ឆ្មាកំសត់អាយុ២៥ឆ្នាំធ្វើដំណើរតាំងពីអូស្ត្រាលីដល់អៀរឡង់ខាងជើង
- 2015-06-20 17:09:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្មាកំសត់អាយុ២៥ឆ្នាំធ្វើដំណើរតាំងពីអូស្ត្រាលីដល់អៀរឡង់ខាងជើង
ចន្លោះមិនឃើញ
ឆ្មាមួយក្បាលឈ្មោះថា Ozzie ត្រូវបានគេប្រទះឃើញនៅតំបន់ County Armagh ប្រទេសអៀរឡង់ខាងជើងកាលពីសប្ដាហ៍មុន ហើយបន្ទាប់ពីគេយកវាទៅពិនិត្យទៅឃើញថាវាមានអាយុ២៥ឆ្នាំនិងធ្វើដំណើរតាំងពីទីក្រុង Sydney ប្រទេសអូស្ត្រាលីឆ្លងកាត់អង់គ្លេសរហូតមកដល់អៀរឡង់ខាងជើងនេះ។
កាលពីសប្ដាហ៍មុន អង្គការថែរក្សាសត្វឆ្មាមួយនៅប្រទេសអៀរឡង់ខាងជើងបានទទួលសត្វឆ្មាមួយក្បាលដែលត្រូវបានគេស្គាល់ឈ្មោះថា Ozzie ។ បុគ្គលិកនៅអង្គការនោះបានយកសត្វឆ្មាមួយក្បាលនេះទៅពិនិត្យក៏រកឃើញថាមាន microchip មួយនៅជាប់នឹងខ្លួន Ozzie តាំងពីឆ្នាំ២០០០មកម៉្លេះ។
ទិន្នន័យក្នុង microchip មួយនោះបានបញ្ជាក់ឱ្យដឹងថា សត្វឆ្មាមួយនេះបានធ្វើដំណើរតាំងពីទីក្រុង Sydney ប្រទេសអូស្ត្រាលីរហូតមកដល់អង់គ្លេសនៅឆ្នាំ ២០០៤។ នៅឆ្នាំ២០០៤នេះ Ozzie ក៏ត្រូវបានគេចាប់បានម្ដងនៅទីក្រុង London តែមិនមានម្ចាស់ណាមកទទួលយកវាឡើយ ទើបវាចាកចេញពីទីនោះ ហើយចេះតែដើរៗទៅ រហូតមកដល់ពេលនេះ។
ដូច្នេះបើគិតរយៈចម្ងាយដែលសត្វឆ្មានេះធ្វើដំណើរតាំងពីឆ្នាំ២០០០មកដល់ពេលនេះគឺ ១៧៧០២ គីឡូម៉ែត្រមកហើយ (ទិន្នន័យគិតពីអូស្ត្រាលីទៅដល់អៀរឡង់ខាងជើងកន្លែងរកឃើញសត្វឆ្មានេះ) ។
អង្គការថែរក្សាសត្វឆ្មាខាងលើក៏បានបញ្ជាក់ដែរថា តាមការស្រាវជ្រាវទៅ Ozzie កើតនៅឆ្នាំ១៩៨៩ ដែលពេលនេះវាមានអាយុ២៥ឆ្នាំហើយ លើសអាយុសត្វឆ្មាធម្មតារហូតដល់ទៅ១០ឆ្នាំឯណោះ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail