មកដឹងថ្ងៃបើកដំណើរ! អាកាសយានដ្ឋានថ្មី តម្លៃ ១,៥ ពាន់លានដុល្ហារ ត្រៀមទទួលជើងហោះហើរ!
- 2025-05-12 09:27:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងថ្ងៃបើកដំណើរ! អាកាសយានដ្ឋានថ្មី តម្លៃ ១,៥ ពាន់លានដុល្ហារ ត្រៀមទទួលជើងហោះហើរ!
ចន្លោះមិនឃើញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ដែលជាច្រកអាកាសចម្បងរបស់ប្រទេសកម្ពុជា នឹងបិទដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលមានទីតាំងនៅខេត្តកណ្តាល។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលធ្លាប់មានឈ្មោះថា អាកាសយានដ្ឋានពោធិ៍ចិនតុង បានបម្រើការជាង៦០ឆ្នាំមកហើយ ចាប់តាំងពីការសាងសង់ក្នុងឆ្នាំ១៩៥៥។ ទីតាំងនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ចម្ងាយ១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ បានធ្វើឱ្យអាកាសយានដ្ឋាននេះក្លាយជាច្រកចេញចូលដ៏សំខាន់ នាពេលកន្លងមក។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់កម្ពុជា។ គម្រោងនេះមានតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិក ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ និងឈានដល់ការបញ្ចប់ជាង៩២% គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។ អាកាសយានដ្ឋាននេះមានផ្ទៃដី២.៦០០ហិកតា និងត្រូវបានរចនាជាអាកាសយានដ្ឋាន ប្រភេទ 4F ដែលអាចទទួលយន្តហោះធំៗដូចជា Airbus A380 និង Boeing 747។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ដំណាក់កាលទីមួយនៃអាកាសយានដ្ឋានតេជោនឹងអាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ និងមានគោលដៅពង្រីកដល់៥០លាននាក់នៅឆ្នាំ២០៥០។ “អាកាសយានដ្ឋាននេះនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ ដែលនឹងជួយជំរុញទេសចរណ៍ និងសេដ្ឋកិច្ចជាតិ,” ឯកឧត្តម បានបន្ថែម។
ជាមួយនឹងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជារំពឹងថានឹងទាក់ទាញអ្នកទេសចរអន្តរជាតិកាន់តែច្រើន និងពង្រឹងខ្លួនជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍៕