ស្ថាប័នកំពូល ២របស់កម្ពុជា គាំទ្ររាជរដ្ឋាភិបាលចំពោះករណីជម្លោះព្រំដែនថៃ ទៅតុលាការអន្ដរជាតិ

  • 2025-06-02 07:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហាតាមបន្ទាត់ព្រំដែន ជាពិសេសនៅតំបន់ក្ដៅមួយចំនួនជាមួយប្រទេសថៃ ត្រូវបាន សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បញ្ជាក់ក្រោយការប៉ះទង្គិចគ្នាដោយអាវុធបណ្ដាលឲ្យទាហានខ្មែរម្នាក់ឈ្មោះ សួន រ៉ោន ស្លាប់ថា នឹងបន្ដដោះស្រាយតាមយន្ដបច្ចេកទេសទ្វេភាគី និងច្បាប់អន្ដរជាតិ។

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នេះ ពលរដ្ឋកម្ពុជា និងអ្នកនយោបាយគ្រប់និន្នាការ ទទួលដំណឹងដ៏គួរឲ្យសាទរមួយ គឺអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដែលមានសំឡេង ១៨២ បានអនុម័តចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្ដឹងរឿងព្រំដែនជម្លោះរវាងកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ (ICJ)។

តាមគណនីហ្វេសប៊ុកផ្លូវការប្រធានព្រឹទ្ធសភា គឺសម្ដេចតេជោ ហ៊ុន សែន នៅរសៀលនេះ កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ។

ក្រោយប្រកាសសេចក្ដីសម្រេចនេះភ្លាមៗ មានអ្នកនយោបាយ អ្នកវិភាគបញ្ហាសង្គម និងពលរដ្ឋខ្មែរដែលមានឥទ្ធិពលនៅលើបណ្ដាញសង្គម បានបង្ហាញការសាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រយ៉ាងពេញទំហឹងរបស់សមាជិក នៃអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ ខែមិថុនា នេះ។

សូមជម្រាបជូនថា ការប្រឈមមុខដាក់គ្នាជាថ្មីរវាងកងទ័ពកម្ពុជា និងថៃ នៅតាមបន្ទាត់ព្រំដែន ជាពិសេសនៅតំបន់ប្រាសាទតាមន្ដធំ តាមន្ដតូច និងប្រាសាទតាក្របី ម្ដុំមុំបី បានកើតឡើងក្រោយមានការផ្ទុះអាវុធដាក់គ្នាបណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី២ ខែមិថុនា សភាពការនៅតំបន់ធ្លាប់ផ្ទុះអាវុធនេះ លែងមានស្នូរកាំភ្លើង ប៉ុន្ដែភាគីទាំងសងខាងសុទ្ធតែប្រុងជើងការ ដោយបង្កើនចំនួនកងទ័ព និងអាវុធរៀងៗខ្លួនទៅកាន់តំបន់ដែលកំពុងតានតឹងនេះ៕

ជិន សុភ័ក្ដ្រ