃប្រឌិត និងស្មារតីភាពជាសហគ្រិនរបស់ពួកគេក្នុងការដោះស្រាយនូវបញ្ហាប្រឈមនៅក្នុងសហគមន៍។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានបិទបញ្ចប់កម្មវិធី “នវានុវត្តន៍បញ្ច្រាស” រដូវកាលទី ៤ ដោយជោគជ័យ ហើយបានរកឃើញបេក្ខជនជ័យលាភី ៥ក្រុម ចំពោះការបង្កើតបាននូវដំណោះស្រាយដ៏មានភាពច្នៃប្រឌិតរបស់ពួកគេដើម្បីដោះស្រាយបញ្ហាប្រឈមដែលរកឃើញដោយសាជីវកម្ម សមាគម ក៏ដូចជាភាគីពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានថ្លែងថា៖ “កម្មវិធី «នវានុវត្តន៍បញ្រ្ចាស» គឺពឹងផ្អែកទៅលើភាពជាដៃគូដ៏រឹងមាំរវាងតួអង្គដែលពាក់ព័ន្ធ។ ការជ្រោមជ្រែងគាំទ្ររបស់ធនាគារ វីង បានធ្វើឱ្យយើងអាចផ្តល់ ធនធានសំខាន់ៗ និង ឱកាសដល់ធុរកិច្ចថ្មី ដែលពួកគេត្រូវការ ដើម្បីជំរុញនូវនវានុវត្តន៍ និង ផលវិជ្ជមានទៅកាន់សហគមន៍។ យើងមានមោទនភាពដែលបានឃើញវឌ្ឍនភាព និង សមិទ្ធិផលក្នុងរដូវកាលនេះ ដោយអាចបង្ហាញពីការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា”។
គាំទ្រដោយធនាគារ វីង (ខេមបូឌា) ម.ក “នវានុវត្តន៍បញ្ច្រាស” រដូវកាលទី ៤ ដែលជាកម្មវិធីពន្លឿនអាជីវកម្មផ្តោតលើបចេ្ចកវិទ្យាហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗ និងគណៈគ្រប់គ្រងនៅក្នុងវិស័យនេះក្នុងការផ្តល់ជាទស្សនទានទាក់ទិននឹងចំណោទបញ្ហាដើម្បីឱ្យក្រុមធុរកិច្ចថ្មីបង្កើតនូវសេវាកម្ម ឬផលិតផលដែលអាចជួយដោះស្រាយបញ្ហាប្រឈមទាំងនោះប្រកបដោយប្រសិទ្ធភាព។
លោក ហោ ប៊ុនថែ អគ្គនាយរកធនាគារ វីង បានលើកឡើងថា៖ “សូម្បីតែក្រុមហ៊ុនធំៗមួយចំនួនក៏ចាប់ផ្តើមចេញពីអាជីវកម្មបង្កើតថ្មីដែរ។ ហើយការផ្តល់ការគាំទ្រកម្មវិធីនវានុវត្តន៍បញ្ចា្រសគឺជាមធ្យោបាយមួយដើម្បីបង្កើតអាជីវកម្មថ្មីៗកាន់តែច្រើនថែមទៀត ហើយអាចវិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនសាជីវកម្មនាពេលអនាគត ដោយប្រើប្រាស់ជំនាញរបស់ពួកគេដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសហគមន៍ និងបង្កើតឱកាសការងារបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។”
រដូវកាលថ្មីនេះ មានធុរកិច្ចថ្មីចំនួន២០ក្រុមបានចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីពន្លឿនអាជីវកម្មដ៏មមាញឹកនេះ ហើយធុរកិច្ចថ្មីចំនួន ៥ ក្រុម បានក្លាយជាម្ចាស់ជ័យលាភីដ៏លេចធ្លោ ដោយទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free investment) សរុបចំនួន ១២៨ លានរៀលក្នុង «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីដែលបេក្ខជនជ័យលាភីទាំងនោះមានដូចជា៖
• Mylekha គឺជាក្រុមធុរកិច្ចថ្មីដែលធ្វើបានល្អបំផុតពីកម្មវិធី ដែលបានទទួលពានTop Performance Award ជាមួយនឹងទឹកប្រាក់ចំនួន ៤០ លានរៀល ហើយធុរកិច្ចថ្មីនេះផ្តល់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។
• Krubkrong គឺជាក្រុមធុរកិច្ចថ្មីបន្ទាប់ ដែលទទួលបានពាន Special Mention Award ជាមួយនឹងទឹកប្រាក់ចំនួន ២៨ លានរៀល ទៅលើប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ណ្ឌនៃអាជីវកម្មខ្នាតតូចដែលមានហាងរួចជាស្រេច។
• Snaprec, Jaytech និង Quanta បានទទួលនាមជា Top finalists ជាមួយនឹងទឹកប្រាក់ចំនួន ២០ លានរៀលក្នុងមួយក្រុម ទៅលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេដែលមានដូចជា គណនេយ្យករដែលគ្រប់គ្រងដោយបញ្ញាសិប្បនិម្មិត, ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និង ថ្នាលតភ្ជាប់ហិរញ្ញវត្ថុ។
ចាប់តាំងពីឆ្នាំ ២០២១មក កម្មវិធី “នវានុវត្តន៍បញ្ច្រាស” រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានក្លាយជាកត្តាលីករដ៏សំខាន់ដែលជំរុញឱ្យមានការបង្កើតនូវដំណោះស្រាយថ្មីៗ។ ដោយទទួលបានកិច្ចសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗទៀតដូចជា៖ សហគ្រិនខ្មែរ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមធនាគារនៅកម្ពុជា កម្មវិធីនេះនៅតែបន្តផ្តល់ឱកាសទៅដល់ធុរកិច្ចបង្កើតថ្មីដើម្បីបង្កើតដំណោះស្រាយដែលផ្តល់វិជ្ជមានទៅដល់សង្គម។
បន្ថែមពីលើការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ធនាគារ វីង ក៏តែងតែចូលរួមជាគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខជនជ័យលាភីផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការជំរុញនវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងសហគមន៍ផងដែរ។ ធនាគារ វីង ដែលជាស្ថាប័នចូលរួមចំណែកក្នុងសង្គមយ៉ាងសកម្មមួយ បានបង្ហាញភាពជាដៃគូគាំទ្រដ៏សំខាន់ទៅដល់មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” ដោយផ្តល់នូវការឧបត្ថម្ភហិរញ្ញវត្ថុ ក៏ដូចជាជំនាញចាំបាច់នានាដើម្បីជំរុញវឌ្ឍនភាពប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឱ្យបានកាន់តែប្រសើរ។ កម្មវិធីទាំងនោះរួមមាន៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាសចាប់ពីរដូវកាលទី១ រហូតដល់រដូវកាលទី៤, កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល២០២១, កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលក្នុងឆ្នាំ ២០២២-២០២៣, កម្មវិធី Turning Hackathon រដូវកាលទី៦ ឆ្នាំ២០២៤ និងការឧបត្ថម្ភដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ជាដើម៕